ទោះបីការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋហាក់ទទួលបានលទ្ធផលល្អ តែមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកត់សម្គាល់ឃើញថា ការចូលរួមវិនិយោគក្នុងមូលបត្របំណុលរបស់រដ្ឋ ពុំទាន់មានភាពសស្រាក់សស្រាំនៅឡើយទេ ដោយសារទីផ្សារជួញដូរមូលបត្ររដ្ឋកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ គួបផ្សំមានឥទ្ធិពលពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនានា។
បើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសម្រេចបានជាង៤៥លានដុល្លារ ដែលស្មើនឹងប្រមាណ៤១% នៃទំហំសរុប១០៨លានដុល្លារ ដែលច្បាប់អនុញ្ញាតបោះផ្សាយលក់នៅឆ្នាំនេះ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅត្រីមាសទី១ឆ្នាំនេះទទួលបានលទ្ធផលល្អ គឺដោយសារតែនិយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបាន។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ប្រព័ន្ធគាំទ្រទីផ្សារសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងការជួញដូរក្នុងទីផ្សារបន្ទាប់នៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ តែយ៉ាងណាស្ថាប័នពាក់ព័ន្ធនឹងខិតខំជំរុញរៀបចំប្រព័ន្ធគាំទ្រទីផ្សារមួយពេញលេញឱ្យបានឆាប់ សំដៅបង្កើនឱ្យមានការចូលរូមយ៉ាងទូលំទូលាយពីវិនិយោគិនដ៏មានសក្តានុពល។
ទោះបីការបោះផ្សាយលក់បណ្ណបំណុលរបស់រដ្ឋហាក់ទទួលបានលទ្ធផលល្អប្រសើរ តែឯកឧត្តម មាស សុខសេនសាន កត់សម្គាល់ឃើញថា ការចូលរួមវិនិយោគលើមូលបត្ររដ្ឋនៅកម្ពុជាបច្ចុប្បន្ននៅមិនទាន់មានភាពស្រាក់សស្រាំនៅឡើយទេ ដោយសារការបន្តរងឥទ្ធិពលពីការបន្តអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅតាមប្រទេសធំៗ និងការនៅបន្តស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងកែលម្អទីផ្សារជួញដូរឱ្យឆ្លើយតបនឹងទីផ្សារជាដើម។
ជាមួយគ្នានេះឯឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ និងជឿជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដ្បិតថា បច្ចុប្បន្នវិនិយោគិនបានចាប់ផ្តើមស្គាល់ពីប្រភេទមូលបត្រថ្មីនេះជាបណ្តើរៗហើយ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ មូលបត្ររដ្ឋ គឺជាឧបករណ៍មួយសម្រាប់បំពេញបន្ថែមនៅក្នុងសាជីវកម្មមូលបត្រកម្ពុជា ដោយសារមូលបត្ររដ្ឋត្រូវបានចាត់ទុកជាមូលបត្រមួយដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពជាងគេ។
គួរជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋក្នុងទំហំ១០៨លានដុល្លារ សម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ៕