តម្លៃមាសធ្លាក់ចុះមួយរំពេច ក្រោយលោក ត្រាំ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស


តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង១%មកនៅក្រោម៤ពាន់ដុល្លារក្នុងមួយតម្លឹងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។ អ្នកវិភាគបានអះអាងថា ប្រសិនបើអាម៉េរិក និងប្រទេសដទៃ ជាពិសេសចិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែរនោះ តម្លៃមាសនឹងបន្តដាំក្បាលចុះបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃមាសធ្លាក់ចុះ!
ដោយ

ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀ ស្តាមម័រ (Keir Starmer) ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយរក្សាពន្ធបដិការ១០%លើទំនិញនាំចូលពីចក្រភពអង់គ្លេស ហើយអង់គ្លេសបានយល់ព្រមបញ្ចុះពន្ធលើទំនិញអាម៉េរិកពី៥,១%មកនៅត្រឹម១,៨% និងបើកផ្លូវទទួលទំនិញរបស់សហរដ្ឋអាម៉េរិកបន្ថែម បានទាញទម្លាក់ឱ្យតម្លៃមាសធ្លាក់ចុះមួយរំពេច។

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង១% មកនៅត្រឹម៣ពាន់៩រយ៧០ដុល្លារក្នុងមួយតម្លឹងហើយគេបានព្យាករថា នឹងបន្តចុះបន្ថែមទៀតប្រសិនបើអាម៉េរិកបន្តសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដទៃ ជាពិសេសចិន។

លោក បប ហាបឺខន (Bob Haberkorn) អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅទីផ្សារជួញដូរមាសដ៏ធំមួយជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក និងចិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយជាមួយគ្នា នោះតម្លៃមាសអាចនឹងបន្តចុះដល់៣ពាន់៨រយ៤០ដុល្លារក្នុងមួយតម្លឹង។ មកដល់ពេលនេះគេនៅមិនទាន់ដឹងទេថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសណាមួយបន្ថែមទៀតនៅឡើយទេ ស្របពេលចិន និងអាម៉េរិកគ្រោងជួបពិភាក្សាគ្នាលើបញ្ហាពន្ធនៅចុងសប្តាហ៍នេះ។

ក្រោយសហរដ្ឋអាម៉េរិកបង្ហើបពីបំណងចង់ចរចាជាបន្តបន្ទាប់ជាមួយចិន លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិក និងលោក ជេមីសុន ហ្គៀ (Jamieson Greer) គ្រោងនឹងជួបជាមួយមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិននៅថ្ងៃសៅរ៍ នៅប្រទេសស្វីស ដើម្បីបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលអាម៉េរិកដាក់ពន្ធលើចិន១៤៥% ហើយចិនដាក់ពន្ធលើអាម៉េរិក១២៥%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែមេសា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»

កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ អេ អឹម ខេ បានដាក់ដំណើរការយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត» ជាមួយនឹងរង្វាន់សរុប ១៦៨រង្វាន់សម្…

ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការជាផ្លូវការ សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ 8 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រារព្ធធ្វើពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាបង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ