ពាក្យបណ្តឹងកម្រាស់៩៦ទំព័រដែលក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្សប្រចាំក្រុងប៊ែរឡាំង ហៅកាត់ថា ECCHR បានចោទប្រកាន់ទៅក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ល្បី Hugo Boss និងហាងលក់រាយជាច្រើនផ្សេងទៀតថាបាន កេងចំណេញដោយផ្ទាល់ និងខ្លះទៀតដោយប្រយោលពីកម្លាំងពលកម្មដែលកើតចេញពីការបង្ខិតបង្ខំជនជាតិអ៊ុយហ្គ័រ នៅក្នុងឧស្សាហកម្មកប្បាសក្នុងតំបន់ស៊ីនជាំងប្រទេសចិន។
ក្រុមអ្នកសិទ្ធិមនុស្សបានគូសបញ្ជាក់ថា វាជាការណ៍ដែលមិនអាចទទួលយកបានទេ ដែលរដ្ឋាភិបាលអ៊ឺរ៉ុបជាអ្នករិះគន់ប្រទេសចិនចំពោះការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង ខណៈដែលក្រុមហ៊ុនរបស់អឺរ៉ុបវិញ មកសំងំទទួលយកផលចំណេញពីការកេងប្រវ័ញ្ចលើពួកគេ។ ក្រុមសិទ្ធិមនុស្សដដែល បានជំរុញឲ្យអាជ្ញាធរអាល្លឺម៉ង់ បើកការសើបអង្កេតជុំវិញសំណុំរឿងនេះ ហើយប្រសិនបើរកឃើញថាវាជាការពិតមែននោះ ក្រុមហ៊ុនត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់។
ភាគីចិនបានច្រានចោល ការលើកឡើងនេះ ដោយបានអះអាងថាមិនមានការធ្វើបាប ឬបង្ខិតបង្ខំជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង ឲ្យធ្វើការក្នុងឧស្សាហកម្មកប្បាសនោះទេ។ ដោយឡែកភាគីក្រុមហ៊ុនក៏បានចេញមុខមកទាល់ចោលការចោទប្រកាន់នេះដែរ។
គួរជម្រាបថា មិនត្រឹមតែក្រុមហ៊ុននៅអាល្លឺម៉ង់នោះទេដែលរងការចោទប្រកាន់បែបនេះ កន្លងមកហាងលក់សម្លៀកបំពាក់ Zara នៅប្រទេសបារាំង ក៏ធ្លាប់ត្រូវបានអាជ្ញាធរប្រទេសនេះ បើកការស៊ើបអង្កេតក្នុងសំណុំរឿងដូចគ្នានេះដែរ។
ទិន្នន័យពីអង្គការសហប្រជាជាតិបានបង្ហាញថា យ៉ាងហោចណាស់មានជនជាតិអ៊ុយហ្គ័រប្រមាណ១លាននាក់ត្រូវបានគេបង្ខាំងទុកក្នុងជំរុំ និងបង្ខំឲ្យធ្វើការ ក្នុងតំបន់ស៊ីនជាំង ប្រទេសចិន។
ដោយឡែក ក្រោមហេតុផលរំលោភសិទ្ធិមនុស្ស សហរដ្ឋអាមេរិកកាលពីខែមករា បានប្រកាសបញ្ឈប់ការនាំចូលកប្បាស ដែលដាំដុះនៅតំបន់ស៊ីនជាំង ប្រទេសចិនផងដែរ។ ប្រការនេះបានជះឥទ្ធិពលដល់ឧស្សាហកម្មកប្បាសនៅចិនយ៉ាងខ្លាំង ដោយសារតែកប្បាសដែលដាំដុះនៅប្រទេសចិន បានតំណាងឲ្យទិន្នផល២០% នៃទិន្នផលកប្បាសសរុបនៅទូទាំងពិភពលោក ខណៈ ដែល៨៥%នៃទិន្នផលកប្បាសរបស់ចិន ត្រូវបានដាំដុះនៅតំបន់ស៊ីនជាំងនេះផ្ទាល់តែម្តង៕