ការកើនឡើងសម្ពាធលើទីក្រុងប៊ែកឡាំងថា គួរប្រគល់ឱ្យ ឬមួយក៏អត់នេះ កើតឡើងនៅក្រោយពេលដែលចក្រភពអង់គ្លេសបានក្លាយជាប្រទេសនៅអឺរ៉ុបទីមួយ ដែលយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ប្រភេទ Challenger 2 ទៅឱ្យអ៊ុយក្រែនរួចបាត់ទៅហើយ នៅឡើយតែបងធំអឺរ៉ុប គឺអាល្លឺម៉ង់នេះឯង។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានទទូចម្តងហើយម្តងទៀត ឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បើយោងតាមមន្ត្រីអាល្លឺម៉ង់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្គុល(Olaf Scholz) បានសង្កត់ធ្ងន់លើលក្ខខណ្ឌនេះជាច្រើនដងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ ទាល់តែទីក្រុងវ៉ាស៊ីនសម្រេចបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែនដែរ ទើបអាល្លឺម៉ង់ធ្វើតាមដូចគ្នា។
គួរជម្រាបថា សម្ព័ន្ធមិត្តលោកខាងលិចនឹងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រទី២០មករា ដើម្បីពិភាក្សាគ្នាក្នុងការផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ អ្វីដែលគេយកចិត្តទុកដាក់ខ្លាំងនោះ គឺផ្តោតជាពិសេសទៅលើប្រទេសអាល្លឺម៉ង់ ដែលមានអំណាចវេតូលើការសម្រេចចិត្តណាមួយក្នុងការបញ្ជូនរថក្រោះធុនធ្ងន់ប្រភេទ លីអូផាត(Leopard) របស់ខ្លួន។ រថក្រោះលីអូផាត ត្រូវបានបំពាក់លើកងទ័ពសម្ព័ន្ធមិត្តណាតូនៅទូទាំងទ្វីបអឺរ៉ុប ហើយវាត្រូវបានគេមើលឃើញថា ពិតជារថក្រោះពិឃាត និងស័ក្ដិសមបំផុត ដើម្បីផ្តល់ឱ្យអ៊ុយក្រែននៅពេលនេះ។
ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បានប្រាប់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុងដាវ៉ូសប្រទេសស្វីស កាលពីថ្ងៃពុធ ទី១៨ថា លោកខ្លាចប្រទេសរុស្ស៊ីកំពុងរៀបចំផែនការវាយលុកលើអ៊ុយក្រែនសារជាថ្មី។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱ្យទីក្រុងកៀវនូវរថក្រោះ និងមីស៊ីលបន្ថែម។ ក្នុងនោះប្រទេសប៉ូឡូញ និងហ្វាំងឡង់ធ្លាប់បាននិយាយរួចហើយថា ពួកគេនឹងបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ប្រសិនបើទីក្រុងប៉ែកឡាំងយល់ព្រម។
ទន្ទឹមនឹងនេះ ក្រុងប៊ែរឡាំងបានបញ្ជាក់ថា ការសម្រេចចិត្តណាមួយថាឱ្យ ឬមិនឱ្យនោះគឺនឹងនៅលើការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ លោកបូរីស ភីស្តូរៀស(Boris Pistorius) តែប៉ុណ្ណោះ។ ក្នុងនោះដែរលោក បូរីស នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austinនៅសប្ដាហ៍ក្រោយផងដែរ។
ដោយឡែក ប្រភពមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន អាចនឹងអនុម័តផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកប្រភេទ Stryker ជំនួសឱ្យរថក្រោះធុនធ្ងន់ប្រភេទ M1 Abrams វិញ។
ស្របពេលជាមួយគ្នានេះ ពីវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃពុធ ទី១៨ មករា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយតាមប្រព័ន្ធវីដេអូដោយបានទទូចសាជាថ្មីទៅកាន់ប្រទេសលោកខាងលិចថា ត្រូវតែពន្លឿនការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសឱ្យលឿនតាមតែអាចធ្វើទៅបាន គឺធ្វើយ៉ាងបញ្ជូនមកមុនការវាយលុកពីសំណាក់រុស្ស៊ី។
នៅក្នុងវេទិកានោះដែរ លោកត្រូវបានគេសួរថា លោកមានការព្រួយបារម្ភសន្តិសុខផ្ទាល់ខ្លួនដែរឬទេ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោកត្រូវបានសម្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃពុធដោយមិនទាន់ពីមូលហេតុច្បាស់លាស់។ លោកហ្សេលេនស្គីបានគូសបញ្ជាក់ច្បាស់ៗថា៖ «ទស្សនរបស់លោកគឺមិនផ្លាស់ប្តូរនោះទេ គឺអ៊ុយក្រែនត្រូវទទួលបានសព្វាវុធ ដើម្បីបន្តប្រយុទ្ធទប់ទល់នឹងពួកឈ្លានពាន ហើយលោកមិនរត់ទៅណាទាំងអស់»៕