យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ គឺជាការលះបង់ដ៏ធំបំផុតមិនធ្លាប់មានរបស់រដ្ឋបាលលោក នារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីសម្របសម្រួលជាមួយចលនាតវ៉ាដ៏ស្រួចស្រាល់ ដែលដឹកនាំដោយក្រុមបាតុករជំនាន់ Gen Z ដែលមានឈ្មោះជាអក្សរកាត់ថា CJP។ ចលនាយុវជននេះបានធ្វើឱ្យកញ្ជ្រោលឡើងនូវរលកបាតុកម្មខ្នាតដ៏ធំ ការអង្គុយតវ៉ាតាមដងផ្លូវ និងការធ្វើកូដកម្មអត់អាហារប្រឡូកប្រឡាក់ដោយទឹកភ្នែក និងឈាម នៅទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍។
ភ្លាមៗបន្ទាប់ពីការប្រកាសលាលែងពីតំណែងនេះ ស្រាប់តែអ្នកនាំពាក្យក្រុម CJP គឺលោក អាស៊ូតូស រ៉ាន់កា (Ashutosh Ranka) និងលោក សូរ៉ាវ ដាស (Saurav Das) បានចេញមុខធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងសហជីពលោក ជីតេនដ្រា ស៊ីង (Jitendra Singh) ដោយបានប្រកាសបញ្ចប់កូដកម្ម និងការតវ៉ា។
ការសម្រេចចិត្តថយក្រោយមួយជំហាននេះកើតឡើងបន្ទាប់ពីតំណាងក្រុមយុវជន CJP បានចូលតុចរចាយ៉ាងតានតឹងជាលើកទី៣ជាមួយក្រុមរដ្ឋមន្ត្រីដោយជោគជ័យ ក្រោយរដ្ឋាភិបាលបានយល់ព្រមតាមលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងក្រុមបាតុករ។
គួរបញ្ជាក់ថា ក្រុម CJP ដែលធ្លាប់តែចាប់ផ្តើមចេញពីរូបភាពជាវេទិកាកំប្លែងចំអកឡកឡាយតាមអនឡាញបានប្រែក្លាយខ្លួនជាចំណុចស្នូលនៃភាពឆាបឆេះ ប្រមូលផ្តុំយុវជនឥណ្ឌារាប់លាននាក់ ដែលកំពុងប្រឈមនឹងវិបត្តិគ្មានការងារធ្វើ និងភាពអយុត្តិធម៌នៃការលេចធ្លាយវិញ្ញាសាប្រឡងឱ្យក្រោកឈរឡើងទាមទារភាពស្អាតស្អំ និងការទទួលខុសត្រូវពីរដ្ឋាភិបាល៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស