អតិផរណានៅប្រទេសអាស៊ី

ហេតុអ្វី IMF ជំរុញឱ្យធនាគារកណ្តាលក្នុងតំបន់អាស៊ីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត?


មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលាថា ធនាគារកណ្តាលអាស៊ីភាគច្រើនត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ស្របពេលដែលការកើនឡើងតម្លៃទំនិញ និងការធ្លាក់ថ្លៃនៃរូបិយបណ្ណរបស់ពួកគេ ដែលត្រូវបានជំរុញដោយការដំឡើងអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់នោះ កំពុងធ្វើឱ្យអត្រាអតិផរណានៅប្រទេសអាស៊ីទាំងនេះកើនលើសពីអត្រាគោលដៅរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
IMF ជំរុញធនាគារកណ្តាលតំបន់អាស៊ីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ!

លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន(Krishna Srinivasan) ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិករបស់ IMF បាននិយាយថា រូបិយបណ្ណក្នុងតំបន់អាស៊ីជាច្រើនបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយសារការរឹតបន្តឹងរូបិយវត្ថុ​របស់​សហរដ្ឋអាមេរិក ដែលបាននាំឱ្យមានគម្លាតខុសគ្នាខ្លាំងនៃអត្រាប្តូរប្រាក់របស់ពួកគេធៀបនឹងប្រាក់ដុល្លារអាមេរិក និងឈានទៅធ្វើឱ្យថ្លៃដើមក្នុងការនាំចូលសម្រាប់ប្រទេស​ទាំងនោះកើនឡើង​ផងដែរ។ ជាមួយគ្នានេះ អតិផរណា បានកើនខ្ពស់ក្នុងប្រទេសក្នុងតំបន់ទាំងនេះ លើសពីកំរិត ដែលគេបានកំណត់ទុកដៅទៅទៀត លើកលែងតែចិន និងជប៉ុនប៉ុណ្ណោះ។

អ្នកជំនាញរូបនេះបានកត់សម្គាល់ទៀតថា ស្របពេលដែល IMF រំពឹងថាអតិផរណា​​នឹងឡើងដល់កំរិតខ្ពស់បំផុត​នៅដាច់ឆ្នាំ២០២២នេះក្ដី ប៉ុន្ដែ កំណើនអតិផរណាកើនឡើងពីមួយខែទៅមួយខែ បានរុញច្រើនឱ្យបន្ទាត់ក្រហម​នៃអតិផរណា ចូលមកដល់មុនការរំពឹងទុក ជាពិសេសប្រសិនបើអត្រាការប្រាក់គោលនៅទូទាំងសកល​កើនឡើងកាន់តែខ្លាំង។ ប្រការនះគឺទាមទារឱ្យមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ​ឱ្យបាន​លឿនជាងមុន និងខ្លាំងជាងមុន ក្នុងប្រទេសនៅតំបន់អាស៊ី។​

លោក ស្រ៊ីនីវ៉ាសាន បន្តថា ការបន្តធ្លាក់ថ្លៃរូបិយបណ្ណ និងការកើនឡើងនៃអត្រាការប្រាក់ក៏អាចបង្កឱ្យមានភាពតានតឹង​ផ្នែកហិរញ្ញវត្ថុ​នៅក្នុងបណ្តាប្រទេសអាស៊ី ដែលមានបំណុលខ្ពស់ផងដែរ។ ជាក់ស្តែងនៅដើមសប្តាហ៍នេះ ប្រាក់បាតរបស់ថៃ បានធ្លាក់ថ្លៃ​ដល់កំរិតទាប​បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ​ពោលគឺជិត​៣៨បាត ទើបប្តូរបាន១ដុល្លារអាមេរិក ខណៈប្រាក់យ៉េនជប៉ុនធ្លាក់ដល់ជាង​១៤៧យ៉េន ជាអត្រាទាបបំផុតមិនធ្លាប់មានក្នុងជាង៣ទសវត្សរ៍ចុងក្រោយ។

ក្រៅពីនេះ IMF មើលឃើញថា បច្ចុប្បន្នតំបន់អាស៊ី ជាតំបន់ដែលមាន​ប្រទេស​ជាប់ជំពាក់បំណុលធំជាងគេលើពិភពលោក ហើយប្រទេសមួយចំនួនមានហានិភ័យខ្ពស់​នៃការធ្លាក់ចូល​ក្នុងវិបត្តិបំណុល។ ជាក់ស្តែង កំរិតបំណុលក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន៣១ ក្នុងនោះក៏មានដែរប្រទេសក្នុងតំបន់អាស៊ី បានកើនឡើងដល់ ២៥០%នៃ GDP របស់ប្រទេសទាំង ៣១សរុបចូលគ្នាទៅហើយ។

សូមជម្រាបថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទើបបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២៣ ពី២,៩%មកនៅត្រឹម២,៧%។ IMF ព្រមានថាប្រសិនបើអតិផរណារបស់សហរដ្ឋអាមេរិកបង្ហាញពីភាពមិនថមថយ ហើយធនាគារកណ្តាលនៅតែរក្សាគោលនយោបាយរូបិយវត្ថុដដែល មិនព្រមផ្លាស់ប្តូរសម្រាប់រយៈពេលទៅមុខទៀត នោះបន្ទុកបំណុលសម្រាប់ប្រទេសកំពុងរីកចម្រើនអាចកើនឡើងកាន់តែធ្ងន់ធ្ងរ។ នេះគេនៅមិនទាន់គិតពីប្រទេសក្រីក្រ មានប្រាក់ចំណូលទាប ហើយមានសមត្ថភាពតិចតួចក្នុងការសងបំណុលរបស់ពួកគេផង៕




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង នឹងបើកសមាជបក្សកុម្មុយនិស្តចិននៅចុងសប្ដាហ៍នេះ ចំពេលដែលប្រទេសកំពុងជួបបញ្ហាចាក់ស្រេះជាច្រើន

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងឡើងបង្ហាញខ្លួននៅថ្ងៃអាទិត្យ ទី ១៦ តុលា ដើម្បីចាប់ផ្តើមបើកកិច្ចប្រជុំសមាជបក្សកុម្មុយនិស្តចិន ដែលជាបក្សកា…

ក្រុមប្រទេស G-20 ព្រមព្រៀងគ្នាក្នុងការបញ្ចៀសផលប៉ះពាល់នៃវិធានការរឹតបន្តឹងរូបិយវត្ថុ

ព័ត៌មាន
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនចំនួន ២០ ហៅថាក្រុមជី២០នោះបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចៀសផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ