របាយការណ៍វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិដដែលនេះបានឲ្យដឹងថា បំណុលរបស់ប្រទេសចិនបានកើនឡើងបន្ថែមចំនួន ២,៥ទ្រីលានដុល្លារ គិតមកទល់ត្រីមាសទីមួយឆ្នាំនេះ ហើយបំណុលរបស់សហរដ្ឋអាមេរិកវិញក៏បានកើនឡើងបន្ថែមដែរ ពោលគឺកើន ១,៥ ទ្រីលានដុល្លារ ប៉ុន្ដែកំណើននេះ នៅតិចជាងកំណើនបំណុលរបស់ប្រទេសចិននៅឡើយ។ ដោយឡែក បំណុលសរុបនៅក្នុងតំបន់ប្រទេសចាយប្រាក់អឺរ៉ូ ឯណោះវិញ បានធ្លាក់ចុះ ពោលគឺជាការធ្លាក់ចុះជាបន្ដបន្ទាប់ ។
ក្រុមអ្នកវិភាគបានបង្ហាញថាមានប្រទេសជាច្រើន ទាំងប្រទេសរីកចម្រើន កំពុងរីកចម្រើន និង កំពុងអភិវឌ្ឍន៍ កំពុងឈានចូលដល់វដ្តមួយ នៃការរឹតបន្តឹងរូបិយវត្ថុ ដែលដឹកនាំដោយសហរដ្ឋអាមេរិ ជាមួយនឹងបំណុលជាប្រាក់ដុល្លារមានកម្រិតខ្ពស់។ របាយការណ៍វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ គូសបញ្ជាក់ថា៖ នៅពេលដែលធនាគារកណ្តាលចាប់ផ្តើមរឹតបន្តឹងគោលនយោបាយ ដើម្បីទប់ស្កាត់សម្ពាធអតិផរណា ការចំណាយលើការប្រាក់កម្ចីនឹងមានកាន់តែខ្ពស់ នឹងធ្វើឱ្យភាពងាយរងគ្រោះនៃបំណុលកាន់តែធ្ងន់ធ្ងរ។
ការស្រាវជ្រាវរបស់ IIF បានដាក់ហានិភ័យទៅលើប្រទេស ដែលកំពុងរីកចម្រើន មួយចំនួនថាផលប៉ះពាល់អាចមានកាន់តែធ្ងន់ធ្ងរ ដោយសារប្រទេសទាំងអស់នេះ មានការខ្ចីប្រាក់ច្រើន ហើយមិនសូវមានវិនិយោគិនជាលក្ខណចម្រុះច្រើនឡើយ។
គួរជម្រាបថា កំណើនបំណុលសកលទាំងជាង ៣០០ទ្រីលានដុល្លារនេះ មានបំណុលសាជីវកម្ម ក្រៅពីធនាគារ និងការខ្ចីប្រាក់របស់រដ្ឋាភិបាល ជាប្រភពដ៏ធំបំផុតនៃកំណើនបំណុលសកល។ ក្នុងនោះផងដែរ បំណុលនៅខាងក្រៅវិស័យហិរញ្ញវត្ថុបានកើនឡើងច្រើនជាង ២៣០ទ្រីលានដុល្លារទៅហើយ។
ទោះយ៉ាងណា បើគេមើលអត្រាធៀបកម្រិតបំណុលសកលទៅនឹងកម្រិត GDPសកលវិញឃើញថា វាមានការធ្លាក់ចុះច្រើន។ ជារួមវាបានធ្លាក់ចុះមកនៅត្រឹម ៣៤៨% នៃGDP សកលលោក និងមានប្រហែល ១៥% ក្រោមកំណត់ត្រាដែលគេបានកំណត់កាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារតែមានការកែលម្អគោលនយោបាយសំខាន់ៗនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ពោលគឺបណ្តាប្រទេសដែលចាយប្រាក់អឺរ៉ូ៕