ទំហំប្រាក់កម្ចីនេះ នឹងត្រូវបានកំណត់ឲ្យខ្ចីសម្រាប់សហគ្រាសនីមួយៗ អាចខ្ចីបានប្រមាណត្រឹមតែ ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាប ជុំវិញ ៦ភាគរយ។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអះអាងថា ទិសដៅនៃកញ្ចប់ហិរញ្ញប្បទាន ៥០លានដុល្លារនេះ គឺសម្រាប់ជួយឲ្យសហគ្រាសខ្នាតតូច និង មធ្យម អាចមានលទ្ធភាពពង្រីកខ្លួនបន្ថែម ខណៈបច្ចុប្បន្ន កម្ពុជាកំពុងជួបវិបត្តិមួយចំនួន ដូចជា ការព្យួរផ្នែកខ្លះនៃប្រព័ន្ធ EBA និងវិបត្ដិធំជាងគេនោះ គឺ វិបត្តិការរីករាលដាលនៃជំងឺ Covid-19។
ឯកឧត្តម កៅ ថាច បានឲ្យដឹងទៀតថា គម្រោងកញ្ចប់ថវិកាថ្មីនេះ រហូតមកដល់ពេលនេះ មិនទាន់មានសហគ្រាសផលិតណាមួយមកស្នើសុំនៅឡើយទេ។ ប៉ុន្តែ សម្រាប់កញ្ចប់ថវិកាកន្លងមក ដែលរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ជួយក្នុងវិស័យស្រូវអង្ករវិញ គឺមានការស្នើសុំរហូត ៨០ភាគរយ នៃទំហំសរុបដែលរដ្ឋាភិបាលផ្តល់ឲ្យប្រមាណ ៥០លានដុល្លារ។
ជុំវិញនឹងកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទំហំទឹកប្រាក់ ៥០លានដុល្លារនេះដែរ ត្រូវបានលោក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសខ្នាតតូចនិងធម្យមកម្ពុជា បានបង្ហាញពីការគាំទ្រ ដោយចាត់ទុកថា កញ្ចប់ថវិកានេះពិតណាស់នឹងជួយដល់អ្នកផលិត និងកែច្នៃផលិតផលក្នុងស្រុក អាចមានលទ្ធភាពពង្រីកការផលិតកាន់តែច្រើនជាមុន។
ប៉ុន្តែ យ៉ាងណាក៏ដោយ ឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា បើកញ្ចប់ថវិកានេះប្រើខុសគោលដៅ នោះសហគ្រាសខ្នាតតូចនិងមធ្យមនឹងជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងជាងមុន ខណៈបច្ចុប្បន្ន កម្ពុជាត្រូវបានកាត់ផ្តាច់ផ្នែកខ្លះ នៃ EBA និងបញ្ហាធំមួយទៀតនោះ គឺបញ្ហា Covid-19។
ផ្អែកតាមសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងតាមជំរឿនផែនការ គឺមានសហគ្រាសរហូតជាង ៥៣ម៉ឺនសហគ្រាស ប៉ុន្តែ សហគ្រាសដែលបានចុះបញ្ជីផ្លូវការមានជាង ១៥ម៉ឺនសហគ្រាសប៉ុណ្ណោះ។
សូមជម្រាបថា កញ្ចប់ថវិកា ៥០លានដុល្លារនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន សម្រេចដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ដែលកញ្ចប់ថវិកានេះ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានដូចជា ការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង៕