លោក អាឡិច ហ្វីលីប (Alec Phillips) អ្នកសេដ្ឋកិច្ចវិទូប្រចាំក្រុមហ៊ុន Goldman Sachs បានព្រមានថា ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងការបោះឆ្នោតនាដើមខែវិច្ឆិកា ខាងមុខ នោះបញ្ហាពន្ធគយ និងបញ្ហាគោលនយោបាយជនអន្តោប្រវេសន៍នឹងឡើងកម្ដៅកាន់តែខ្លាំង។ ស្ថិតក្នុងស្ថានភាពនេះ លោកជឿជាក់ថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំក្រោយ អាចស្ថិតក្នុងកម្រិតខ្ពស់បំផុតត្រឹមតែ០,៥% ប៉ុណ្ណោះ។
ក្រុមអ្នកសេដ្ឋកិច្ចវិទូរបស់ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញនេះ បានវាយតម្លៃទុកមុនថា ប្រសិនបើលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិក មែននោះ លោកអាចនឹងដំឡើងពន្ធលើទំនិញចិនយ៉ាងហោចណាស់ក៏ ២០% ដែរ ហើយអាម៉េរិក ក៏នឹងមិនព្រងើយកន្តើយលើបញ្ហាបង្កើនពន្ធជាមួយនឹងប្រទេសម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU)នោះដែរ ខណៈបញ្ហាអន្តោប្រវេសន៍ក៏នឹងឡើងកម្ដៅដូចគ្នាដែរ ។
ដោយឡែកក្នុងករណីលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ឈ្នះឆ្នោត ហើយគណបក្សប្រជាធិបតេយ្យ ទទួលបានការគ្រប់គ្រងនៅសភាទាំងពីរកម្រិតទៀតនោះបញ្ហាចោទលើការចំណាយរបស់រដ្ឋាភិបាល និងការពង្រីកពន្ធលើអ្នកមានប្រាក់ចំណូលមធ្យម ទំនងជាអាចប៉ះប៉ូវសេដ្ឋកិច្ចអាម៉េរិកបានខ្លះ ហើយវាអាចក្លាយជាចលករជំរុញខ្លះចំពោះកំណើន GDP នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប្រេន ហ័ហ្គេស( Brian Hughes) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកម្មវិធីយុទ្ធនាការឃោសនាលោក ត្រាំ បាននិយាយថា ក្រុមអ្នកព្យាករទាំងនោះ អាចនឹងខុសដោយសារពួកគេសម្អាងផ្អែកលើយុទ្ធនាការឃោសនា កាលពីឆ្នាំ២០១៦។ លោកបានបន្តថា ក្រុមអ្នកសេដ្ឋកិច្ចទាំងនោះគួរមានភាពឆ្លាតវៃក្នុងការត្រួតពិនិត្យនូវកំណត់ត្រា និងទទួលស្គាល់នូវចំណុចខ្វះខាតនៃការងារពីមុនរបស់ពួកគេ ប្រសិនបើពួកគេចង់ឲ្យការព្យាករអាចធ្វើ ឱ្យគេជឿជាក់បាន៕
ដោយៈ សរ សុជាតិ