អាជ្ញាធរថៃ រួមជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ បង្ហាញពីលទ្ធផល នៃការបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ផលិតផលក្លែងក្លាយខ្នាតធំរួមមានកាហ្វេកញ្ចប់ Nescafe, ម្សៅកាកាវ Ovaltine កញ្ចប់ និងទឹកក្រអូបបន្ទន់ខោអាវ Downy ដោយប្រមូលបានវត្ថុតាងសរុបជាង២០០,០០០កញ្ចប់ធំ គិតជាទឹកប្រាក់ជិត៨ម៉ឺនដុល្លារអាម៉េរិក។ អាជ្ញាធរថៃបានគូសបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានតម្រុយ និងបណ្តឹងពីក្រុមអាជីវករ ព្រមទាំងប្រជាពលរដ្ឋនៅតំបន់ធន់ប៊ុរីថា មានក្រុមជនខិលខូចមួយក្រុមបានបន្លំខ្លួនធ្វើជាតំណាងចែកចាយរោងចក្រ ដើរលក់ផលិតផលទាំងនេះក្នុងតម្លៃបោះដុំថោកៗខុសពីធម្មតា។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតស្វែងរកឃើញថា ទំនិញក្លែងក្លាយទាំងនោះត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងមួយក្នុងខេត្តសារ៉ាប៊ុរី យកមកស្តុកទុកនៅក្នុងផ្ទះមួយកន្លែងនាទីក្រុងបាងកក។ ភ្លាមៗនោះ សមត្ថកិច្ចបានស្នើសុំដីកាឆែកឆេរជាបន្ទាន់ពីតុលាការ ហើយបានបើកប្រតិបត្តិការបង្ក្រាបទីតាំងទាំងពីរក្នុងពេលដំណាលគ្នា។ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងរឹបអូសបានគ្រឿងម៉ាស៊ីនផលិត និងម៉ាស៊ីនវេចខ្ចប់ជាច្រើនគ្រឿង។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចធ្លាប់បានបង្ក្រាបករណីរំលោភកម្មសិទ្ធិបញ្ញា និងទំនិញក្លែងក្លាយបានជាង១,០០០ករណី រឹបអូសទំនិញបានជាង៣,៥លានមុខ គិតជាទឹកប្រាក់ប្រមាណ៣៥លានដុល្លារ។ ដោយឡែក ត្រឹមតែរយៈពេល១ឆមាសដំបូងនៃឆ្នាំ២០២៦ នេះ សមត្ថកិច្ចថៃបង្ក្រាបបានចំនួន៤៥៧ករណី រឹបអូសទំនិញប្រើប្រាស់ និងហូបចុកក្លែងក្លាយបានជាង១,៦លានកញ្ចប់ ដែលមានតម្លៃសរុបប្រមាណ២៣លានដុល្លារអាម៉េរិក៕
អត្ថបទៈ សួន ឡង់ទី