តម្លៃដែកពិភពលោកធ្លាក់ចុះ

តម្លៃដែកពិភពលោកធ្លាក់ចុះ ចំពេលតម្រូវការនៅប្រទេសធំៗកំពុងខ្សត់ខ្សោយ


តម្លៃដែកថែបពិភពលោក ដែលបានកើនឡើងខ្លាំងដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកនេះ បានចាប់ផ្ដើមបង្ហាញពីការធ្លាក់ចុះមកវិញហើយ បន្ទាប់ពីតម្រូវការដែកថែបនៅក្នុងប្រទេសដែលមានតម្រូវការធំៗដូចជា ចិនជាដើម និងការកើនឡើងនៃការនាំចូលដែកថែបពីរុស្ស៊ីចូលទៅក្នុងតំបន់អាស៊ីចេញ។ នេះបើតាមការអះអាងរបស់សម្ព័ន្ធឧស្សាហកម្មថៃ។
តម្លៃដែកពិភពលោកធ្លាក់ចុះ ចំពេលតម្រូវការនៅប្រទេសធំៗកំពុងខ្សត់ខ្សោយ

លោក Nava Chantanasurakon ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថែបរបស់ថៃ នៃសម្ព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការប្រែប្រួលតម្លៃបានធ្លាក់ចុះចាប់តាំងពីខែមិថុនា ដោយតម្លៃដែកនៅក្នុងទីផ្សារអាស៊ីបានធ្លាក់ចុះចន្លោះពី ៣,២% ទៅ ៤,៩% នៅក្នុងខែមិថុនា និង ធ្លាក់ចុះបន្ថែមទៀតចន្លោះពី ៥,២% ទៅ ១៦,៣% នៅក្នុងខែកក្កដា។ ការថយចុះនេះត្រូវបានសន្មតថាដោយសារគោលនយោបាយគ្មានកូវីដរបស់ទីក្រុងប៉េកាំងបាននាំឱ្យមានការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរឹងនៅតាមទីក្រុងធំៗរបស់ប្រទេសចិន ដែលធ្វើឱ្យក្រុមហ៊ុនធំៗនៅក្នុងប្រទេសនេះត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ បន្ត្រីជាន់ខ្ពស់នៃសម្ព័ន្ធឧស្សាហកម្មថៃរូបនេះ បានបន្ថែមថា កត្តាទាំងនេះបានបន្ថយតម្រូវការដែកនៅប្រទេសចិនដែលបានធ្លាក់ចុះ ៦,៩ % មកនៅត្រឹម ៥០១ លានតោនក្នុងឆមាសទី ១ ឆ្នាំនេះ។ ជាមួយគ្នានេះ ការនាំចេញផលិតផលដែករបស់ចិនក៏មានប្រហែលជាង ៣៤ លានតោននៅក្នុងឆមាសទី ១ឆ្នាំនេះ ខណៈភាគច្រើននៃការនាំចេញត្រូវបានលក់ក្នុងតម្លៃទាប។ ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថែបរបស់ថៃ លោក Nava បានគូសបញ្ជាក់ទៀតថា កត្តាសំខាន់មួយទៀត ដែលធ្វើឲ្យតម្លៃដែកធ្លាក់ចុះនោះ គឺការកើនឡើងនៃការនាំចេញផលិតផលដែកពីរុស្ស៊ីទៅកាន់អាស៊ី ដោយរុស្ស៊ីមិនអាចលក់ទៅអឺរ៉ុបបានបន្ទាប់ពីមានការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃរបស់លោកខាងលិច។

យ៉ាងណាមិញ នៅក្នុងប្រទេសថៃវិញ តម្រូវការផលិតផលដែកក៏បានធ្លាក់ចុះ ១៣%ដែរ ក្នុងឆ្នាំនេះ បើធៀបកាលពីឆ្នាំមុន ពោលគឺមានមកនៅត្រឹមជិត ៩ លានតោន ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះនៃការវិនិយោគក្នុងវិស័យសំណង់ និង លក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងប្រឈមដោយវិបត្តិសកល។ កត្តាទាំងនេះ បានបណ្តាលឱ្យមានការប៉ះពាល់ខ្លាំងនៅក្នុងការផលិតដែកក្នុងប្រទេសថៃ ដែលផលិតបានដល់ទៅជាង ៣៣% នៃតម្រូវការសរុប នៅចំពេលតម្លៃសម្រាប់ថាមពល និង វត្ថុធាតុដើមកំពុងកើនឡើងខ្ពស់។

អ្នកជំនាញនៅក្នុងឧស្សាហកម្មដែកបានបង្ហាញក្ដីរំពឹងថា តម្រូវការពិភពលោកសម្រាប់ដែកថែប នឹងធ្លាក់ចុះនៅក្នុងឆ្នាំ ព្រោះតែសេដ្ឋកិច្ចពិភពលោកថមថយចុះ បញ្ហាអតិផរណាកើនឡើង ការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ដកើតមាន។

អ្នកជំនាញ បានជំរុញឱ្យរដ្ឋាភិបាលថៃតាមដានទីផ្សារដែកក្នុងប្រទេសថៃឲ្យបានហ្មត់ចត់ អំពីបញ្ហាលក់បង្ហខូចថ្លៃ ហើយប្រទេសថៃ ក៏ត្រូវយកចិត្តទុកដាក់ចំពោះករណីសង្ស័យលក់បង្ខូចថ្លៃណាមួយដែលអាចកើតឡើង ព្រោះថា ប្រទេសថៃ ក៏មិននៅឆ្ងាយប៉ុន្មានពីប្រទេសចិន និងឥណ្ឌាដែរ ដែលប្រទេសទាំងពីរនេះ គឺជាប្រទេសផលិតដែកធំៗជាងគេបំផុតរបស់ពិភពលោក ដែលទីផ្សារទាំងពីរនេះរួមបញ្ចូលគ្នាទៅ គឺមានសមត្ថភាពអាចផលិតដែកបានដល់ទៅ១ពាន់២រយលានតោនក្នុងមួយឆ្នាំ ដែលមានចំណែកទីផ្សារ៦២% នៃការផលិតដែកសរុបនៅទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន PetroVietnam គ្រោងនឹងបោះទុនវិនិយោគជិត ១៩ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងស្រុក

ក្រុមហ៊ុន PetroVietnam Power ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Vietnam Oil and Gas Group ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានប្រកាសពីផែនការសាងសង់រោ…

បើចិនពិតជាវាយកោះតៃវ៉ាន់មែននោះ តើនឹងត្រូវខាតបង់ក្នុងទំហំប៉ុនណា?

របាយការណ៍ស្តីពីផលប៉ះពាល់របស់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលអាចកើតមានលើប្រទេសចិន ក្នុងករណីដែលចិនពិតជាវាយយកតៃវ៉ាន់ដោយកម្លាំង បានបង្កក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ