ធនាគារ Goldman បានបង្កើតការិយាល័យរបស់ខ្លួននៅទីក្រុងហុងកុង អស់រយៈពេល៤០ឆ្នាំមក ហើយ និងបានបើកការិយាល័យដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន នៅឆ្នាំ១៩៩៤ ដោយបានបណ្តុះទំនាក់ទំនងសាជីវកម្មយ៉ាងស៊ីជម្រៅនៅទីនោះ ហើយក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាម៉េរិកដទៃទៀត ដែលចិនកំពុងតាមដានយ៉ាងដិតដល់បំផុតផងដែរ។
លោក សូឡូម៉ុន នាយកប្រតិបត្តិក្រុមហ៊ុនធនាគារ Goldman Sachs បានប្រាប់កាសែត Financial Times ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលធនាគារពិភពលោកថា លោកមានទំនុកចិត្តចំពោះការសន្ទនា នាពេលថ្មីៗនេះរវាងរដ្ឋាភិបាលអាម៉េរិក និងរដ្ឋាភិបាលចិន ប៉ុន្តែបានព្រមានថា ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរមានឫសគល់យ៉ាងជ្រាលជ្រៅ។
លោក សូឡូម៉ុន បានបន្ថែមថា ការខ្វែងគំនិតគ្នានេះនឹងត្រូវចំណាយពេលរាប់ឆ្នាំទើបអាចដោះស្រាយបានព្រោះវាជាការខ្វែងគំនិតគ្នាយ៉ាងពិតប្រាកដមួយ ហើយផ្លូវដោះស្រាយដ៏ល្អបំផុតសម្រាប់ការខ្វែងគំនិតគ្នានេះគឺអាម៉េរិក និងចិន ត្រូវពិភាក្សាគ្នាផ្ទាល់ឱ្យបានសកម្មជាទីបំផុត។
លោក សូឡូម៉ុន បាននិយាយកាលពីប្រាំឆ្នាំមុនថា ក្រុមហ៊ុន Goldman កំពុងអនុវត្តយុទ្ធសាស្រ្ត កំណើននៅគ្រប់តម្លៃទាំងអស់ ឬហៅថា Growth at all Costs នៅក្នុងប្រទេសចិន ប៉ុន្តែសព្វថ្ងៃនេះក្រុមហ៊ុននេះ បានកាត់បន្ថយធនធានហិរញ្ញវត្ថុមួយចំនួននៅទីនោះដោយសារតែមានភាពមិនច្បាស់លាស់កាន់តែខ្លាំង។
យុទ្ធសាស្រ្ត កំណើននៅគ្រប់តម្លៃទាំងអស់ ឬហៅថា Growth at all Costs គឺជាការជឿជាក់ថា ការផ្ដោតលើការបង្កើនចំណូល និងការលក់ នឹងធ្វើឲ្យតម្លៃក្រុមហ៊ុនកើនឡើង បើទោះបីជា ធ្វើឲ្យប្រាក់ចំណេញ និងភាពជឿជាក់របស់អតិថិជនរងផលប៉ះពាល់ក៏ដោយ។
នៅក្នុងបទសម្ភាសជាមួយកាសែត FT លោក សូឡូម៉ុន បាននិយាយថា ទោះជាមានរលកនៃការកាត់បន្ថយការងារនៅទូទាំងតំបន់ Wall Street នៅសហរដ្ឋអាម៉េរិកក៏ដោយ ប៉ុន្តែគូប្រជែងមួយចំនួននៅតែព្យាយាមតាមទាក់ទាញបុគ្គលិកធនាគារសំខាន់ៗរបស់ក្រុមហ៊ុនធនាគារ Goldman ធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់ធនាគារនៅឆ្នាំនេះ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Goldman បានធ្លាក់ចុះជាង៣០% ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឈមនឹងការខាតបង់ មួយចំនួន បន្ទាប់ពីបានដកខ្លួនចេញពី ធនាគារលក់រាយ គួបផ្សំនឹងការផុងខ្លួនចំពោះការវិនិយោគលើអចលនទ្រព្យរបស់ខ្លួន និងការធ្លាក់ចុះនៃធនាគារវិនិយោគ និងការជួញដូរផងដែរ៕
អត្ថបទ៖ សុខ ជា