ប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់ជំរុញឲ្យសហភាពអឺរ៉ុបបង្កើតកងទ័ពទុកអន្តរាគមន៍ក្នុងជម្លោះប្រដាប់អាវុធ ក្រោយមើលឃើញវិបត្តិនៅអាហ្វហ្កានីស្ថាន


ប្រទេសអាល្លឺម៉ង់កាលថ្មីៗនេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ដែលមានប្រទេស សមាជិកទាំងអស់២៧ ផ្តួចផ្តើមបង្កើតកងទ័ពចម្រុះ សម្រាប់យកមកដោះស្រាយជម្លោះ ឬប្រើប្រាស់សម្រាប់ប្រតិបត្តិការក្នុងវិបត្តិនានាដែលអាចកើតមាននៅថ្ងៃអនាគត ក្រោយពីបានមើលឃើញ វិបត្តិនៅអាហ្វហ្គានីស្ថានជាឧទាហរណ៍ស្រាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កងទ័ពរបស់ EU
ដោយ

កន្លងមកប្រធានបទនេះ ធ្លាប់ត្រូវបានសហភាពអឺរ៉ុបលើកយកមកពិភាក្សាម្តងជាពីរដងរួចមកហើយ ប៉ុន្តែការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់អឺរ៉ុប ហាក់មិនបានលេចចេញជារូបរាង ដុំកំភួនអ្វីនោះទេ ក្រៅតែពីកងទ័ពចម្រុះប្រមាណ ១.៥០០នាក់ដែលគេរៀបចំឡើងកាលពីឆ្នាំ២០០៧ ប៉ុន្តែមិនធ្លាប់ត្រូវបានចេញធ្វើប្រតិបត្តិការណាមួយឡើយ ដោយសារបញ្ហាប្រាក់ឧត្ថម្ភ និងភាពស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកងទ័ព។

យ៉ាងណាមិញ ក្រោយវិបត្តិនៅអាហ្វហ្គានីស្ថាន និងក្រោយពេលដែលអាមេរិកចាកចេញ ដោយបានជម្លៀសមនុស្សស្ទើរមិនទាន់ចេញពីក្រុង កាប៊ុល ប្រធានបទបង្កើតកងទ័ពរបស់អឺរ៉ុបត្រូវបានគេលើកយកមកដាក់លើតុពិភាក្សាជាថ្មី។ ក្នុងន័យនេះអឺរ៉ុប ចង់មានកងទ័ពមួយដោយខ្លួនឯង ដែលអាចប្រើប្រាស់សម្រាប់អន្តរាគមន៍យោធានានា ឧទារហ៍ជាក់ស្តែង ដូចជាការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានជាដើម។

លោក ចូសេប បូរេល ប្រធានគោលនយោបាយអឺរ៉ុបបានបង្ហាញក្តីសង្ឃឹមថា ផែនការខាងលើនឹងត្រូវលេចចេញជារូបរាងត្រឹមខែតុលាឬ វិច្ឆិកាខាងមុខ ដោយជំហានដំបូងលោកចង់បានកងទ័ពប្រមាណ ៥ពាន់នាក់សិន។ លោក បូ រេល បន្តថា លោកចង់កាត់បន្ថយការពឹងផ្អែកទៅលើកងទ័ពអាមេរិក ពេលមានអាសន្នម្តងៗ។

យ៉ាងណាមិញ ប្រភពពីមន្ត្រីជាន់ខ្ពស់អឺរ៉ុបដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់រ៉យទ័រថា គម្រោងនេះមិនទាន់មានការសម្រេចចិត្តនៅឡើយទេ ព្រោះគណៈកម្មការអឺរ៉ុប មិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង និងដោយគ្មានសម្លេងគាំទ្រពីសមាជិកទាំង ២៧ប្រទេសនោះទេ។ លើសពីនេះ គេត្រូវរង់ចាំការសម្រេចរបស់សភាអឺរ៉ុប ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ។

គួរជម្រាបថា គម្រោងបង្កើតកងទ័ពរបស់ EU ទំនងជាពិបាកទៅរួចបន្តិច ដោយសារបញ្ហាហិរញ្ញវត្ថុផ្គត់ផ្គង់ដល់កងទ័ព។ ជាក់ស្តែង បើគេមើលទៅលើការចំណាយផ្នែកយោធារបស់ប្រទេសសមាជិក EU ភាគច្រើននៅមានកម្រិតទាបនៅឡើយ។ ការចំណាយគិតជាមធ្យមរបស់ប្រទេសសមាជិកទាំង២៧ របស់សហភាពអឺរ៉ុបលើវិស័យការពារជាតិមានចំនួនត្រឹមតែ ១,២% នៃGDPប៉ុណ្ណោះ។ នេះបើតាមទិន្នន័យនៅឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោកកាត់ក្តីឲ្យអាមេរិកឈ្នះចិនក្នុងសំណុំរឿងនាំចូលបន្ទះសូឡា

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកកាលពីពេលថ្មីនេះ បានកាត់សេចក្តីឲ្យសហរដ្ឋអាមេរិក ទទួលបានជ័យជំនះលើប្រទេសចិន ក្នុងសំណុំរឿងដែលចិនបានប្ដឹងអាមេរិកថា…

កូវីដ-១៩រុញពលរដ្ឋថៃជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ក្នុងតួលេខអាក្រក់ជាងគេបំផុតប្រចាំតំបន់

ព័ត៌មាន
ស្ថានភាពកូវីដ-១៩ នៅថៃកាន់តែយ៉ាប់យ៉ឺនឡើងៗ បាននិងកំពុងរុញឲ្យពលរដ្ឋថៃជួបនឹងបញ្ហាជីវភាពកាន់តែខ្លាំងដែរ។ ជាក់ស្ដែង តាមការស្រាវជ្រាវរបស់ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ