ថ្លែងទៅកាន់សភារបស់ខ្លួន លោក Scholz អធិការបតីអាល្លឺម៉ង់ក៏បាននិយាយផងដែរថា ប្រទេសអាល្លឺម៉ង់បានរំដោះខ្លួនពីការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ហើយបាននឹងកំពុងធ្វើការដើម្បីឱ្យតម្លៃថាមពលធ្លាក់ចុះ ប៉ុន្តែលោកបានព្រមានថា សហភាពអឺរ៉ុបដែលកំពុងព្យាយាមកំណត់តម្លៃឧស្ម័នឲ្យមានការធ្លាក់ចុះ ឬឲ្យនៅថេរនោះ នឹងជួបហានិភ័យជះត្រឡប់មកវិញផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពរុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាច្រើន ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងជំរុញឱ្យអ៊ុយក្រែនដាក់ចេញនូវវិធានការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីជាលើកដំបូងចាប់តាំងពីការឈ្លានពានក្នុងខែកុម្ភៈមក។
ការណ៍នេះដែរ លោក Scholz បានប្រាប់សភាថា «អាល្លឺម៉ង់នឹងមិនអនុញ្ញាតឲ្យការពង្រីកជម្លោះរបស់ទីក្រុងម៉ូស្គូធ្វើឡើងដោយមិនមានការឆ្លើយតបនោះទេ ហើយយុទ្ធវិធីយោធាប្រកបដោយភាពពិសពុលនឹងមិនជួយឲ្យរុស្ស៊ីឈ្នះសង្គ្រាមជាដាច់ខាត ផ្ទុយទៅវិញវាជួយនឹងពង្រឹងការរួបរួម និងការពួតដៃគ្នាកាន់តែខ្លាំងឡើយជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងការជួយអ៊ុយក្រែនតែប៉ុណ្ណោះ»។
ចំពេលជាមួយគ្នានេះ នៅចំពោះមុខការកើនឡើងតម្លៃថាមពលខ្ពស់បំផុតមិនធ្លាប់មាន ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះដែរ សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសរបស់ខ្លួនបានរៀបចំកិច្ចប្រជុំជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍នេះ ដើម្បីព្យាយាមធ្វើឱ្យតម្លៃថាមពលធ្លាក់ចុះ ទោះបីជាការបែកបាក់នៅតែបន្តកើតមានជុំវិញការផ្លាស់ប្តូរតម្លៃឧស្ម័នក៏ដោយ។ ហើយប្លុកអឺរ៉ុបទាំង២៧ប្រទេសនេះត្រូវបានគេរំពឹងថា នឹងគាំទ្រតម្លៃគោលដើមដែលត្រូវបានជំនួសសម្រាប់ឧស្ម័នធម្មជាតិរាវ និងការទិញឧស្ម័នរួមគ្នាផងដែរ។
ទោះបីជាបែបនេះក្តី ប្រទេសខ្លះនៅតែមានការខ្វែងគំនិតគ្នាពីរបៀបកំណត់តម្លៃឧស្ម័ន ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ និងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយលំហូរឧស្ម័ននៅចំពោះមុខរដូវរងាដែលរៀបនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រទេសចំនួន១៥ រួមទាំងប្រទេសបារាំង និងប៉ូឡូញបានជំរុញឱ្យមានរូបមន្តមួយចំនួនដើម្បីកំណត់តម្លៃថាមពល ខណៈដែលពួកគេបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសអាល្លឺម៉ង់ និងហូឡង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ហើយក៏ជាប្រទេសនាំចូលឧស្ម័ន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មឧស្ម័នដ៏ធំនៅអឺរ៉ុបផងនោះ។
ទាក់ទិននឹងរឿងនេះដែរ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្កូលហ្ស (Scholz) បាននិយាយថា គម្លាតតម្លៃឧស្ម័នដែលបានកំណត់ដោយសហភាពអឺរ៉ុបនោះ វាប្រថុយដែលអាចនឹងជំរុញឲ្យអ្នកផលិត និងលក់ឧស្ម័នរបស់ពួកគេទៅកន្លែងផ្សេង ដែលមានន័យថា អឺរ៉ុបអាចទទួលបានផលឧស្ម័នតិចទៅវិញទេជាលទ្ធផលជាក់ស្តែង។
ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់ថា៖ «សហភាពអឺរ៉ុបត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើហ្គាសផ្សេងទៀតដូចជាជប៉ុន និងកូរ៉េខាងត្បូង ដើម្បីកុំឲ្យមានការប្រកួតប្រជែងគ្នា ដោយក្នុងពេលជាមួយគ្នានេះ អាល្លឺម៉ង់ក៏កំពុងពិភាក្សាជាមួយអ្នកផលិតអំពីតម្លៃសមរម្យមួយ ដោយលោកជឿជាក់ថា ប្រទេសដូចជាសហរដ្ឋអាមេរិក កាណាដា និងន័រវេស ដែលឈរខាងអ៊ុយក្រែន នឹងមានឆន្ទៈក្នុងការដោះស្រាយវិបត្តិថាមពលជាក់ជាមិនខានឡើយ»៕