ទំនប់វារីអគ្គិសនី

ឡាវ បង្កើនមហិច្ឆតាថាមពល ដោយគ្រោងសាងសង់ទំនប់វារីអគ្គិសនី៦ទៀតលើដងទន្លេមេគង្គ


បន្ទាប់ពីសម្រេចបាននូវការសាងសង់ទំនប់វារីអគ្គិសនីខ្នាតយក្សពីរទល់មុខគ្នានៅលើដងទន្លេមេគង្គ និងកំពុងជំរុញការសាងសង់គម្រោងថ្មីតម្លៃ៥ពាន់លានដុល្លារ ដែលសម្រេចបានប្រមាណ៧២%ហើយនោះ ប្រទេសឡាវ បានលាតត្រដាងផែនការយុទ្ធសាស្ត្រក្នុងការសាងសង់ទំនប់វារីអគ្គិសនីបន្ថែមចំនួន៦ កន្លែងទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារនេះនឹងជំរុញឱ្យឡាវក្តោបក្តាប់ និងរក្សាតំណែងជាធុងអាគុយថាមពលប្រចាំតំបន់យ៉ាងរឹងមាំ ដោយមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ទៅ៣០ជីហ្គាវ៉ាត់ (GW)។
ទំនប់វារីអគ្គិសនី
ដោយ

ប្រទេសឡាវ ដែលបានបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីពីជាង៩ជីហ្គាវ៉ាត់ក្នុងឆ្នាំ២០២០ មកដល់ជាង១២ជីហ្គាវ៉ាត់នៅក្នុងឆ្នាំ២០២៥ កំពុងដាក់គោលដៅពង្រីកវិសាលភាពផលិតកម្មថាមពលរបស់ខ្លួនឱ្យកើនឡើងដល់៣០ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣៥។ បច្ចុប្បន្ន រដ្ឋាភិបាលក្រុងវៀងចន្ទន៍ កំពុងបង្កើនល្បឿនយ៉ាងសស្រាក់សស្រាំលើការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីលួងប្រាប៉ាង តម្លៃ៥ពាន់លានដុល្លារ ដែលលាតសន្ធឹងនៅលើខ្សែទឹកទន្លេមេគង្គ ដោយបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៧២%ហើយ។ តាមការរំពឹងទុក គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣០ ពោលគឺបន្ទាប់ពីឡាវ បានដាក់ឱ្យដំណើរការដោយជោគជ័យនូវទំនប់សាយ៉ាបូរី កាលពីឆ្នាំ២០១៩ និងទំនប់ដនសាហុង នៅជិតព្រំដែនកម្ពុជាកាលពីឆ្នាំ២០២០។
បន្ថែមលើសមិទ្ធផលយុទ្ធសាស្ត្រទាំងនេះ ឡាវបានគូសវាសផែនការមេដើម្បីកសាងទំនប់វារីអគ្គិសនីចំនួន ៦បន្ថែមទៀតនៅលើបណ្តាញទឹកទន្លេមេគង្គរួមមានទំនប់ផាកបេង, ផាកឡៃ, សាណាខាម, ផាកជុំ, បានកូម និងភូង៉ូយ។ បច្ចុប្បន្ន ឡាវបានក្លាយជាក្បាលម៉ាស៊ីនផ្គត់ផ្គង់ និងនាំចេញថាមពលអគ្គិសនីយ៉ាងសំខាន់ដល់ប្រទេសជិតខាងរួមមានវៀតណាម កម្ពុជា និងថៃ ហើយថែមទាំងកំពុងសិក្សាបង្កើតបណ្តាញចែកចាយអគ្គិសនីឆ្លងដែន ដើម្បីពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនីលួងប្រាប៉ាង ដែលជាសមិទ្ធផលគំរូនាពេលនេះ គឺជាគម្រោងវិស្វកម្មខ្នាតធំ ដែលអាចទាញយកថាមពលអគ្គិសនីពីចរន្តទឹកហូរបានរហូតដល់១,៤០០មេហ្គាវ៉ាត់ តាមរយៈតួប៊ីនចំនួន៧ ដែលតួប៊ីននីមួយៗអាចបង្កើតថាមពលបានជាង២០០មេហ្គាវ៉ាត់។ លើសពីនេះ គម្រោងនេះត្រូវបានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពរញ្ជួយដីកម្រិតខ្ពស់ និងត្រូវបានរចនាសម្រួលដល់វិស័យដឹកជញ្ជូន ដោយអនុញ្ញាតឱ្យនាវាដឹកទំនិញទម្ងន់៥០០តោនព្រមទាំងនាវាទេសចរណ៍អាចបើកបរឆ្លងកាត់ប្រព័ន្ធទំនប់បានយ៉ាងរលូនក្នុងរយៈពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ អះអាង​​ថា ខ្លួនរកចំណូលបាន១៨ពាន់លានដុល្លារពីការលក់ប្រេង ទោះស្ថិតក្នុងភ្លើងសង្គ្រាម

ទោះជារងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់​សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងប្រឈមនឹងការបិទផ្លូវដឹកជញ្ជូន និងទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយ អ…

អាជ្ញាធរថៃ បង្ក្រាបទីតាំងផលិត ផលិតផលក្លែងក្លាយ ដោយរឹបអូសកាហ្វេ Nescafe និង Ovaltine បានរាប់ម៉ឺនកញ្ចប់

អាជ្ញាធរថៃ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងផលិតទំនិញខុសច្បាប់មួយកន្លែង ដោយរឹបអូសបានផលិតផលក្លែងក្លាយម៉ាកល្បីៗរួមមាន កាហ្វេ Nescafe,…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ