អចលនទ្រព្យ

អគារ Gold Tower 42 ជាន់​នឹង​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​នៅ​ខែ​សីហា​បន្ទាប់​ពី​ពន្យារ​ពេល​ជិត​១០ឆ្នាំ


គិត​មក​ដល់​ពេល​នេះ រយៈពេល​ជិត​១០​ឆ្នាំ​ហើយ បន្ទាប់​ពី​អគារ​ភ្លោះ ៤២​ជាន់ បាន​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ​២០០៨ ហើយ​ក៏​ផ្អាក​សាងសង់​ទៅ​វិញ​ក្នុង​ឆ្នាំ​២០០៩ ដោយសារ​តែ​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក ដែល​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​នេះ​ដែរ។ សព្វថ្ងៃ អគារ​នេះ​សាងសង់​បាន​ត្រឹម​ជាន់​ទី​៣២​ជាន់។
សំណង់​អគារ​ភ្លោះ Gold Tower ៤២ជាន់ ដែល​ជាប់​គាំង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ជា​ថ្មី​ថា តំណាង​ក្រុមហ៊ុន YONWOO Cambodia បាន​ជូន​ដំណឹង​មក​កាន់​ក្រសួង​សំណង់​ជា​លើក​ចុង​ក្រោយ​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​សាងសង់​គម្រោង​អគារ​ភ្លោះ Gold Tower 42 ឡើង​វិញ​នៅ​ក្នុង​ឆ្នាំនេះ។

ឯកឧត្តម ឡាវ ទិព្វសីហា មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ប្រាប់ ខេមបូណូមីស ថា បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ខាង​តំណាង​ក្រុមហ៊ុន គឺ​អគារ​នេះ​មិន​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​បន្ត​ឡើយ ហើយ​អគារ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​នេះ​ហើយ។

គម្រោង​អគារ​នេះ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហា​វិថី​ព្រះមុនីវង្ស និង​មហា​វិថី​ព្រះ​សីហនុ ជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​ដំណើរការ​សាងសង់ កាល​ពី​ខែ​មីនា ឆ្នាំ​២០០៨ តែ​ត្រូវ​ផ្អាក​វិញ នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ ដែល​ធ្វើ​ឲ្យ​អគារ​នេះ​ស្ទើរ​តែ​ក្លាយ​ជា​អគារ​និង​ជា​និមិត្តរូប​មិន​ល្អ​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា។

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​កម្ពស់ ៤២​ជាន់​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Yon Woo Cambodia ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាង​សង់​ប្រមាណ ២៤០​លាន​ដុល្លារ ដែល​គ្រោង​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គម្រោង​ប្លង់​មេ​ដើម។

អគារ​នេះ​បាន​ក្លាយ​ជា​គម្រោង​អគារ​ខ្ពស់​ដំបូង​គេ​នៅ​ភ្នំពេញ កាល​ពី​អំឡុង​ឆ្នាំ​២០០៨ ២០០៩ ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង។ ហើយ​ក៏​បាន​បំបែក​ឯតទគ្គកម្ម​ក្នុង​ការ​ចំណាយ​ពេល​វេលា​សាងសង់​យូរ​ជាង​គេ​ដែរ។

យោង​តាម​របាយការណ៍​ពី​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈ​ពេល ៤​ខែ​ដំបូង​នៃ​​ឆ្នាំ​២០១៧​នេះ អគារ​ខ្ពស់ៗ ចាប់​ពី ៥​ជាន់​ឡើង​ទៅ ៥៥​ជាន់ សរុប​មាន​ប្រមាណ ៩០១ អគារ​នៅ​រាជ​ធានី​ភ្នំពេញ។ ហើយ​របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ចំនួន​ជាង ៨​ពាន់ ៥០០​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​កើន​ឡើង ១៥៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ធំ​បំផុត​ទី​៥​របស់​ថៃ​នឹង​ចូល​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា​ឆាប់ៗ​នេះ

ព័ត៌មាន
ធនាគារ​ អាយុធ្យា ឬ​ហៅថា​ធនាគារ ​ក្រុងស្រ៊ី (Krungsri) ធំ​​​បំផុត​ទី​៥​របស់​ថៃ គ្រោង​នឹង​បើក​ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញ​វត្ថុ​នៅ​ក្…

តំបន់​ភាគ​អាគ្នេយ៍​រាជ​ធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​១​កំពុង​តែ​ត្រូវ​ប៉ាន់​ខ្លាំង

ព័ត៌មាន
ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធគឺជារឿងចាំ​បាច់បំផុតសម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជាតិ ពោល​គឺ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​មាន​សរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ