ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ អាគារដែលបន្តជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នៅសល់ប្រមាណ៣៧០អាគារ ហើយរដ្ឋបាលខេត្ត កំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយលើបញ្ហានេះ។ អភិបាលរងខេត្តព្រះសីហនុរូបនេះបន្តថា បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងក្នុងការកំណត់អត្តសញ្ញាណកម្មលម្អិតលើគម្រោងអគារ ដែលជាប់គាំងទាំងនោះរួចមក រដ្ឋាបាលខេត្តព្រះសីហនុ បានបន្តកំណត់ ក៏ដូចជាការបែងចែកតំបន់ ដើម្បីបង្កភាពងាយស្រួលសម្រាប់វិនិយោគិនថ្មីៗ ដែលមានបំណងវិនិយោគលើគម្រោង ដែលជាប់គាំងទាំងនោះ។
បើតាមឯកឧត្តម ឡុង ឌីម៉ង់ កាលពីពេលថ្មីៗ មានគណៈប្រតិភូចិនមួយក្រុមបានចុះមកសិក្សាស្វែងយល់ជុំវិញបញ្ហាអាគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរង់ចាំការឆ្លើយតបពីភាគីចិន ដើម្បីលើកជាសំណើរជូនរដ្ឋាភិបាលកម្ពុជា និងដំណោះស្រាយណាមួយសម្រាប់ក្រុមវិនិយោគិន ដោយថ្នាក់ដឹកនាំរូបនេះបង្ហាញក្ដីរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានក្នុងពេលឆាប់ៗខាងមុខ។
ជុំវិញស្ថានភាពវិស័យសំណង់នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ត្រូវបានអភិបាលរងខេត្តរូបនេះ កត់សម្គាល់ឃើញថា ហាក់បានបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិសាកលនានា ក៏ប៉ុន្តែកើនក្នុងកម្រិតតិចតួចនៅឡើយ។ បើទោះជាបែបនេះក្ដី ឯកឧត្តម ឡុង ឌីម៉ង់ នៅតែបង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់វិស័យសំណង់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ បន្ទាប់ពីសកម្មភាពមួយចំនួនក្នុងវិស័យនេះ ចាប់ផ្ដើមដំណើរការឡើងវិញ។ ម្យ៉ាងវិញទៀត ឯកឧត្តមកត់សម្គាល់ទៀតថា វិនិយោគិនបរទេសមួយចំនួនក៏បានបង្ហាញការចាប់អារម្មណ៍លើគម្រោងវិនិយោគនានារបស់ខេត្តព្រះសីហនុ ជាពិសេសតាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ច និងការអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង នៃប្រទេសចិន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះ។ សម្រាប់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ការអញ្ជើញទៅបំពេញទស្សនកិច្ចទាំងពីរលើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនត្រឹមតែជួយឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនប៉ុណ្ណោះទេ ហើយសម្រាប់ខេត្តព្រះសីហនុផ្ទាល់ក៏នឹងអាចទទួលបានឱកាសវិនិយោគបន្ថែមផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកវិធីសាស្រ្តសម្រាប់ដោះស្រាយ និងជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ កន្លងមកគណៈកម្មការអន្តរក្រសួងបានកំណត់គោលនយោបាយ និងយន្តការដោះស្រាយ ក៏ដូចជាផែនទីតម្រង់ទិសនៃកញ្ចប់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលរួចហើយ ដោយមានការដោះស្រាយដោយការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធទៅដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕