នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងពីរនៅប្រទេសអ៊ីតាលី ក្រុមប្រទេស G7 បានព្រមព្រៀងគ្នាលើសំណើរបស់សហរដ្ឋអាម៉េរិក ដែលគាំទ្រឱ្យផ្ដល់ប្រាក់កម្ចី៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយដាក់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីធ្វើជាវត្ថុបញ្ចាំជំនួសឱ្យការប្រើមូលនិធិផ្ទាល់របស់អ៊ុយក្រែន។
បើតាមអ្នកការទូតមួយចំនួនបានឱ្យដឹងថា តាមពិតក្រុមមេដឹកនាំទាំងនេះបានត្រូវរ៉ូវគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះតាំងពីមុនពេលដែលក្រុមមេដឹកនាំទាំងនេះបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G7 រយៈពេល៣ថ្ងៃនេះនៅប្រទេសអ៊ីតាលី មកម្ល៉េះ។
គោលបំណងដែលជំរុញឱ្យ G7 ធ្វើដូច្នេះ គឺដើម្បីប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ី ដែលជាប់គាំងប្រហែល២៦០ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានកាន់កាប់ដោយសហភាពអឺរ៉ុបនោះ ដើម្បីយកទៅជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ុយក្រែន ដែលរងការវាយប្រហារពីរុស្ស៊ីឡើងវិញ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីចំនួន២ ជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ផងដែរដោយកិច្ចព្រមព្រៀងនីមួយៗមានរយៈពេល១០ឆ្នាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំ G7 ដែលប្រទេសអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១៣-១៥ ខែមិថុនា មានការចូលរួមពីក្រុមប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ព្រមទាំងមានការចូលរួមពីភ្ញៀវមួយចំនួនទៀតរួមទាំងមេដឹកនាំរបស់ប្រទេសអ៊ុយក្រែន ផងដែរ៕