ទោះបីជាមានពន្លឺ នៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពបឋមក៏ដោយ ក៏ក្តីសង្ឃឹមលើការធ្លាក់ថ្លៃទំនិញហាក់មានតិចតួចណាស់។ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា តម្លៃធាតុចូលកសិកម្ម និងប្រេងឥន្ធនៈទំនងជាមិនងាយនឹងស្រុតចុះមកសភាពដើមវិញនោះទេ ដោយសារតែភាពមិនច្បាស់លាស់ នៃនយោបាយមហាអំណាច។ ហេតុដូច្នេះ លោកបណ្ឌិត បានផ្តល់ទស្សនៈថា ជាជាងអង្គុយពឹងផ្អែកលើដង្ហើមទីផ្សារសកល កម្ពុជា គួរតែងាកមកបោះទុនវិនិយោគដោយខ្លួនឯង លើការផលិតធាតុចូលកសិកម្ម និងជំរុញការទាញយករ៉ែប្រេង និងឧស្ម័នក្នុងស្រុក ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងរយៈពេលវែង។
ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានលើកឡើងថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាជាង៣ខែកន្លងមកបានធ្វើឱ្យថ្លៃដើមផលិតក្នុងវិស័យកម្មនៅកម្ពុជា កើនឡើងខ្ពស់ក្រោយតម្លៃជីថ្នាំហក់ឡើង ដែលធ្វើឱ្យកសិករខ្លះកំពុងពិចាណាថា តើគួរបន្តផលិតទៀត ឬអត់។ យ៉ាងណាមិញ លោកស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម រកវិធីសាស្ត្រជួយដល់កសិករក្នុងគ្រាដ៏លំបាកនេះ ដើម្បីលើកទឹកចិត្តដល់កសិករបន្តការផលិត។
ដោយឡែក លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានគូសបញ្ជាក់ថា ថ្លៃដើមផលិតខ្ពស់វាមិនមែនជាឃាតករសម្លាប់កសិករនោះទេ ប្រសិនបើតម្លៃកសិផលនៅលើទីផ្សារអាចលក់បានក្នុងតម្លៃខ្ពស់ទៅតាមនោះដែរ។ ប៉ុន្តែប្រសិនបើថ្លៃដើមទិញជីទិញថ្នាំឡើងកប់ពពក តែតម្លៃកសិផលពេលប្រមូលផលបែរជាធ្លាក់ចុះទាប ប្រាកដណាស់វានឹងបង្ខំឱ្យកសិកររងការខាតបង់។ លោក ច័ន្ទ សុផល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែដុតដៃដុតជើងជំរុញការបង្កើតរោងចក្រផលិតជីក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃការខ្វះខាតជីកសិកម្មជាសកល និងដើម្បីធានាស្ថិរភាពតម្លៃជូនកសិករ។
យ៉ាងណាមិញនៅមួយរយៈចុងក្រោយនេះអ្នកមានធនធានមួយចំនួននៅកម្ពុជា បាននាំគ្នាបង្កើតរោងចក្រផលិតជីជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកដែលកំពុងមានការកើនឡើង។ ជាក់ស្តែងអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កំពុងសស្រាកសស្រាំសាងសង់រោងចក្រផលិតជីធម្មជាតិដ៏ធំមួយនៅខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពអាចផលិតបានរហូតដល់ទៅ១០០តោនក្នុងមួយថ្ងៃ ដោយរោងចក្រនេះគ្រោងនឹងបើកដំណើរការសាកល្បងនៅមុនបំណាច់ឆ្នាំ២០២៦ នេះ។ ការវិនិយោគនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការផ្តាំផ្ញើ និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតខ្សែច្រវាក់ផលិតកម្មជីក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅកាត់បន្ថយការនាំចូល និងឈានទៅដល់ការបញ្ឈប់ការនាំចូលជីពីបរទេសទាំងស្រុងនាពេលអនាគត៕
អត្ថបទ៖ ជា ម៉ារ៉ា