អាល្លឺម៉ង់-អ៊ុយក្រែន-អាមេរិក

អាល្លឺម៉ង់ថាខ្លួននឹងបញ្ចូនរថក្រោះទៅអ៊ុយក្រែនភ្លាម ប្រសិនបើអាមេរិកព្រមផ្តល់ឱ្យដែរ


ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើទប់ទល់នឹងការវាយសង្គ្រប់ដោយកងកម្លាំងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ដូចគ្នានេះ ទៅឱ្យរដ្ឋអំណាចទីក្រុងកៀវដែរ។
អាល្លឺម៉ង់ដាក់លក្ខខណ្ឌក្នុងការបញ្ចូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែន

ការកើនឡើងសម្ពាធលើទីក្រុងប៊ែកឡាំងថា គួរប្រគល់ឱ្យ ឬមួយក៏អត់នេះ កើតឡើងនៅក្រោយពេលដែលចក្រភពអង់គ្លេសបានក្លាយជាប្រទេសនៅអឺរ៉ុបទីមួយ ដែលយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ប្រភេទ Challenger 2 ទៅឱ្យអ៊ុយក្រែនរួចបាត់ទៅហើយ នៅឡើយតែបងធំអឺរ៉ុប គឺអាល្លឺម៉ង់នេះឯង។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានទទូចម្តងហើយម្តងទៀត ឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

បើយោងតាមមន្ត្រីអាល្លឺម៉ង់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្គុល(Olaf Scholz) បានសង្កត់ធ្ងន់លើលក្ខខណ្ឌនេះជាច្រើនដងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ ទាល់តែទីក្រុងវ៉ាស៊ីនសម្រេចបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែនដែរ ទើបអាល្លឺម៉ង់ធ្វើតាមដូចគ្នា។

គួរជម្រាបថា សម្ព័ន្ធមិត្តលោកខាងលិចនឹងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រទី២០មករា ដើម្បីពិភាក្សាគ្នាក្នុងការផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ អ្វីដែលគេយកចិត្តទុកដាក់ខ្លាំងនោះ គឺផ្តោតជាពិសេសទៅលើប្រទេសអាល្លឺម៉ង់ ដែលមានអំណាចវេតូលើការសម្រេចចិត្តណាមួយក្នុងការបញ្ជូនរថក្រោះធុនធ្ងន់ប្រភេទ លីអូផាត(Leopard) របស់ខ្លួន។ រថក្រោះលីអូផាត ត្រូវបានបំពាក់លើកងទ័ពសម្ព័ន្ធមិត្តណាតូនៅទូទាំងទ្វីបអឺរ៉ុប ហើយវាត្រូវបានគេមើលឃើញថា ពិតជារថក្រោះពិឃាត និងស័ក្ដិសមបំផុត ដើម្បីផ្តល់ឱ្យអ៊ុយក្រែននៅពេលនេះ។

ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បានប្រាប់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុងដាវ៉ូសប្រទេសស្វីស កាលពីថ្ងៃពុធ ទី១៨ថា លោកខ្លាចប្រទេសរុស្ស៊ីកំពុងរៀបចំផែនការវាយលុកលើអ៊ុយក្រែនសារជាថ្មី។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱ្យទីក្រុងកៀវនូវរថក្រោះ និងមីស៊ីលបន្ថែម។ ក្នុងនោះប្រទេសប៉ូឡូញ និងហ្វាំងឡង់ធ្លាប់បាននិយាយរួចហើយថា ពួកគេនឹងបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ប្រសិនបើទីក្រុងប៉ែកឡាំងយល់ព្រម។

ទន្ទឹមនឹងនេះ ក្រុងប៊ែរឡាំងបានបញ្ជាក់ថា ការសម្រេចចិត្តណាមួយថាឱ្យ ឬមិនឱ្យនោះគឺនឹងនៅលើការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ លោកបូរីស ភីស្តូរៀស(Boris Pistorius) តែប៉ុណ្ណោះ។ ក្នុងនោះដែរលោក បូរីស នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austinនៅសប្ដាហ៍ក្រោយផងដែរ។

ដោយឡែក ប្រភពមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន អាចនឹងអនុម័តផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកប្រភេទ Stryker ជំនួសឱ្យរថក្រោះធុនធ្ងន់ប្រភេទ M1 Abrams វិញ។

ស្របពេលជាមួយគ្នានេះ ពីវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃពុធ ទី១៨ មករា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយតាមប្រព័ន្ធវីដេអូដោយបានទទូចសាជាថ្មីទៅកាន់ប្រទេសលោកខាងលិចថា ត្រូវតែពន្លឿនការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសឱ្យលឿនតាមតែអាចធ្វើទៅបាន គឺធ្វើយ៉ាងបញ្ជូនមកមុនការវាយលុកពីសំណាក់រុស្ស៊ី។

នៅក្នុងវេទិកានោះដែរ លោកត្រូវបានគេសួរថា លោកមានការព្រួយបារម្ភសន្តិសុខផ្ទាល់ខ្លួនដែរឬទេ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោកត្រូវបានសម្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃពុធដោយមិនទាន់ពីមូលហេតុច្បាស់លាស់។ លោកហ្សេលេនស្គីបានគូសបញ្ជាក់ច្បាស់ៗថា៖ «ទស្សនរបស់លោកគឺមិនផ្លាស់ប្តូរនោះទេ គឺអ៊ុយក្រែនត្រូវទទួលបានសព្វាវុធ ដើម្បីបន្តប្រយុទ្ធទប់ទល់នឹងពួកឈ្លានពាន ហើយលោកមិនរត់ទៅណាទាំងអស់»៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីថាមពលអាមេរិកព្រមានថា ច្បាប់ហាមឃាត់លក់ប្រេងបម្រុង អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខថាមពល

ព័ត៌មាន
រដ្ឋមន្ត្រីថាមពលអាមេរិកបានបញ្ចេញប្រតិកម្មនឹងច្បាប់មួយ ដែលទើបតែត្រូវបានសភាសម្រេចអនុម័តកាលពីពេលថ្មីៗនេះ ដែលជាការផ្តួចផ្តើមដោយក្រុមតំណាងរាស្រ្…

តើធនាគារកណ្ដាលអាមេរិកនឹងសម្រេចដំឡើងអត្រាការប្រាក់គោលដល់ ៥% មែន ឬយ៉ាងណា?

ព័ត៌មាន
ធនាគារកណ្តាលអាមេរិកនៅថ្ងៃពុធទី១៨ បានបង្ហើបឱ្យដឹងថា អាចនឹងបន្តតម្លើងអត្រាការប្រាក់គោលបន្ថែមទៀត ដើម្បីបន្តទប់ទល់នឹងការកើនឡើងនៃអតិផរណា។ រហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ