លោក ជីតធី ថាងស៊ិតផាកឌី (Jitti Tangsithpakdi) ប្រធានសមាគមពាណិជ្ជករមាសថៃ រំពឹងថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ បើទោះបីមកទល់ពេលនេះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក មិនកើតឡើងដូចអ្វីដែលខ្លួនបានរំពឹងទុកក៏ដោយ។ នៅក្នុងការវាយតម្លៃកន្លងមកអ្នកជំនាញរូបនេះរំពឹងធនាគារកណ្តាលអាម៉េរិកនឹងទម្លាក់អត្រាការប្រាក់ពី៣ទៅ៤ដងនៅឆ្នាំនេះ ដែលនឹងជំរុញឱ្យតម្លៃមាសពិភពលោកកើនឡើងដល់២ពាន់៥រយដុល្លារក្នុង១អោននៅចុងឆ្នាំនេះ។
ការធ្វើអត្ថាធិប្បាយបែបនេះរបស់លោក ជីតធី ធ្វើឡើងស្របពេលដែលតម្លៃមាសនៅក្នុងប្រទេសថៃ មានតម្លៃជិត២ពាន់៣រយដុល្លារក្នុង១អោន កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានធ្លាក់ចុះជាង១%កាលពីពេលថ្មីៗ។ តម្លៃមាសនៅថៃ បានធ្លាក់ចុះជាង១៣០ដុល្លារ បន្ទាប់ពីវាបានឡើងដល់កម្រិតខ្ពស់បំផុត គឺជាង២ពាន់៤រយដុល្លារនៅក្នុង១អោន កាលពីអំឡុងខែមេសា កន្លងទៅថ្មីៗនេះ។
ការធ្លាក់ចុះតម្លៃមាសនៅក្នុងប្រទេសថៃ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា ត្រូវបានជំរុញជាចម្បងដោយការលក់ភ័យស្លន់ស្លោ ជាពិសេសពីក្រុមអ្នកទិញមាសសម្រាប់លក់យកចំណេញ តែឥឡូវនេះលោកកំពុងមើលឃើញសញ្ញាល្អនៃការគាំទ្រសម្រាប់ទីផ្សារមាស។
ដោយឡែកលោក ជុឡាធី នួលប្លាប ( Cholathis Nualplab ) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Hua Seng Heng Gold Futures បានយល់ស្របថា តម្លៃមាសអាចឡើងដល់២ពាន់៥រយដុល្លារនៅក្នុង១អោននៅចុងឆ្នាំនេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា វិនិយោគិនបានចាប់ផ្តើមមានការព្រួយបារម្ភអំពីការជាប់គាំងក្នុងការកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីអតិផរណាមិនទាន់បានធូរស្រាល ហើយធនាគារកណ្តាលបាននិយាយថា ខ្លួនមិនមានគម្រោងដំឡើងអត្រាការប្រាក់នោះទេ៕
ដោយៈ សរ សុជាតិ