លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានអះអាងថា នៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ ដូចជា ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកចាំយាម ខេត្តកោះកុង ការដឹកជញ្ជូនទំនិញនៅតែដំណើរការជាធម្មតា មិនមានការហាមឃាត់នោះទេ គ្រាន់តែការត្រួតពិនិត្យមានសភាពតឹងរ៉ឹងជាងមុន ដោយអនុញ្ញាតឲ្យក្នុងរថយន្តដឹកទំនិញមួយ គឺមានតែអ្នកបើកបរតែម្នាក់ប៉ុណ្ណោះ។
លោក ចន្ធី បានបញ្ជាក់ទៀតថា បើទោះបីការដឹកជញ្ជូនទំនិញអាចចរាចរទៅមកបានរវាងកម្ពុជានិងថៃក៏ពិតមែន តែបរិមាណនៃការដឹកជញ្ជូនមានការថយចុះជាខ្លាំង ធៀបនឹងថ្ងៃធម្មតា ដោយការដឹកជញ្ជូននោះភាគច្រើនមានតែប្រភេទទំនិញទាក់ទងនឹងម្ហូបអាហារនិងភេជ្ជៈ និងបន្លែដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
លោកបន្តថា ដោយឡែក ចំពោះទំនិញបម្រើឲ្យការងារវិនិយោគសាងសង់សំណង់ធំៗមានចំនួនតិចតួចបំផុត ស្របពេលដែលសកម្មភាពសាងសង់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ដោយសារបញ្ហាវីរុសកូវីដ១៩។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ (ថ្ងៃទី២៣ មីនា ២០២០) ការដឹកជញ្ជូនទំនិញតាមរថយន្តធុនធ្ងន់ដឹកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅដំណើរការជាធម្មតា ដោយឡែកមានតែរថយន្តក្រុងទេសចរណ៍ រទេះអូសទំនិញ និងមនុស្សចេញចូល គឺត្រូវបានបិទ ដោយមិនអនុញ្ញាតឲ្យមានការចេញចូលឡើយ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជឹង គឺក្នុងខេត្តបន្ទាយមាន មានច្រក០៣ ច្រកចំនួន០២គឺបិទទាំងអស់ ដោយច្រកប៉ោយប៉ែត គឺអនុញ្ញាតតែរថយន្តដឹកទំនិញធំៗ និងមនុស្ស២នាក់ប៉ុណ្ណោះ ក្រៅពីនេះបិទទាំងអស់។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានប្រាប់អ្នកសារព័ត៌មាន ខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម ថា «ខាងថៃមិនមានបំណង ឬមិនមានការចាប់បញ្ជូនពលករខ្មែរមកវិញទេ គេបានណែនាំថា បើបងប្អូនធ្វើការកន្លែងណា គឺឲ្យធ្វើការនៅកន្លែងហ្នឹង គឺមានន័យថា គេថែទាំបានល្អហើយ កាលណាពេលដែលចេញពីកន្លែងធ្វើការហ្នឹងត្រលប់មកស្រុកខ្មែរ ពេលទៅវិញ ត្រូវតែរក្សាដូចការណែនាំរបស់ក្រសួងសុខាភិបាលអ៊ីចឹង គឺមុនចូលទៅកន្លែងធ្វើការត្រូវសម្រាក១៤ថ្ងៃសិន ហើយត្រូវមានការត្រួតពិនិត្យជាក់លាក់ថា មិនមានបញ្ហាជំងឺឆ្លងនេះទេ ទើបឲ្យចូលធ្វើការវិញ។ ដូចនេះការសម្រេចចិត្តចាកចេញ ឬនៅប្រទេសថៃបន្តទៀត របស់ពលករខ្មែរ គឺជាសិទ្ធិរបស់ពួកគាត់»។
ដោយឡែកនៅច្រកចាំយាម ខេត្តកោះកុង ឯណោះវិញ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានគូសបញ្ជាក់ផងដែរថា នៅច្រកចាំយាម សកម្មភាពដឹកទំនិញរបស់ឡានដឹកទំនិញធំៗ រវាងកម្ពុជា និងថៃ គឺបានដំណើរការធម្មតា ប៉ុន្តែ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតាសម្រាប់ថ្ងៃនេះ។
លោកជំទាវបញ្ជាក់ថា ពេលវេលាបិទច្រកទើបតែចាប់ផ្តើមតែប៉ុណ្ណោះ ដូច្នេះយើងមិនទាន់អាចវាយតម្លៃបានថា ការដឹកជញ្ជូនទំនិញមានការថមថយ ឬកើនឡើងក្នុងកម្រិតណានោះដែរ ខណៈការរឹតបន្តឹងនៅតែបន្តតាមចំណាត់ការ។
យ៉ាងណាក៏ដោយចុះ ជុំវិញទៅនឹងការចាកចេញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅថៃ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ត្រូវបានមជ្ឈដ្ឋានសាធារណៈទូទៅ ទទូចស្នើសុំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ ដោយត្រូវត្រួតពិនិត្យសុខភាពឲ្យបានច្បាស់លាស់មុនចូលមកកាន់កម្ពុជាវិញ៕