G7 និងអូស្ត្រាលី

G7 និងអូស្ត្រាលី រួមគ្នាកំណត់តម្លៃប្រេងរុស្ស៊ី ខណៈតម្លៃជាក់លាក់គ្រោងដាក់ចេញក្នុងខែវិច្ឆិកា


ប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ ឬហៅកាត់ថា G7 អូសទាញបានអូស្រ្តាលីមួយទៀត ដើម្បីចូលរួមជាមួយប្លុកនេះ ក្នុងការកំណត់តម្លៃថេរមួយសម្រាប់ប្រេងឥន្ធនៈរបស់រុស្ស៊ី ហើយការកំណត់តម្លៃជាក់លាក់នឹងដាក់ចេញយ៉ាងយូរត្រឹមខែវិច្ឆិកានេះ។ នេះបើតាមប្រភពដែលស្និទនឹងបញ្ហាខាងលើប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
G7កំណត់តម្លៃប្រេងរុស្ស៊ីជាក់លាក់ក្នុងខែវិច្ឆិកានេះ!

សេចក្ដីរាយការណ៍នេះធ្វើឡើងស្របពេលដែល មន្ត្រីសហរដ្ឋអាមេរិក និងបណ្តាប្រទេស G7 បានធ្វើការពិភាក្សាចរចារគ្នាយ៉ាងតឹងសសៃក​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញផែនការដាក់​កម្រិតតម្លៃលើការដឹកជញ្ជូន​ប្រេង​តាមសមុទ្រ និងឈានទៅកំណត់​តម្លៃប្រេងរុស្ស៊ីតែម្តង ដែលគ្រោង​នឹងចូលជាធរមាន​នៅថ្ងៃទី៥ខែធ្នូ ប៉ុន្តែមិនទាន់ពិភាក្សា​រកឃើញ​តម្លៃស្តង់ដារមួយជាក់លាក់នៅឡើយទេនាពេលនេះ។

ការព្យាយាមប្រជុំ​ពិភាក្សាគ្នាអស់ពេលជាយូរមកហើយនេះ គឺដើម្បីធានាបានថាទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ពិតជានឹងដាក់សម្ពាធលើធនធានរបស់ទីក្រុងម៉ូស្គូ សម្រាប់យកមកធ្វើសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងធានាបានផងដែរថា វាមិនធ្វើឱ្យទីផ្សារ​ប្រេង​ពិភពលោកធ្លាក់ចុះទេ។

ប្រទេសសម្ព័ន្ធមិត្ត​បានយល់ព្រមថា តម្លៃដែល​កំណត់​នៅពេល​ខាងមុខ​នឹងជាតម្លៃថេរ ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញ​ឱ្យបាន​ទៀងទាត់។ ទោះយ៉ាងណា តម្លៃថេរមិនទាន់ត្រូវបានកំណត់ថា មានប៉ុន្មាននៅឡើយទេ តែបើតាមប្រភពជិតស្និទ​ជាច្រើនទៀត អះអាងប្រាប់រ៉យទ័រ​ស្រដៀងៗគ្នាថា គួរតែត្រូវគេកំណត់នៅប៉ុន្មានសប្តាហ៍​ខាងមុខនេះ​ហើយ។

បើតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណ​ម្នាក់ឱ្យ​ដឹងទៀតថា​ សម្ព័ន្ធមិត្តទាំងអស់​កំពុងមានការព្រួយបារម្ភ ករណីដែលតម្លៃកំណត់មានទាបជាងតម្លៃស្តង់ដារអន្តរជាតិ​នៃទីផ្សារប្រេងអង់គ្លេស Brent អាចធ្វើឱ្យប្រធានាធិបតីរុស្ស៊ី​លោកពូទីន វាយប្រហារមកវិញដោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងមកតិចជាងមុន ដែលនឹងធ្វើឱ្យរង្គោះរង្គើដល់តម្លៃ។ ក៏ប៉ុន្តែគេក៏មិនអាចឱ្យតម្លៃខ្ពស់ពេកដែរ ព្រោះ ធ្វើដូចនេះរុស្ស៊ី​នឹងបន្តរកបានប្រាក់ច្រើន នៅតែអាចរកផលប្រយោជន៍ពីការលក់ប្រេងទៅផ្គត់ផ្គង់សង្គ្រាមនៅអ៊ុយក្រែនដដែល។ ហេតុនេះគឺទាមទារឱ្យមានការជជែកគ្នាច្រើន រវាងសម្ព័ន្ធមិត្ត។

គួរជម្រាបថាបើតាមគម្រោង ការកំណត់តម្លៃប្រេងឆៅរុស្ស៊ីនឹងចាប់ចូលជាធរមានពីថ្ងៃទី០៥ខែធ្នូ ខណៈផលិតផលផ្សេងទៀតដែលចម្រាញ់ពីប្រេងឆៅ នឹងចូលជាធរមានពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៣។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោកស្រី ចាណេត យេលិន និងមន្ត្រី G7 ផ្សេងទៀតបានបង្ហាញជំនឿចិត្តថាវិធានការ​នេះនឹងដាក់សម្ពាធលើចំណូលរបស់ប្រទេសរុស្ស៊ី​ តែមិនប៉ះពាល់ការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ឡើង។ ប៉ុន្តែរុស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​​មិន​ដឹក​ជញ្ជូន​ប្រេង​ទៅ​ប្រទេស​ណា ដែល​អនុវត្តយន្តការកំណត់​តម្លៃប្រេងរបស់ខ្លួនឡើយ៕




អត្ថបទបន្ទាប់


ក្រោយទិញTwitter លោក Elon Musk ប្រកាសកាត់បន្ថយបុគ្គលិក និងការចំណាយនានារហូតដល់តម្លៃ ១ពាន់លានដុល្លារ

ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk នឹងជូនដំណឹងទៅបុគ្គលិកផ្ទាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថាតើពួកគេនឹងត្រូវបន្ត ឬបញ្ឈប់ពី…

EU ថា ពិភពលោកត្រូវតែឈរជាមួយអ៊ុយក្រែន ខណៈដែលពេលវេលាដ៏លំបាកកាន់តែខិតចូលមកដល់

មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ថា សម្ព័ន្ធមិត្តអន្តរជាតិទាំងអស់ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ