យ៉ាងណាក៏ដោយ អ្នកជំនាញក៏បានមើលឃើញពីសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចពិភពលោកផងដែរ ក្រោយពេលចិនបើកប្រទេសឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ក្រុមហ៊ុនធំៗនៅអាមេរិក ត្រូវបានព្យាករថា នឹងមានកំណើនប្រាក់ចំណេញយឺតបំផុតនៅឆ្នាំក្រោយ គិតចាប់តាំងពីត្រីមាសទី៤ កាលពី២ឆ្នាំមុន ខណៈអ្នកវិនិយោគ បានតាមដានមើលការធ្លាក់ចុះក្នុងប៉ុន្មានខែចុងក្រោយនេះ។
យោងតាមទនិន្នន័យរបស់ពី Refinitiv បង្ហាញថា ចំណូលរបស់ផ្សារភាគហ៊ុន S&P 500 នៅត្រីមាសទី៤ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ១,១% ដែលជាការធ្លាក់ចុះប្រចាំត្រីមាសលើកដំបូង ចាប់តាំងពីឆ្នាំ២០២០មក។
សម្រាប់ផ្សារភាគហ៊ុននេះ អ្នកវិភាគបានទស្សន៍ទាយពីកំណើនប្រាក់ចំណេញរបស់ក្រុមហ៊ុនធំៗនៅក្នុងពិភពលោកឆ្នាំ២០២៣ មានត្រឹមប្រមាណ ៤,៧% ពោលគឺទាបជាងកំណើន ៥,៧% សម្រាប់ឆ្នាំ២០២២នេះ។
លោក Jonathan Golub ប្រធានផ្នែកយុទ្ធសាស្រ្តទ្រព្យគ្រប់គ្រងទ្រព្យសម្បត្តិនៃនៅក្រុមហ៊ុនមូលបត្រ Credit Suisse ក្នុងក្រុងញូវយ៉ក ថ្មីៗនេះបានទម្លាក់ការព្យាករប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មនៅឆ្នាំ២០២២នេះ ហើយរំពឹងថា វានឹងបន្ដធ្លាក់ចុះនៅក្នុងផ្សារភាគហ៊ុន S&P 500 នៅឆ្នាំ២០២៣។
លោកបាននិយាយថា អ្វីៗទាំងអស់គឺដោយសារតែបញ្ហាអតិផរណាកើនឡើង។ អំណាចនៃតម្លៃរបស់ក្រុមហ៊ុនទាំងនោះប្រែប្រួលក៏ដោយសារតែអតិផរណា ហើយថ្លៃដើមចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ គឺប្រែប្រួលទៅតាមអតិផរណាដែរ។
បើតាមលោក Golub ឱ្យដឹងថា ការដំឡើងអត្រាការប្រាក់ បានប៉ះពាល់ជាពិសេសដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងកំណើនភាគលាភដទៃទៀតនៅឆ្នាំនេះ។ ការប៉ាន់ស្មានពីចំណូលវិស័យបច្ចេកវិទ្យា ដែលថានឹងទទួលបាន ៤,៣% ក្នុងឆ្នាំ២០២៣ លើសឆ្នាំ២០២២នោះ គឺលោកថាវាហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងពេកហើយ។
ថ្មីៗនេះ ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់គោល ០,៥% ថែមទៀត ដើម្បីប្រយុទ្ធនឹងអតិផរណា។ លោក Jerome Powell ទេសាភិបាលធនាគារកណ្តាលអាមេរិក បានលើកឡើងថា ការដំឡើងអត្រាការប្រាក់គោលនឹងបន្ដធ្វើឡើងថែមទៀតនៅឆ្នាំក្រោយ ខណៈដែលសេដ្ឋកិច្ចអាចនឹងរអិលធ្លាក់ចូលក្នុងវិបត្តិ។
ងាកមកចំណូលក្រុមហ៊ុនអឺរ៉ុបវិញត្រូវបានព្យាករថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ ផងដែរ។ ក្រុមហ៊ុនជាច្រើនដែលមានឈ្មោះក្នុងបញ្ជីផ្សារភាគហ៊ុន STOXX 600 សុទ្ធតែមានលទ្ធភាពទប់ទល់នឹងថ្លៃដើមឡើងខ្ពស់នេះបាន។ ប៉ុន្តែវិបត្តិសាកលណាមួយដែលកើតឡើង នឹងដាក់សម្ពាធទៅលើអ្នកប្រើប្រាស់ និងការកើនឡើងអត្រាការប្រាក់គោល អាចបង្កើតនូវបរិយាកាសប្រឈមសម្រាប់ក្រុមហ៊ុនអាជីវកម្ម។
ប្រធានអ្នកវិភាគផ្នែកទ្រព្យសម្បត្តិអឺរ៉ុបនៅធនាគារអង់គ្លេស Barclays លោក Emmanuel Cau បាននិយាយថា ក្រោយចំណូលមានភាពងើបឡើងវិញខ្លាំងក្នុងរយៈពេល២ឆ្នាំកន្លះមកនេះ វានឹងអាចមានការប្រឈមកាន់តែច្រើនសម្រាបមូលដ្ឋាននៃអត្រាចំណូលនៅឆ្នាំ២០២៣។
បើតាមទិន្នន័យរបស់ស្ថាប័ន IBES ឱ្យដឹងថា ផ្សារភាគហ៊ុន STOXX 600 នឹងមានចំណូលកើនឡើង ៨% នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ប៉ុន្តែនឹងធ្លាក់ចុះ ៤% នៅត្រីមាសទី២ ដែលជាការធ្លាក់ចុះប្រចាំឆមាសលើកដំបូងផងដែរ គិតចាប់ពីត្រីមាសទី៤ នៃឆ្នាំ២០២០៕
អត្ថបទ ៖ នៅ សំភី