សង្រ្គាមនៅមជ្ឈិមបូព៌ា

ឃ្លាំងស្បៀងរបស់ UN ត្រូវប្រជាជននៅហ្កាហ្សារាប់ពាន់នាក់សម្រុកចូលលួច


មនុស្សរាប់ពាន់នាក់នៅហ្កាហ្សា បានសម្រុកចូលក្នុងឃ្លាំងផ្ទុកជំនួយមនុស្សធម៌ដ៏ធំមួយរបស់អង្គការសហប្រជាជាតិ ដើម្បីយករបស់របរដែលពួកគេត្រូវការ។ សកម្មភាពអណាធិបតេយ្យនេះ ត្រូវបានអង្គការសហប្រជាជាតិហៅថា គឺជាសញ្ញាគួរឱ្យព្រួយបារម្ភនៃការចាប់ផ្តើមបែកបាក់សណ្តាប់ធ្នាប់ស៊ីវិល ខណៈអ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែក និងវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ហើយប្រតិបត្តិការសឹកតាមជើងគោកក៏បានចាប់ផ្តើមដូចគ្នា។
សង្រ្គាមនៅមជ្ឈិមបូព៌ា
ដោយ

យោងតាមទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ប៉ាឡេស្ទីន (Unrwa) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឃ្លាំងផ្ទុកស្បៀងរួមមានម្សៅ និងសាប៊ូ ត្រូវបានលួច និងខូចខាត។ យោងតាមទីភ្នាក់ងារនេះ ឃ្លាំងជំនួយធំបំផុតទីពីររបស់ខ្លួន ដែលមានទីតាំងនៅភាគកណ្តាលតំបន់ Gaza ត្រូវបានប្រជាជនសម្រុកចូលលួចកាលពីថ្ងៃសៅរ៍ ខណៈឃ្លាំងនេះ គឺកាន់កាប់ភាគច្រើន នៃជំនួយមនុស្សធម៌ដែលផ្តល់ដោយអង្គការសហប្រជាជាតិ ចាប់តាំងពីដើមដំបូងនៃការផ្ទុះសង្គ្រាម។

បើតាមវីដេអូ និងរូបភាពដែលគេថតបាន មនុស្សបាននាំគ្នាប្រមូលយកម្សៅ ស្រូវសាលី និងឧបករណ៍អនាម័យរួមទាំងរបស់របរប្រើប្រាស់ផ្សេងៗទៀត។ ក្រៅពីនេះ កន្លែងស្តុកជំនួយជាច្រើនផ្សេងទៀតនៅកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក៏ត្រូវបានពលរដ្ឋនៅតំបន់នោះចូលលួចដូចគ្នាដែរ។

បើតាមអ្នកនាំពាក្យជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោកស្រី Abeer Etefa បានប្រាប់កាសែត BBC ថា ការឆ្មក់ចូលលួចស្បៀង និងរបស់របរប្រើប្រាស់ក្នុងឃ្លាំងទាំងនោះ គឺដោយសារតែប្រជាជននៅតំបន់ហ្កាហ្សា អស់សង្ឃឹម និងកំពុងប្រឈមនឹងភាពអត់ឃ្លានមែនទែនហើយ។

ជាមួយគ្នានោះ អ្នកដែលលួចពីឃ្លាំងជំនួយខ្លះបានប្រាប់ទីភ្នាក់ងារបារាំង AFPថា ពួកគេធ្វើនេះដោយបង្ខំចិត្ត ព្រោះពួកគេគ្មានម្សៅ គ្មានជំនួយ គ្មានទឹក សូម្បីតែបង្គន់អនាម័យក៏លែងមានដែរ។ បើតាមអ្នករស់នៅហ្កាហ្សាខ្លះទៀតឱ្យដឹងថា មានជំនួយតិចតួចបំផុត រួមទាំងប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យដឹកចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមក។ ខណៈអ៊ីស្រាអែល ដាក់ការសង្ស័យថា ជំនួយមនុស្សធម៌ទាំងនោះត្រូវបានយកទៅប្រើប្រាស់ដោយក្រុមហាម៉ាស​។

យ៉ាងណមិញ អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងហ្កាហ្សានៅប៉ុន្មានថ្ងៃខាងមុខនេះតាមរយៈច្រកព្រំដែនជាមួយអេហ្ស៊ីប។

ស្របពេលជាមួយគ្នានេះ ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក ខារីម ខាន់ (Karim Khan) ទៅមើលច្រកព្រំដែនរ៉ាហ្វា( Rafah) រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា និងបាននិយាយថា តុលាការ ICC កំពុងស៊ើបអង្កេតយ៉ាងសកម្មទៅលើការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ក៏ដូចជាស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងនៅ West Bank។ លោក ខារីម ក៏បានព្រមានផងដែរថា ការទប់ស្កាត់ការផ្តល់ជំនួយមនុស្សធម៌ណាមួយចូលទៅកាន់តំបន់នេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។

នៅសហរដ្ឋអាម៉េរិក ឯណោះវិញ ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ ក្នុងជំនួបតាមទូរសព្ទមួយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន តែគួរតែធ្វើដោយអនុលោមស្របតាមច្បាប់អន្តរជាតិ ស្តីពីការការពារជនស៊ីវិល។

សេតវិមានក៏បានឱ្យដឹងដែរថា លោក បៃដិន បានអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ជាបន្ទាន់បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា។ គិតមកទល់នឹងពេលនេះ យោងតាមអាជ្ញាធរប៉ាឡេស្ទីននៅហ្កាហ្សា មានមនុស្សជាង៨ពាន់នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសបីសប្តាហ៍មកនេះរបស់អ៊ីស្រាអែល៕

None



អត្ថបទបន្ទាប់


មេធំ WTO ព្រមានពីការបែកខ្ញែកសេដ្ឋកិច្ចរបស់ពិភពលោក និងស្នើឱ្យរក្សាលំហួរពាណិជ្ជកម្មសេរី

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី ណូស៊ី អូកុនជោ អ៊ីស្វីឡា ( Ngozi Okonjo-Iweala) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែ…

G7 ស្នើឱ្យចិននិងរុស្ស៊ី លុបចោលជាបន្ទាន់នូវបម្រាមហាមឃាត់លើការនាំចូលអាហារសមុទ្ររបស់ជប៉ុន

ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧របស់ពិភពលោក (G7) អំពាវនាវឱ្យមានការលុបចោលជាបន្ទាន់លើបម្រាមហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ