នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃទី១៧ កុម្ភៈ ២០២០ GMAC បាននិយាយថា អ្នកទទួលអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីអនុគ្រោះពន្ធ EBA នេះ គឺវិស័យកាត់ដែរ និងផលិតផលធ្វើដំណើរនៅកម្ពុជា ដែលតំណាងឲ្យចំនួនប្រមាណ ៧៥% នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងប្រមាណ ៩០% នៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
GMAC បានបន្ថែមថា វិស័យកាត់ដេរនិងផលិតផលធ្វើដំណើរ ដែលគាំទ្រដោយ EBA ផ្ដល់ការងារដល់ប្រជាជនលើស ៧សែន ៥ម៉ឺននាក់ និងបានរួមចំណែកទាញប្រជាជនកម្ពុជារាប់លាននាក់ចេញផុតពីភាពក្រីក្រ។
GMAC បាននិយាយយ៉ាងដូច្នេះថា "ការដកដោយផ្នែកនៃកម្មវិធី [EBA]នេះ នឹងបានត្រឹមតែធ្វើឲ្យបាត់បង់ការងារ និងនាំឲ្យមានភាពក្រីក្រប៉ុណ្ណោះ។"
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (EBA) ពីកម្ពុជា ដោយប៉ះពាល់លើទំនិញនាំចេញសម្លៀកបំពាក់មួយចំនួន ក៏ដូចជា ស្បែកជើង ផលិតផលធ្វើដំណើរ និងស្ករស។
លោក Adam Kaznowski មន្ត្រីនាំពាក្យនៃគណៈកម្មការអឺរ៉ុប បាននិយាយតាម twitter ដូច្នេះថា ”គណៈកម្មការអឺរ៉ុបបានសម្រេចចិត្តដកផ្នែកខ្លះនៃការអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដែលបានផ្តល់ដល់ប្រទេសកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្ស។”
លោក Josep Borrell Fontelles អនុប្រធានរបស់គណៈកម្មការអឺរ៉ុប ត្រូវបានដកស្រង់សម្ដីដូច្នេះថា “សេចក្តីសម្រេចចិត្តថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ចំពោះប្រជាជនកម្ពុជា សិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ ដើម្បីទទួលអនុគ្រោះពាណិជ្ជកម្មឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការចាំបាច់។”
ប៉ុន្តែ GMAC នៅក្នុងប្រតិកម្មរបស់ខ្លួន បាននិយាយថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប... នឹងលើកទឹកចិត្តអ្នកបញ្ជាទិញឲ្យទៅទិញពីប្រទេសដទៃទៀត ដែលមានការគោរពសិទ្ធិសហជីពអន់ឆ្ងាយជាងកម្ពុជា ហើយទំនងជាបណ្ដាលឲ្យបាត់បង់ការងារដល់កម្មកររាប់ម៉ឺននាក់ ដែលពួកគេភាគច្រើនជាសមាជិកសហជីព ហើយធ្វើឲ្យមានភាពក្រីក្រកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។
យោងតាមទិន្នន័យជាផ្លូវការ បានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានតម្លៃ ៥,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលកើនឡើង ២៩,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។
មុននឹងឈានដល់ការផ្អាកផ្នែកខ្លះនៃ EBA នេះ សហភាពអឺរ៉ុបបាននិយាយក្នុងរបាយការណ៍៍របស់ខ្លួនថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងនីតិរដ្ឋ ក្នុងនោះ រួមមាន ការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលជាអតីតមេដឹកនាំគណបក្សប្រឆាំងដ៏ធំក្រោមការចោទប្រកាន់ក្បត់ជាតិ និងការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់អ្នកនយោបាយចំនួន ១១៨ រូប ដោយតុលាការកំពូល មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ។
ការរំលាយគណបក្សប្រឆាំងមួយនេះ ក៏មានការដកហូតតំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ តំណែង ផងដែរ របស់គណបក្សសង្គ្រោះជាតិ ក្រោយការជាប់ឆ្នោត កាលពីខែមិថុនា ឆ្នាំ២០១៧៕