ក្រុមមនុស្ស Gen Z

ក្រុមមនុស្សជំនាន់ Gen Z កំពុងអង្រួនពិភពលោក ដែលទាមទារឱ្យប្រទេសនីមួយៗវិនិច្ឆ័យរោគដែលឆ្លងដល់ពួកគេឱ្យឃើញ


ចេញពីប្រទេសមួយទៅប្រទេសមួយ ក្រុមមនុស្សដែលស្ថិតក្នុងជំនាន់ Gen Z ពោលគឺចន្លោះពីអាយុ១៣ឆ្នាំដល់២៨ឆ្នាំ កំពុងតែពុល និងវក់វីជាមួយចលនាប្រឆំាង។ ចលនាតវ៉ារបស់ក្រុមមនុស្សជំនាន់ Gen Z បានរីករាលដាលចេញពីប្រទេសមួយទៅប្រទេសមួយ ដោយដំបូងកើនឡើងនៅនេប៉ាល់ ឥណ្ឌូនេស៊ី ហ្វីលីពីន វាបានរីករាលដាល់ដល់ប្រទេសម៉ារ៉ុក ម៉ាដាហ្គាស្កា ប៉េរូ ហើយអាចនឹងដល់ប្រទេសផ្សេងៗទៀត ខណៈដើមចមសំខាន់ដែលជំរុញឱ្យកើតមានចលនានេះ គឺបញ្ហាវិសមភាពសង្គម អំពើពុករលួយ បក្សពួកនិយម ភាពទន់ខ្សោយនៃវិស័យអប់រំ កង្វះការងារ ក៏ដូចជាវិស័យសុខភាពសាធារណៈ និងភាពក្រីក្រជាដើម។
ក្រុមមនុស្ស Gen Z
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗជាច្រើន ការតវ៉ាដែលបង្កឡើងដោយក្រុមមនុស្ស Gen Z បានកើតមាននៅប្រទេសជាច្រើន ដោយវិវត្តន៍ចេញពីអាស៊ី ហើយកំពុងអុកឡុងនៅតំបន់អាហ្វ្រិក។ នៅដើមខែតុលា នេះ វាបានផ្ទុះដល់ប្រទេសម៉ាដាហ្គាស្កា ដែលជាប្រទេសកោះមួយនៅកណ្តាលមហាសមុទ្រឥណ្ឌា ដោយសារតែក្រុម Gen Z មិនពេញចិត្តនឹងរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ទឹក និងអគ្គីសនី ជាហេតុបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់២២នាក់ និងរបួសជាង១០០នាក់។ នៅម៉ារ៉ុក ឯណោះ ក៏មិនធម្មតា ដោយក្រុម Gen Z ផ្ទុះការតវ៉ាទាមទារឲ្យមានការកែលម្អប្រព័ន្ធសុខភាពសាធារណៈ និងការអប់រំ។ ដោយឡែកចលនា Gen Z នៅប៉េរូ បានផ្ទុះឡើងដោយសារប្រព័ន្ធសោធននិវត្តន៍របស់ប្រទេស។

ចលនា និងការរីករាលដាលនៃការតវ៉ារបស់ក្រុមមនុស្ស Gen Z នេះ បានកើតឡើងជាបន្តបន្ទាប់ ក្រោយវាបានផ្ទុះនៅនេប៉ាល់ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ចលនានេះមិនទើបនឹងកើតឡើងនោះទេ ពោលគឺវាបានកើតឡើងនៅស្រីលង្កាកាលពីឆ្នាំ២០២២ និងនៅបង់ក្លាដេសកាលពីឆ្នាំ២០២៤។

កុំលេងសើចនឹងកម្លាំងចិត្ត និងការប្រមូលផ្តុំនៃក្រុមមនុស្ស Gen Z នេះ។ ក្រុមកម្លាំងមនុស្សក្នុងជំនាន់ Gen Z គឺជាកម្លាំងយុវជនដែលគេដឹងថា កើតនៅចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២។ ក្រុមនេះនៅលើពិភពលោកត្រូវបានគេដឹងថា គឺមានប្រមាណ២ពាន់លាននាក់ ពោលគឺប្រមាណជា២៥% នៃប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូល ហើយកម្លាំង និងសមាសភាពពួកគេប្រែប្រួលទៅតាមកត្តាប្រជាសាស្រ្តរបស់ប្រជាជាតិនីមួយៗ។

តាមលក្ខណៈជីវសាស្រ្តក្រុមនេះជាយុវវ័យមានឈាមរាវ ហើយទឹកចិត្តក្លៀវក្លា ហើយបើគ្រប់គ្រងពួកគេមិនជាប់ និងយកចិត្តមិនត្រូវនោះនឹងមានការលំបាកក្នុងការទស្សន៍ទាយពីស្ថានការណ៍ដែលអាចកើតឡើង។ សម្រាប់មនុស្សនៅក្នុងវ័យនេះពិបាកគ្រប់គ្រងបំផុត ហើយទឹកចិត្តពួកគេឆេវឆាវ ដូចមានសុភាសិតខ្មែរពោលថា ក្រុមមនុស្សដែលមានវ័យក្រោម៣០ឆ្នាំប្រៀបបាននឹងក្របីឡើងក។ ប៉ុន្តែប្រសិនបើពួកគេចូលវ័យ៣០ឡើង ចិត្តក៏ធ្ងន់ ហេតុផលក៏មាន ហើយសមត្ថភាព និងការថ្លឹងថ្លែងក៏ខ្ពស់។

នៅកម្ពុជានាពេលបច្ចុប្បន្ននេះស្ថានភាពប្រជាសាស្រ្តនៅក្នុងជំនាន់ Gen Z ក៏មានច្រើនគួរសមដែរ ដោយស្ថិតិខ្លះថាមានដល់ទៅ៦០% ប៉ុន្តែមកដល់ពេលនេះពួកគេកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលមានការគាំពារ និងយកចិត្តទុកដាក់ខ្ពស់ ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនតាំងពីអប់រំ សុខភាព និងសិទ្ធិសេរីភាព។ កម្ពុជាបានចាត់ទុក និងបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយជាច្រើនសំដៅកាត់បន្ថយ និងបម្រួលបញ្ហា ហើយបានលើកទឹកចិត្តឲ្យមានការចូលរួមជាប្រចាំពីក្រុមមនុស្សនៅក្នុងជំនាន់ Gen Z ជាបន្តបន្ទាប់ ដូចជាគោលនយោបាយលើកកម្ពស់ និងពង្រឹងគុណភាពអប់រំ គោលនយោបាយលើកកម្ពស់ និងការពារសុវត្ថិភាពសង្កម គោលនយោបាយកែទម្រង់ និងលើកកម្ពស់ការទាក់ទាញវិនិយោគ ដើម្បីបង្កើតទីផ្សារ និងឱកាសការងារ ក៏ដូចជាលើកទឹកចិត្តឲ្យយុវជនចូលរួមក្នុងការអភិវឌ្ឈន៍ប្រទេសតាមគ្រប់យន្តការទាំងឯកជន និងសាធារណៈជាដើម។

សរុបជំងឺសង្គម ដែលរីករាលដាលនៅក្នុងក្រុមមនុស្សជំនាន់ Gen Z គឺមានផលប៉ះពាល់ និងផលវិបាកធ្ងន់ធ្ងរដល់អសន្តិសុខនយោបាយ និងសង្គម ប៉ុន្តែប្រសិនបើរដ្ឋាភិបាលនានាអាចរកមូលហេតុ និងអាចធ្វើរោគវិនិច្ឆ័យនៃជំងឺនោះត្រូវ ហើយដាក់ថ្នាំឲ្យចំនឹងស្ថានភាពនៃជំងឺ នោះក្រុមមនុស្សជំនាន់ Gen Z គឺជាប្រភព និងជាកម្លាំងដ៏មានអនុភាពនៅក្នុងការជំរុញ និងជាចលករជំរុញការអភិវឌ្ឈន៍ប្រកបដោយសក្តានុពល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មាសក្លាយជាទំនិញនាំចេញធំបំផុតទី២របស់អូស្ត្រាលី ខណៈមាសបន្តហក់ឡើងខ្ពស់

មាសបានក្លាយជាទំនិញនាំចេញធំបំផុតទី២ របស់អូស្ត្រាលី ដោយទំហំនៃការនាំចេញមាសរបស់ប្រទេសនេះត្រូវបានព្យាករថានឹងកើនឡើង ៧,៩ ពាន់លានដុល្លារអាម…

ចំណាត់ការប្រឆាំងគ្រឿងញៀនរបស់លោក ត្រាំ កំពុងផ្ដាច់ចំណងការទូតរវាងអាម៉េរិក និងវេណេស៊ុយអេឡា

ចំណាត់ការប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុករបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងកាត់ផ្តាច់ចំណងការទូតរវាងសហរដ្ឋអាម៉េរិក និងប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ