ទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុនសកលកំពុងរងការប៉ះទង្គិចដោយសារ វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande


វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Evergrande ធ្វើឱ្យរង្គោះរង្គើទីផ្សារភាគហ៊ុនជុំវិញសកលលោក ដែលបានធ្វើឲ្យសេដ្ឋវិទូព្រមានពីការដើរយឺតនៃកំណើនសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចផងដែរ បើសិនរដ្ឋចិនមិនអាចស្រោចស្រង់ក្រុមហ៊ុននេះបាន។
ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande
ដោយ

រលក​នៃ​ការ​ព្រួយបារម្ភ​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​ចិន បាន​បក់​បោក​ឆ្លងកាត់​ទីផ្សារ​ភាគហ៊ុន​សកលលោក ដោយសារ​តែ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ទី​២​របស់​ចិន Evergrande បាន​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាប់បំណុល​ច្រើន​បំផុត កំពុង​ឈរ​នៅ​​មាត់ជ្រោះ​ឈានទៅរកការដួលរលំ។ ​ប្រការ​នេះ​ធ្វើ​ឲ្យ​វិនិយោគិន​នានា ពិសេស​អ្នក​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​ធំ​ៗ​គ្រប់​គ្នា​ព្រួយបារម្ភ​ខ្លាំង​ពី ផល​អាក្រក់​ដែល​ជះ​ផល​មិនល្អ​មក​លើ ផលិតផល​ក្នុងស្រុក​សរុប និង​តម្លៃ​ទំនិញ​អន្តរជាតិ​ផង​ដែរ​។

ក្រុមហ៊ុន​អចលនទ្រព្យ​អេ​វឺ​ហ្គ្រា​ន (Evergrande) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​លំដាប់​ទី​២​នៅ​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​រកស៊ី​លើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ច្រើន​មុខ​ផ្សេង​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្លាក់ខ្លួន​មួយ​រំពេច​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ជាប់ជំពាក់​បំណុល​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​កំពុង​ប្រឈម​នឹង​ការ​ដួល​រលំ​ក្ស័យធន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

គិត​ត្រឹម​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០២១ ក្រុមហ៊ុន Evergrande ជំពាក់​លុយ​ម្ចាស់បំណុល​ដល់​ទៅ​ជាង​៣០០​ពាន់លាន​ដុល្លារ ឬ​ស្មើនឹង​ទំហំ​ប្រមាណ ២% នៃ GDP របស់​ប្រទេស​ចិន​ទៅ​ហើយ ដែល​វា​ជា​ចំនួន​បំណុល​ដ៏​ច្រើន​បំផុត​មួយ​មិន​ធ្លាប់​មាន​។

វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Evergrande បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់ទី​ផ្សារភាគហ៊ុន​សកលលោក​យ៉ាង​ខ្លាំង ហើយ​អ្នកជំនាញ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អះអាង​ថា វា​នឹង​បញ្ជូន​រលក​នៃ​ផល​ប៉ះពាល់​អាក្រក់​នេះ ទៅ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​សកលលោក ប៉ុន្ដែ​គេ​ជឿជាក់​ថា បញ្ហា​នេះ នឹង​ត្រូវ​បាន​ទប់ស្កាត់​ដោយ រដ្ឋាភិបាល​ចិន មុន​ពេល​វា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ធនាគារ ឬ អាច​រីក​រាលដាល​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​។

សំណួរ​ដែល​សំខាន់​នា​ពេល​នេះ គឺថា តើ​នៅ​ពេល​ណា? និង​ត្រូវធ្វើ​ដោយ​របៀប​ណា ទើប​រដ្ឋាភិបាល​ចិន គ្រប់គ្រង​ស្ថានការណ៍​មួយ​នេះ ឬ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន China Evergrande Group ឡើង​វិញ​បា?

វិនិយោគិន​អន្តរជាតិ សុទ្ធតែ​បង្ហាញ​ពី​ក្តី​បារម្ភ​ថា រដ្ឋាភិបាល​ចិន អាច​នឹង​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ ម្ចាស់​ភាគហ៊ុន និង ម្ចាស់បំណុល​ក្នុងស្រុក ដោយ​ក្រុមហ៊ុន កំពុង​ប្រឈម​មុខ​នឹង​ការ​បង់​សងបំណុល​នៅ​ក្រៅប្រទេស ក្នុង​ស​ប្តា​ហ៍​នេះ​។

ផ្សារ​ហ៊ុន​ធំ​ៗ នៅ​ក្នុង​សហរដ្ឋអាមេរិក ដូច​ជា Dow Jones ធ្លាក់​ចុះ​ប្រមាណ ៦១៤​ពិន្ទុ ឬ​ប្រមាណ​១,៨% ជា​តួលេខ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នោះ​ទេ គិត​ចាប់តាំងពី​ខែកក្កដា​មក​។ ផ្សារ​ហ៊ុន​របស់ ខេត​ធឺ ភី​ល​ឡា (Cater pillar) និង Goldman Sachs ជា​អ្នក​ខាតបង់​ច្រើន​បំផុត​នៅ​លើ​ទីផ្សារ​គោល ដោយ​វិនិយោគិន​រង់ចាំ​មើល ធនាគារកណ្តាល​អា​មេ​រិ​ក ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​បញ្ហា​រូបិយ​វត្ថុ​។

បើ​តាម​ការ​អះអាង​ពី​អ្នក​យុទ្ធសាស្ត្រ នៃ​ក្រុមហ៊ុន​ធំ​មួយ​ប្រចាំ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​របស់​អង់គ្លេស បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​នៃ​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន Evergrande នឹង​ធ្វើ​ឲ្យ សេដ្ឋកិច្ច​ប្រទេស​ចិន ដើរ​យឺត​ជាង​មុន ដូច្នេះ​ហើយ វា​ប៉ះពាល់​ដល់ កំណើនសេដ្ឋកិច្ច​សកល អត្រា​អតិផរណា និង​ប៉ះពាល់​ដល់​តម្លៃ​ទំនិញ ជាដើម ល​។

ផ្សារ​ហ៊ុន​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា TNasdaq ក៏​ធ្លាក់​ចុះ ២,២%​ដែរ ស្រប​ពេល​ដែល ផ្សារ​ហ៊ុន S&P 500 ធ្លាក់​ចុះ ១,៧% ហើយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​កំពូល​ៗ​ចំនួន ៣ ធ្លាក់​ចុះ​ដូច​គ្នា រួម​មាន ពី​ន ដូ​វ​ដូ​វ  ប៉ៃ​ឌូ Pinduoduo, Baidu និង JD.com​។ នៅ​ក្នុង​ប៉ែក​អឺរ៉ុប​ឯណោះ​វិញ ផ្សារ​ហ៊ុន​ធំ​ៗ ដូច​ជា FTSE 100 ក្នុង​ទីក្រុង​ឡុ​ង​ដ៍ និង Euro Stoxx ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២១ ខែកញ្ញា​នេះ ផ្សារ​ហ៊ុន​នី​កេ Nikkei របស់​ជប៉ុន ក៏​ដើរ​តាម​លំនាំ​នេះ​ដែរ ដោយ​បាន​ធ្លាក់​ចុះ ២% ដែល​ជា​ការ​ធា្ល​ក់​ចុះ​មិន​ធ្លាប់​មាន​តាំងពី​ខែមិថុនា​មក​។

តម្លៃ​ហ៊ុន​របស់ Evergrande ក៏​ធ្លាក់​ចុះ ១០% បន្ថែម​ទៀត​កាលពី​ថ្ងៃ​ទី ២០ ខែកញ្ញា​នេះ ដែល​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​ឈាន​ដល់ ៨៤% សម្រាប់​មួយ​ឆ្នាំ​នេះ​។

ក្រុមហ៊ុន Evergrande ចាប់ផ្តើម​សង​ម្ចាស់បំណុល​ជា អា​ផាត​មិន​, កន្លែង​ចំណត និង​ទីតាំង​ពាណិជ្ជកម្ម​ជំនួស​ឲ្យ ការ​ខកខាន​សង​ជា​សាច់ប្រាក់ បន្ទាប់​ពី​ជួប​បញ្ហា​សង​អត្រា​គូ​ប៉ុង ឬ​ការ​ប្រាក់​សម្រាប់​បណ្ណ​បំណុល​របស់​ខ្លួន កាលពី​ស​ប្តា​ហ៍​មុន ហើយ​បើសិនជា ក្រុមហ៊ុន​មិន​ទូទាត់​សង ក្នុង​រយៈពេល ១​ខែ​ទេ នោះ​ក្រុមហ៊ុន​នឹង​ជាប់​ឈ្មោះ​ជា អ្នក​រត់​ចោល​បំណុល​។

សេដ្ឋវិទូ​ជា​ច្រើន បាន​ព្រមាន​ថា បើសិនជា ការ​ក្ស័យធន កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់ ឥទ្ធិពល​ច្បាស់លាស់​នោះ​ទេ ផល​លំបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់ GDP ចិន ដល់​ទៅ ៤% ដោយសារ​តែ សកម្មភាព​អចលនទ្រព្យ​ដួល​រលំ និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ កាន់តែ​តឹងរ៉ឹង​។

អ្វី​ជា​មូលហេតុ​ធំ​២ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​ចិន Evergrande ដើរមក​ដល់​ចំណុច​ផ្លូវ​ក្ស័យធន​នេះ?

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ធំ​ៗ​ចំនួន​២ របស់​អា​មេ​រិ​ក​រួម​មាន​កាសែត The New York Times និង សារព័ត៌មាន CNBC បាន​ចុះ​ផ្សាយ​ស្រ​ដៀង​គ្នា​ថា មាន​កត្តា​ធំ​ៗ​ចំនួន​២ ដែល​ដែល​រុញច្រាន​ឲ្យ​ក្រុមហ៊ុន Evergrande ជួប​វិបត្តិ​បំណុល​វណ្ឌ​ក កើនឡើង​ដល់​ជាង ៣០០ ពាន់​លាន​ដុល្លារ​ដូច​ពេល​នេះ​។

កត្តា​ធំ​ទី​១ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ទម្លាប់​ខ្ចីប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ពី​ម្ចាស់បំណុល អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ផ្តល់​មូលនិធិ​ជំរុញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន​។ 

ម្យ៉ាង ក៏​ដោយសារ​តែ​អាជ្ញាធរ​ចិន​កំពុង​បង្ក្រាប​ទម្លាប់​ខ្ចីប្រាក់​ដោយ​គ្មាន​ភាព​ប្រុង​ប្រយ័ត្ន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា ផង​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក្រុមហ៊ុន Evergrande បាន​ខិតខំ​ប្រឹងប្រែង​លក់​អាជីវកម្ម​របស់​ខ្លួន​ក្នុង​តម្លៃ​សមរម្យ ប៉ុន្តែ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ​។ គម្រោងការ​លក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន ក៏​នៅ​ជាប់​គាំង​មិន​ទាន់​អាច​ដំណើរការ​លក់​បាន​ទាល់តែ​សោះ​។

កត្តា​ទី​២ គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ ហើយ​មិនសូវ​មាន​តម្រូវការ​ផ្ទះ ឬ​អា​ផាត​មិន​ថ្មី​ៗ​ច្រើន​នោះ​ទេ​។ ដើម្បី​ទាក់ទាញ​អតិថិជន ក្រុមហ៊ុន Evergrande បាន​លក់​ផ្ទះ​ដោយ​បញ្ចុះតម្លៃ​ទាប​ជាង​មុន ក៏​ប៉ុន្តែ​នៅ​តែ​មិន​អាច​ទាក់ទាញ​អតិថិជន​ថ្មី​បាន​ដដែល​។ អត្រា​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ ២៩% សម្រាប់​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០២១​នេះ​។

សូម​ជម្រាប​ដែរ​ថា កំណើនសេដ្ឋកិច្ច​សកល គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង សេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​មួយ​សម្រេច​កំណើនសេដ្ឋកិច្ច​ខ្ពស់​កាលពី​ឆ្នាំ ២០២០ អំឡុង​ពេល​នៃ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ដូច្នេះ​ហើយ ផល​ប៉ះពាល់​ទៅ​សេដ្ឋកិច្ច​របស់​ចិន នឹង​ជះ​ឥទ្ធិពល​ទៅ​កាន់​ទីផ្សារ​សកលលោក​ដូច​គ្នា​ដែរ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី៤% មកនៅត្រឹម១,៩%វិញសម្រាប់ឆ្នាំ២០២១នេះ!

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយថានឹងរកបា…

ថៃវិលមករកកិច្ចព្រមព្រៀង CPTPPឡើងវិញ ក្រោយឃើញវត្តមានចិនដាក់ស្នើសុំចូលរួម

បន្ទាប់ពី មហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺចិន បានស្នើសុំចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ