យ៉ាងណាក៏ដោយ ការអនុវត្តច្បាប់នេះ ក៏បានធ្វើឲ្យអ្នករកស៊ីនៅក្នុងវិស័យនេះហាក់បង្ហាញពីការបារម្ភ ដោយមានក្រុមហ៊ុនខ្លះហាក់ស្ទាក់ស្ទើរក្នុងការដឹកទំនិញចេញ ដោយបារម្ភខ្លាចរថយន្ដខុសបច្ចេកទេសកំណត់។ ប្រការនេះ ក៏បានធ្វើឲ្យមានការកកស្ទះទំនិញជាច្រើនផងដែរ នេះបើតាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន។
ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា លោក ស៊ិន ចន្ធី បានលើកឡើងថា ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលនាពេលនេះ ហាក់ធ្វើឲ្យអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូនបង្ហាញពីក្តីបារម្ភ និងស្ទាក់ស្ទើរក្នុងដំណើរការដឹកជញ្ជូនទំនិញចេញចូលផងដែរ។ លោកបន្តថា បើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរកម្ពុជា មានទំនិញរហូតដល់ប្រមាណ៥០%ឯនោះ ត្រូវបានកកស្ទះ ព្រោះតែភ័យខ្លាចការផាកពិន័យ ព្រោះរឿងចុះអនុវត្តកាត់ទ្រុងយានយន្ដខុសបច្ចេកទេសនេះ។
ទោះយ៉ាងណា ការអនុវត្តច្បាប់នេះប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាជឿជាក់ថា នឹងអាចដោះស្រាយបានក្នុងរយៈពេលដ៏ខ្លី និងមិនបណ្តោយឲ្យវិស័យរងផលប៉ះពាល់យូរឡើយ។
តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ២០១៧មុននេះ ការនាំចេញសម្លៀកបំពាក់មានវិសាលភាពប្រមាណ៦៤% នៃការនាំចេញសរុប ពោលគឺមានទំហំជាទឹកប្រមាណប្រមានជិត៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹងកំណើន៨% ធៀបនឹងឆ្នាំមុន។ ដោយឡែក ការនាំចេញស្បែកជើងវិញ មានប្រមាណ ៧រយលានដុល្លារ ឬស្មើនឹង ៨%នៃការនាំចេញសរុប។ ទីផ្សារនាំចេញសំខាន់ៗរបស់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងនេះ មានដូចជាអឺរ៉ុប អាមេរិក និងជប៉ុនជាដើម។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការព្រួយបារម្ភ ខណៈទំនិញរបស់ពួកគេ ត្រូវបានហាមឃាត់។
សេចក្តីថ្លែងការណ៍សរសេរយ៉ាងដូច្នេះថា៖ «ជាអកុសល ស្ថានភាពបច្ចុប្បន្ន បានបណ្តាលឲ្យសមាជិករបស់យើងក្លាយជាជនរងគ្រោះ និងត្រូវទទួលរងផលវិបាកនៃការឃាត់ទំនិញ ហើយក៏មិនអាចទទួលយកវត្ថុធាតុដើម ឬនាំចេញផលិតផលសម្រេចរបស់យើងផងដែរ»។
ជុំវិញផលវិបាកនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើសុំដល់រដ្ឋាភិបាល មេត្តាអនុញ្ញាតឲ្យមានការដឹកជញ្ជូនកុងតឺន័រជាបណ្ដោះអាសន្នដើម្បីធានានូវប្រតិបត្តិការជាបន្តក្នុងវិស័យរបស់ខ្លួន។
បញ្ហានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក វ៉ាសឹម សូរិយា ធ្លាប់ថ្លែងថា ការឃាត់ទុករថយន្តទាំងអម្បាលមាណ គឺធ្វើឡើងតែចំពោះរថយន្តណា ដែលមានការកែច្នៃខុសបច្ចេកទេសប៉ុណ្ណោះ។ ចំណែករថយន្តកុងតឺន័រ គឺប៉ះពាល់តែ៥ភាគរយប៉ុណ្ណោះមិនមែនប៉ះពាល់រហូតដល់៥០ភាគដូចការលើកឡើងរបស់GMACនោះទេ។ បើតាមអ្នកនាំពាក្យខាងលើ អ្វីដែលមន្រ្តីជំនាញធ្វើគឺអនុវត្តទៅតាមច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ ក្រសួងនឹងធ្វើការពន្យល់ទៅ GMACនៅពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញវិធានការណ៍ក្តៅហាមឃាត់រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តតទ្រុង រថយន្តដឹកលើសទម្ងន់ រហូតព្រមាន ដកអភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធ ប្រសិនបើមិនអនុវត្តន៍បទបញ្ជានេះ ព្រមទាំងព្រមានបិទក្រុមហ៊ុនណាដែលល្មើសបទបញ្ជានេះទៀតផង។
គួរជម្រាបជូនថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧ គ្រឿង ក្នុងនោះមាន៖ រថយន្តចំនួន ២.៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និង បានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀល និង បានកាត់ទ្រុងចេញ ១.២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះទ្រុងតខាងក្រោយ ៤៧៣គ្រឿង។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០១៧៕