
អ្នកជំនាញជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា កំណើននាំចូលទំនិញពីចិន មកកាន់ទីផ្សារកម្ពុជានេះ ត្រូវបានជំរុញជាចម្បងដោយសារការបិទច្រកព្រំដែនកម្ពុជា-ថៃ និងការកើនឡើងតម្រូវការវត្ថុធាតុដើមពីចិន។
ចិន នៅតែជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ដោយនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង១៤ពាន់លានដុល្លារ កើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅចិន មានទំហំជាង១ពាន់លានដុល្លារធ្លាក់ចុះជាង៧% ខណៈការនាំចូលពីចិន មានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារកើនឡើងជាង៣២%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា កំណើននាំចូលទំនិញពីចិន របស់កម្ពុជា នៅក្នុងរយៈពេល៩ខែកន្លងមកនេះ ត្រូវបានជំរុញដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលឈានដល់ការបិទច្រកព្រំដែនគោក និងការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ។ កំណើននេះ ក៏ត្រូវបានរុញច្រានដោយសារការនាំចូលវត្ថុធាតុដើមនានា ជាពិសេសសម្រាប់បម្រើដល់វិស័យកាត់ដេរនៅកម្ពុជា។ ដោយឡែកចំពោះការនាំចេញទំនិញពីកម្ពុជា ទៅចិន មានលការធ្លាក់ចុះ អ្នកជំនាញរូបនេះយល់ឃើញថា គឺដោយសារបញ្ហាសេដ្ឋកិច្ចចិន មិនទាន់មានភាពល្អប្រសើរ ដែលជំរុញឱ្យមានការកាត់បន្ថយតម្រូវការនាំចូលទំនិញមួយចំនួន ហើយការបិទព្រំដែនកម្ពុជា-ថៃ បានកាត់ផ្តាច់ផ្លូវដឹកទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់ទីផ្សារចិន ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការកើនឡើងការនាំចូលទំនិញពីចិន របស់កម្ពុជា នៅ៩ខែកន្លងមកនេះ គឺដោយសារបណ្តារោងចក្រសហគ្រាសនៅកម្ពុជា ភាគច្រើន ប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ និងការទទួលស្គាល់កាន់តែច្រើននូវគុណភាពរបស់ទំនិញចិន ដែលមានតម្លៃសមរម្យរបស់ពលរដ្ឋខ្មែរកាន់តែច្រើន ក៏ជាកត្តាជំរុញឱ្យការនាំចូលទំនិញចិនមកកម្ពុជា មានការកើនឡើងផងដែរ។
សូមជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការដោះដូរទំនិញរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត៤៧ពាន់លានដុល្លារកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង២២ពាន់លានដុល្លារកើនឡើងជិត១៣% ខណៈកម្ពុជា នាំចូលមកវិញ មានទំហំជាង២៤ពាន់លានដុល្លារកើនឡើងជាង១៦%៕