លោកឧត្តមសេនីយ៍ឯក ថាតឆៃ ពីតានីឡាប៊ុត (Thatchai Pitaneelabut) អគ្គស្នងការរងនគរបាលជាតិថៃ បានព្រមានកាលពីថ្ងៃទី៣ ខែមករា ថា ក្នុងចំណោមហាងលក់មាសប្រមាណ១,០០០កន្លែងក្នុងទីក្រុងបាងកក មានប្រមាណ១០០កន្លែងកំពុងស្ថិតក្នុងតំបន់ក្រហម ដែលងាយនឹងរងគ្រោះដោយសារការប្លន់។ មេប៉ូលិសរូបនេះបានជំរុញអាជីវករករលក់មាសដែលស្ថិតក្នុងតំបន់ហានិភ័យទាំងនោះ គួរពិចារណាជួលភ្នាក់ងារសន្តិសុខ ដំឡើងរបារដែកការពារ និងប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា និងត្រូវប្រាកដថាហាងមាសមានការធានារ៉ាប់រងគ្រប់គ្រាន់ ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងសុវត្ថិភាពរបស់ប្រជាជននោះទេ ថែមទាំងភ្ញៀវទេសចរផងដែរ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានករណីប្លន់ហាងលក់មាសដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដោយក្រុមចោរប្លន់បានប្រមូលយកគ្រឿងអលង្ការ មាស និងសាច់ប្រាក់ប្រមាណ៤៧លានដុល្លាររួចរត់គេចខ្លួនបាត់ស្រមោល។ អ្វីដែលគួរឱ្យបារម្ភ ករណីប្លន់មួយចំនួនថែមទាំងមានការបាញ់សម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅទៀតផង។
អ្នកជំនាញបានលើកឡើងថា ការកើនឡើងអំពើប្លន់ហាងលក់មាសនេះបានកើតឡើងក្រោយតម្លៃមាសមានការហក់ឡើងខ្ពស់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងរយៈពេល១២ខែចុងក្រោយនេះ តម្លៃមាសដុំនៅក្នុងប្រទេសថៃបានកើនឡើងរហូតដល់៥៦%។ នៅក្នុងប្រទេសថៃ ហាងមាសធំៗ និងមធ្យមភាគច្រើនបើកដំណើរការនៅក្នុងផ្សារទំនើបធំៗ ដែលធ្វើឱ្យការប្លន់ហាងលក់មាសម្តងៗបានបង្កការភ្ញាក់ផ្អើល និងគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពសាធារណៈ៕
អត្ថបទៈ សួន ឡង់ទី