ព្រលានយន្តហោះអន្តរជាតិតារាសាគរបន្តពន្យារពេលបើកដំណើរការ

គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង បន្ដពន្យារដល់ចុងឆ្នាំ២០២២


គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង នៅក្នុងខែកក្កដាខាងមុខនេះ ត្រូវបានពន្យារពេលទៀតហើយ គឺពន្យារពេលរហូតដល់ចុងឆ្នាំ២០២២វិញ ក្រោយមានការរាំងស្ទះក្នុងការបំពេញបែបបទបច្ចេកទេស និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសការរឹតបន្តឹងវិធានការគ្មានកូវីដរបស់ចិន។ នេះបើតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
គម្រោងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង

បច្ចុប្បន្ន គម្រោង​អាកាសយានដ្ឋាន​មួយ​នេះ បាន​បញ្ចប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បំពាក់​ឧបករណ៍​បច្ចេកទេស​មួយ​ចំនួន​រួចរាល់​ហើយ ព្រមទាំង​ទើបតែ​ទទួល​បាន​ជោគជ័យ​លើ​ការ​ហោះហើរ​តេស្ត​ផ្លូវ​រត់ និង​ឧបករណ៍​បច្ចេកទេស​មួយ​ចំនួន​ដំណាក់កាល​ទី​១​ផង​ដែរ​។

ពេលវេលាជាក់លាក់នៃការការដាក់ឲ្យដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្រោយក្រុមហ៊ុនញូញៀន ឌីវេលឡុបមិន ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋាននេះ បានស្នើសុំពន្យារពេលជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ទើបដាក់សំណើរមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីស្នើសុំបន្តពន្យារពេលនៃការបើកដំណើរការសាកល្បងដល់ចុងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តម បានគូសបញ្ជាក់ថា ការសុំបន្តពន្យារពេលបើកដំណើរការនេះ គឺដោយសារក្រុមហ៊ុនមានការរាំងស្ទះក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។ ការរឹតបន្តឹងវិធានការគ្មានកូវីដ-១៩ របស់ចិនតឹងរឹងពេក ក៏ជាមូលហេតុមួយផងដែរ ដ្បិតថាវាបានធ្វើឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារនិងឧបករណ៍មួយចំនួនសម្រាប់បម្រើឲ្យការអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះនេះ។

តាមគម្រោងព្រលានយន្តហោះតារាសាគរខេត្តកោះកុងនេះ គ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែកក្កដាងមុខ បន្ទាប់ពីសុំពន្យារពេលបើកដំណើរការជាច្រើនលើករួចមក។ បច្ចុប្បន្ន ការសាងសង់ព្រលានយន្តហោះនេះ សម្រេចបានស្ទើរតែ១០០% ហើយ ហើយកាលពីពេលថ្មីៗ ព្រលានយន្តហោះនេះ ទើបប្រកាសពីភាពជោគជ័យលើការហោះហើរសាកល្បងលើកទី១ក្នុងក្របខណ្ឌធ្វើតេស្តផ្លូវរត់ និងឧបករណ៍បច្ចេកទេសមួយចំនួនផងដែរ។

តាមគម្រោងព្រលានយន្តហោះអន្តរជាតិដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Union Development Group នេះគ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីដើមឆ្នាំ២០២១ ហើយត្រូវបានពន្យារពេលដល់ត្រីមាសទី១ឆ្នាំ២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំបញ្ហាអាកាសធាតុ។ ព្រលានយន្តហោះនេះអភិវឌ្ឍដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍ១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។

តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨០មានទុនវិនិយោគសរុប២,៨ពាន់លានដុល្លារនៅ៥ខែ ឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល ៥ខែ ដំបូងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៨០គម្រោង ដែ…

ធនាគារជាតិដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីឆ្លើយតបការលូតលាស់ឆាប់រហ័សនៃវិស័យអចលនទ្រព្យ

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដោយជាការឆ្លើយតបទៅនឹងការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យអចលនទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ