នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល អំពីវិធានការបន្ថែមសម្រាប់បន្ដគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធមួយចំនួនដល់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍នេះ។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងការបង់ពន្ធប្រចាំខែ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពោលគឺ ចាប់ពីខែតុលា ដល់ខែធ្នូឆ្នាំ២០២២។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ សម្រាប់អាជីវកម្មទេសចរណ៍ខាងលើនេះផងដែរ ហើយអាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ២០២៣។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលបន្ដជំរុញឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនបុគ្គិករបស់ខ្លួន និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
សូមបញ្ជាក់ថា កន្លងមក នៅក្នុងវិធានការសង្គ្រាមជាច្រើនជុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចពីការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាច្រើនជុំ ក្នុងនោះ មានការជួយជាច្រើនទៅដល់វិស័យទេសចរណ៍ ក៏ដូចជានិយោជិតនៅក្នុងវិស័យនេះផងដែរ។
យ៉ាងណាមិញ នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតកញ្ចប់ថវិកាកម្ចី សម្រាប់ស្ដារ និងជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ ដោយក្នុងនោះ កញ្ចប់ថវិកានោះមានទំហំដល់ទៅ ១៥០លានដុល្លារអាមេរិក៕