យ៉ាងណាក៏ដោយ ការថមថយចុះនេះ គឺដោយសារតែមានបញ្ហាជាច្រើនកំពុងកើតមានឡើងនៅជុំវិញសកលលោក ដែលបានទាញទម្លាក់តម្លៃទីផ្សារប្រេងឆៅនៅលើសកលលោក ឲ្យបន្តធ្លាក់ចុះឥតស្រាកស្រាន្ត។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តម ស៊ាង ថៃ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ឲ្យដឹងថា តម្លៃសាំងនៅកម្ពុជាមានការធ្លាក់ចុះ ពីព្រោះតម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារសកលលោកកំពុងធ្លាក់ចុះ ដោយសារតែបញ្ហាជាច្រើន ដូចជា តម្រូវការប្រើប្រាស់ប្រេងថយចុះ ដោយសារតែការរាតត្បាតនៃមេរោគកូវីដ១៩ ខណៈប្រទេសផលិតប្រេងមួយចំនួនមិនបានកំណត់លើផលិតកម្មប្រេងទៀតឡើយ ដែលធ្វើឲ្យមានការផ្គត់ផ្គង់លើសពីតម្រូវការ។
ដោយឡែក សម្រាប់តម្លៃសាំងធម្មតានៅលើទីផ្សារកម្ពុជា គិតចាប់ពីថ្ងៃទី១៦ មីនា ដល់ដំណាច់ខែមីនានេះ ត្រូវលក់ក្នុងតម្លៃ ៣០៥០រៀល ក្នុងមួយលីត្រ ដែលថយចុះ ៤០០រៀល ធៀបនឹងតម្លៃលក់ កាលពីដើមខែមីនា រីឯតម្លៃម៉ាស៊ូតថយចុះ ៣៥០រៀល មកនៅត្រឹម ២៨០០រៀលក្នុងមួយលីត្រ។
បើយើងក្រឡេកទៅលើតម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក គឺកំពុងតែបន្តធ្លាក់ចុះខ្លាំង ដោយសារតែកត្តាជាច្រើន រួមមាន ប្រទេសកំពូលផលិតប្រេងយក្សៗ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសអេមីរ៉ាត អារ៉ាប់រួម ជាមួយនិងប្រទេសរុស្ស៊ី ប្រកាសសង្គ្រាមលើការផ្គត់ផ្គង់ប្រេង និងការថមថយចុះនូវតម្រូវការប្រើប្រាស់ប្រេងទូទាំងសកលលោក ដោយសារតែមេរោគកូវីដ ១៩។
សម្រាប់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានបន្តធ្លាក់ចុះ ដូចជា ទីផ្សារ Brent របស់អង់គ្លេស ថយចុះប្រមាណ ១១% មកនៅត្រឹម ៣០ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate ថមថយប្រមាណ ៩% មកនៅត្រឹម ២៨ដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ។
អ្នកជំនាញនៅក្នុងវិស័យថាមពលមកពីអឺរ៉ុប បានអះអាងថា ដោយសារតែមេរោគកូវីដ១៩ ប្រទេសកាន់តែច្រើនបានផ្អាកសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្រេចបិទព្រំដែន និងផ្អាកជើងហោះហើរ ជាហេតុធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងកាន់តែចុះទាប ផលប៉ះពាល់កាន់តែរីកធំ ហើយប្រទេសផលិតប្រេងធំៗ បែរជាជំរុញផលិតកម្មប្រេងទៅវិញ។
គួរជម្រាបដែរថា តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក បានថយចុះខ្លាំងពីរង្វង់ ៦០ដុល្លារក្នុងមួយបារ៉ែល នៅដើមខែមករា ឆ្នាំ២០២០នេះ មកនៅត្រឹមប្រមាណ ៣០ដុល្លារក្នុងមួយបារ៉ែល ក្នុងខែមីនានេះ ដោយសារតែរងផលប៉ះពាល់ខ្លាំងក្នុងពេលតែមួយ ទាំងផ្នែកផ្គត់ផ្គង់ក៏លើស និងតម្រូវការប្រើប្រាស់ប្រេងក៏ថយចុះ៕