កោះភូកុក (កោះត្រល់)

កូរ៉េខាងត្បូង​បើក​ការហោះហើរត្រង់​ពីសេអ៊ូល មកកាន់ ​កោះភូកុក (កោះត្រល់)


ក្រុមហ៊ុន​អាកាសចរណ៍​ធូរថ្លៃ​របស់​កូរ៉េ​ខាងត្បូង ឈ្មោះ ជេជូ អ៊ែរ (Jeju Air) នាសប្ដាហ៍មុន​នេះ បាន​​ចាប់​​ផ្តើម​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​សេអ៊ូល មកកាន់ កោះ ភូកុក (ខ្មែរ​ស្គាល់ថា ជា​ កោះត្រល់) ដែល​​​ជា​កោះ​ធំ​បំផុត​របស់​វៀតណាម នៅ​ខេត្ត​កៀងយ៉ាង ភាគ​ខាង​ត្បូង។
ឆ្នេរ​ខ្សាច់​នៅ​លើ​កោះភូកុក វៀតណាម ដែល​ខ្មែរ​ភាគច្រើន​បំផុត ស្គាល់ថា ជា កោះត្រល់។
ដោយ

ផ្លូវ​ហោះហើរ​ថ្មីនេះ ​ភ្ជាប់​​អាកាសយានដ្ឋាន​អន្តរជាតិ អ៊ីនឈុន នៅទីក្រុង​សេអ៊ូល ជាមួយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ ភូកុក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ក្រុង​ដួងដុង ដែល​ជា​រដ្ឋធានី​របស់​កោះ ភូកុក។ ការហោះហើរ​ត្រង់​នេះ ចំណាយ​ពេល​ប្រហែល​ ៥​ម៉ោង។

ក្រុមហ៊ុន​​អាកាសចរណ៍​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍មុន ថា ការ​ចាប់​ផ្តើម​ដំណើរការ​ផ្លូវ​ហោះហើរ​ប្រចាំ​ថ្ងៃនេះ​ កើតឡើង​នៅ​ពេល​ដែល​តម្រូវការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន បាន​ធ្លាក់​ចុះ ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​នេះមក។

ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់របស់​កូរ៉េខាងត្បូង បាន​​រាយការណ៍​ថា ប្រជាជន​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ពហិកា​មិន​ប្រើ​អាជីវកម្ម​និង​​សេវាកម្មរបស់​ជប៉ុន​ទេ បន្ទាប់ពី​ប្រទេស​ជប៉ុន​អនុវត្ត​ការរឹត​បន្តឹង​ការនាំ​ចេញ​វត្ថុធាតុ​ដើម​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង។

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង បាន​បញ្ឈប់​ឬ​កាត់​បន្ថយ​សេវាកម្ម​នៅ​លើ​ផ្លូវ​ហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន និង​បាន​ពង្រីក​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត។

ជេជូ អ៊ែរ បាន​​ខាតបង់​​ថវិកា​អស់ ២៧​លាន​ដុល្លារ នៅ​ត្រីមាស​ទី៣​ នៃ​ឆ្នាំ​២០១៩ ប៉ុន្តែ ក្នុង​រយៈពេល​ដូចគ្នា​នេះ នៃ​ឆ្នាំទៅមិញ ក្រុមហ៊ុន ជេជូ អ៊ែរ ចំណេញប្រាក់​បាន​ចំនួន ២៦,៣​លាន​ដុល្លារ​។

ជា​តំបន់​គុក​ដ៏​អាស្រូវ​កាល​ក្នុង​សម័យ​អាណានិគមបារាំង កោះ​ភូកុក​ វៀតណាម ដែល​ខ្មែរ​ភាគច្រើន​បំផុតស្គាល់ជា កោះត្រល់ ទទួល​បាន​ប្រជាប្រិយភាព​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កោះនេះ​បាន​បើក​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ឆ្នាំ​២០១២ និង​បាន​អនុវត្ត​គោល​នយោបាយ​គ្មាន​ទិដ្ឋាការ រយៈពេល​៣០​ថ្ងៃ សម្រាប់​ជន​បរទេស ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក។

ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​កោះ ភូកុក បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​មាន​ការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​​នូវ​រមណីយដ្ឋាន និង​គម្រោង​សេវាកម្ម​ទេសចរណ៍​នានា នៅ​លើ​កោះនេះ។

កោះ​ភូកុក ទទួល​បាន​ភ្ញៀវ​ទេសចរ ៣,៩​លាន​នាក់​ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើន​ឡើង ៣៣,២​ភាគ​រយ ធៀប​នឹង​ឆ្នាំ​មុន។ ក្នុង​ចំណោម​នោះ មាន​ជន​បរទេស​ចំនួន ៥៤១.៦០០ នាក់។

កាលពី​ឆ្នាំ​ទៅ​ ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាង ៣,៤​លាន​នាក់ បាន​មក​ទស្សនា​ប្រទេស​វៀតណាម ដែល​កើន​ឡើង ៤៤​ភាគរយ បើ​ធៀប​ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ស្មើ​នឹង ២២​ភាគរយ នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​ទាំងអស់។

ក្នុង​រយៈពេល ៩​ខែ​ដើម​ឆ្នាំ​២០១៩ វៀតណាម​បាន​ស្វាគមន៍​ប្រជាជន​កូរ៉េ​ខាង​ត្បូង ៣,១​លាន​នាក់​ កើន​ឡើង ២២,៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន៕ (ប្រែសម្រួលពី​សារព័ត៌មាន​ វៀតណាម)




អត្ថបទបន្ទាប់


អាកាសចរណ៍ Vietjet វៀតណាម ខ្ចី​ឥណទាន​​ពី​ធនាគារកូរ៉េនិង​ចិន ដើម្បី​បង្កើន​ចំនួន​យន្តហោះ​ទំនើបៗ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះកិច្ចព្រមព្រៀង​លើ​កម្ចី​អន្តរជាតិ​រួម​បញ្ចូល​គ្នា រយៈពេល​មធ្យម និង​រយៈពេល​វែង​ ជាមួយ​នឹង​អត្រា​ការប្រា…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ បច្ចុប្បន្នចិនកំពុងឈរលំដាប់លេខ ១ លើវិស័យជាច្រើននៅកម្ពុជា

ព័ត៌មាន
ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជា «ទំនាក់ទំនងដែកថែប» ខណៈដែលគេមើលឃើញថាទ្វារសេដ្ឋកិច្ច និងពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ