Advertisement
អគារ​ខ្ពស់ Gold Tower

អគារ​ជាប់​កំណត់ត្រា​សង់​យូរ​ជាង​គេ​បង្អស់ Gold Tower ៤២ជាន់ បន្ត​ពន្យារ​ពេល​៦​ខែ​ទៀត


អគារ​ភ្លោះ​ពាណិជ្ជកម្ម Gold Tower កម្ពស់​៤២​ជាន់ ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាងសង់ ប្រមាណ ២៤០​លាន​ដុល្លារ​អាមេរិក បាន​ដាក់​ពាក្យ​ជូន​ដំណឹង​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​ថា ខ្លួន​នឹង​ចាប់​ផ្តើម​ការ​សាងសង់​បន្ត​ឡើង​វិញ នៅ​រយៈពេល ៦​ខែ​ទៀត។
សំណង់​អគារ​ភ្លោះ Gold Tower ៤២ជាន់ ដែល​ជាប់​គាំង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ
អំពី អគារ Gold Tower 722
Advertisement

ការ​ជូន​ដំណឹង​សា​ជាថ្មី​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​មួយ​នេះ បាន​អះអាង​យ៉ាង​ដាច់​ខាត​ថា អគារ Gold Tower ៤២​ជាន់ ​នឹង​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​នៅ​ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ។ 

តើ​នេះ​គឺ​ជា​ការ​សន្យា​ចុង​ក្រោយ​មែន​ទេ? ម្តង​នេះអាច​នឹង​បញ្ចប់​ពាក្យ​អាចាម​អារ៉ាម​ថា ជា​អគារ​ខ្មោច​ដែរ ឬ​មួយ​យ៉ាង​ណា?

បើ​យោង​តាម​មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន YONWOO CAMBODIA ដែល​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង បាន​ដាក់​ពាក្យ​ជូន​ដំណឹង​ស្តីពី​ការ​ពន្យារ​ពេល​សាងសង់​អគារ ៤២​ជាន់​សា​ជា​ថ្មី​ម្តង​ទៀត​ហើយ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។ បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង ក្រុមហ៊ុន​នឹង​ពន្យារ​ពេល​រហូត​ដល់​៦​ខែ​ទៀត។ បាន​ន័យ​ថា ពន្យារ​ពេល​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ទើប​ធ្វើការ​សាងសង់។ 

បើ​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ​ដដែល​បាន​អះអាង​ថា ការ​ពន្យារ​ការ​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​នេះ​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ម្ចាស់​គ្រប់គ្រង​គម្រោង​នេះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បញ្ចប់​គម្រោង​នេះ​ឲ្យ​ទាល់​តែ​បាន​ដោយ​មិន​មាន​ការ​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ឡើយ។

គម្រោង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​នានា កំពុង​ទន្ទឹង​រង់ចាំ​មើល​ការ​ត្រឡប់​មក​វិញ​នៃ​ម្ចាស់​គម្រោង​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ ប៉ុន្តែ ត្រូវ​បាន​ម្ចាស់​គម្រោង​ពន្យារ​ពេល​សាងសង់​ម្តង​ហើយ​ម្តង​ទៀត ថា​នឹង​សាងសង់​ឡើង​វិញ ចុង​ឆ្នាំ​នេះ ដើម​ឆ្នាំ​នេះ ឬ​ពាក់​កណ្តាល​ឆ្នាំ​នេះ ឆ្នាំ​នោះ បើ​រាប់​ទៅ​មិន​តិច​ជាង​១០​ដង​នោះ​ឡើយ។

ហើយ​គិត​មក​ដល់​ពេល​នេះ រយៈពេល​ជិត​១០​ឆ្នាំ​ហើយ បន្ទាប់​ពី​អគារ​ភ្លោះ ៤២​ជាន់ បាន​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ​២០០៨ ហើយ​ក៏​ផ្អាក​សាងសង់​ទៅ​វិញ​ក្នុង​ឆ្នាំ​២០០៩ ដោយសារ​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក ដែល​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​នេះ​ដែរ។ សព្វថ្ងៃ អគារ​នេះ​សាងសង់​បាន​ត្រឹម​ជាន់​ទី​៣២​ជាន់។

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ បាន​អះអាង​ថា ការ​ពន្យារ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ វា​ជា​សញ្ញា​មួយ ជា​និមិត្ត​រូប​មួយ​មិន​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា។ 

អ្នក​ជំនាញ​ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​​ក្រុមហ៊ុន​​អចលន​ទ្រព្យ KFA បាន​អះអាង​ថា គម្រោង​វិនិយោគ​អគារ​៤២​ជាន់ មក​ដល់​ពេល​នេះ គេ​លែង​រាប់​បញ្ចូល​ជា​បញ្ហា​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ទៀត​ហើយ ពីព្រោះ​បច្ចុប្បន្ន មាន​គម្រោង​អគារ​ខ្ពស់ៗ រាប់​សិប​គម្រោង​ត្រូវ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន ទទួល​បាន​ជោគជ័យ។

Advertisement

ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​ក៏​មិន​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​គម្រោង​ទី១ នៅ​កម្ពុជា​នោះ​ដែរ ខណៈ​សព្វ​ថ្ងៃ​មាន​គម្រោង The Bridge ៤៥​ជាន់ The Peak ៥៥​ជាន់ គម្រោង​វិនិយោគ​អគារ​ពាណិជ្ជកម្ម Koowloon Bay និង អគារ​ភ្លោះ​១៣៣​ជាន់ កំពុង​ចាប់​ផ្តើម​ចេញ​ជា​រូបរាង​បណ្តើរៗ​ហើយ ដូច្នេះ អគារ ៤២​ជាន់​នេះ មិន​មាន​ការ​ចាប់​អារម្មណ៍​ទៀត​ឡើយ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា អគារ​៤២​ជាន់​នេះ ពីមុន​វា​ជា​តួឯក ប៉ុន្តែ ឥឡូវ​លែង​ជាប់​ចំណាត់​ថ្នាក់​ទៀត​ហើយ ជា​រួម គេ​លែង​ចាប់​អារម្មណ៍​នឹង​អគារ​នេះ​ទៀត​ហើយ។ ការ​សាង​សង់​ឬ​មិន​សាង​សង់​ឡើង​វិញ គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​ម្ចាស់​គម្រោង​នេះ​តែ​ប៉ុណ្ណោះ។ ហើយ​គម្រោង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នោះ​ឡើយ។

អគារ Gold Tower 42 ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះ​សីហនុ ជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​ដំណើរការ​សាងសង់​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០០៨ តែ​ត្រូវ​ផ្អាក​វិញ នៅឆ្នាំ​២០០៩ ហើយ​អគារ​នេះ​គេ​អាច​និយាយ​បាន​ថា ជា​អគារ​ដែល​បាន​បំបែក​ឯតទគ្គកម្ម​ក្នុង​ការ​ចំណាយ​ពេល​វេលា​សាងសង់​យូរ​ជាង​គេ​នៅ​កម្ពុជា​ដែរ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលការណ៍ទាំង​១០​របស់​លោក ស្ទីវ ចប ដើម្បី​ជោគជ័យ!

ព័ត៌មាន
លោក​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បិតា​នៃ​យុគ​បច្ចេកវិទ្យា​វិវត្តន៍​ថ្មី ជា​ពិសេស គឺ​ប្រព័ន្ធ​ស្មាតហ្វូន។ លោក​មាន​ទ្រព្យ​សម្បត្តិ​​តម្លៃ​...

៩​ខែ​ឆ្នាំ​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៧៥​លាន​ដុល្លារ​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត

ព័ត៌មាន
គិតត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​​​​មាន​ចំនួន​ជាង​៧៥​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ