ក្រុមហ៊ុននាំចេញរបស់ចិន

ក្រុមហ៊ុនចិន ហាក់មិនត្រេកត្រអាលនឹងដំណើរទស្សនកិច្ចលោក ត្រាំ ក្រោយស៊ាំនឹងសម្ពាធពន្ធអាម៉េរិក


បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ នៅពេលនេះ មន្ត្រីអាម៉េរិក និងចិន កំពុងរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចនេះ បន្ទាប់ពីបានពន្យារពេលជាច្រើនលើក។ ទោះជាយ៉ាងណាបើតាមការរាយការណ៍របស់សារព័ត៌មានមួយចំនួនក្រុមហ៊ុននាំចេញរបស់ចិនជាច្រើនហាក់មិនសូវមានការរំពឹងទុក ឬត្រេកត្រអាលចំពោះដំណើរទស្សនកិច្ចរបស់លោក ត្រាំ ប៉ុន្មាននោះទេ។
ក្រុមហ៊ុននាំចេញរបស់ចិន
ដោយ

គម្រោងដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ត្រូវបានលើកឡើងតាំងពីជំនួបរវាងលោក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែតុលា ឆ្នាំមុន។ ទោះបីជាគម្រោងនេះត្រូវបានពន្យារពេលជាបន្តបន្ទាប់ក៏ដោយ ក៏គម្រោងនៅពាក់កណ្តាលខែឧសភា នេះ ហាក់មានភាពច្បាស់លាស់។ ប៉ុន្តែទស្សនៈរបស់ពាណិជ្ជករចិន ហាក់មិនបានបង្ហាញភាពរំភើប ឬការរំពឹងខ្ពស់ចំពោះដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំអាម៉េរិក រូបនេះឡើយ។

លោកស្រី យូ យ៉ាងជៀន (Yu Yangxian) ពាណិជ្ជករផ្នែកឧបករណ៍អេឡិចត្រូនិក និងអគ្គិសនីមួយរូប បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ទីក្រុងប៉េកាំង ក្នុងខែនេះ មិនមែនជាបញ្ហាសំខាន់សម្រាប់ក្រុមហ៊ុនរបស់លោកស្រីនោះទេ ទោះបីជាផលិតផលមួយផ្នែកធំរបស់ក្រុមហ៊ុន កំពុងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក៏ដោយ។ លោកស្រីបន្តថា ទោះបីលោក ត្រាំ មកធ្វើអ្វីក៏ដោយ វាមិនសូវមានឥទ្ធិពលចំពោះយើងប៉ុន្មាននោះទេ។ បើអាម៉េរិកទិញ យើងក៏លក់ បើមិនទិញក៏មិនអីដែរ ព្រោះពេលនេះយើងបានពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប អាម៉េរិកឡាទីន អាស៊ីអាគ្នេយ៍ និងអាហ្វ្រិករួចហើយ»។

ការលើកឡើងនេះធ្វើឡើងស្របពេល ដែលចិនសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់១,២ទ្រីលានដុល្លារក្នុងឆ្នាំ២០២៥ ទោះបីជាការនាំចេញទៅកាន់ទីផ្សារអាម៉េរិកបានធ្លាក់ចុះប្រមាណ២០% ក៏ដោយ។ ស្ថិតិបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកបានកើនឡើងជិត២៦% ខណៈការនាំចេញទៅអាម៉េរិកឡាទីន កើន៧,៤% អាស៊ីអាគ្នេយ៍កើន១៣,៤% និងសហភាពអឺរ៉ុបកើន៨,៤%។

 អ្នកវិភាគបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសសម្ពាធពន្ធគយ ដែលសហរដ្ឋអាម៉េរិកបានដាក់លើចិនជាបន្តបន្ទាប់ ហាក់ធ្វើឱ្យចិនបន្សាំខ្លួនទៅនឹងស្ថានភាពនេះរួចទៅហើយ។ មិនតែប៉ុណ្ណោះ ចិនក៏បានរៀបចំយុទ្ធសាស្ត្រទប់ទល់វិញផងដែរ ជាពិសេសតាមរយៈការគ្រប់គ្រងធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។

អ្នកវិភាគបានចាត់ទុករ៉ែកម្រ គឺជាសន្លឹកបៀដ៏សំខាន់បំផុតរបស់ចិន ខណៈសម្ពាធពន្ធដែលរដ្ឋបាលលោក ត្រាំ ដាក់លើវិស័យមួយចំនួនដូចជា ឱសថ និងគ្រឿងចក្រឧស្សាហកម្មរបស់ចិនមិនសូវមានប្រសិទ្ធភាពដូចមុនទៀតឡើយ។ អ្នកវិភាគបានសង្កត់ធ្ងន់ថា ទោះបីអាម៉េរិកព្យាយាមស្វែងរកដៃគូផ្គត់ផ្គង់ថ្មីពីប្រទេសដូចជាថៃ វៀតណាម ឥណ្ឌា និងឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនក៏ដោយ ក៏មូលដ្ឋានផលិតកម្មជាច្រើននៅប្រទេសទាំងនោះនៅតែពឹងផ្អែកលើវត្ថុធាតុដើម និងខ្សែច្រវាក់ផ្គត់ផ្គង់ពីចិនដដែល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា និងទូរគមនាគមន៍កម្ពុជា សហការគ្នាជំរុញការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់សេវាទូរគមនាគមន៍នៅកម្ពុជា

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ជំរុញការប្រើប្រាស់សេវាកម្មរបស់ធ…

តើកម្ពុជា គួររុញការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ តាមយន្តការច្បាប់អន្តរជាតិ ដូចព្រំដែនសមុទ្រដែរទេ?

បន្ទាប់ពីរដ្ឋាភិបាលថៃ សម្រេចលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ជាឯកតោភាគី បញ្ហាព្រំដែនទឹក និងកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ