ក្រុមហ៊ុនផលិតរថយន្តចិន Great Wall នឹងបិទទីស្នាក់ការកណ្ដាលព្រមទាំងបញ្ឈប់បុគ្គលិកទាំង១០០នាក់របស់ខ្លួននៅក្នុងទីក្រុងម៉ូនិក ចាប់ពីថ្ងៃខែសីហា តទៅ។ ក្រុមហ៊ុននេះក៏គ្រោងនឹងបញ្ឈប់ផែនការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសអូទ្រីស និងស្វីសផងដែរ ដោយគ្រាន់តែបម្រើទីផ្សារនៅអឺរ៉ុបរួមទាំងអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអៀរឡង់ ជាមួយរថយន្តនាំមកពីប្រទេសចិន តែប៉ុណ្ណោះ។
បុគ្គលិកជាន់ខ្ពស់ម្នាក់ដែលធ្វើការពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននេះបានហៅការបិទទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននេះថា ជា«អាជីវកម្មដ៏កខ្វក់មួយដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់បុគ្គលិកជាច្រើន»។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុន Great Wall មានផែនការពង្រីកការចែកចាយរថយន្តដ៏ច្រើនសម្រាប់ទីផ្សារនៅអឺរ៉ុប ហើយថែមទាំងមានគម្រោងសាងសង់រោងចក្រផ្ទាល់ខ្លួននៅលើទ្វីបនេះផងដែរ។ ក្រុមហ៊ុននេះចង់លក់រថយន្តឱ្យបាន១លានគ្រឿង នៅបរទេសនៅឆ្នាំ២០២៥ ប៉ុន្តែថ្មីៗនេះក៏បានពន្យារពេលគោលដៅនេះរហូតដល់ឆ្នាំ២០៣០ទៅវិញ។
ទន្ទឹមនឹងនេះកាលពីពេលថ្មីៗ ក្រុមហ៊ុន Great Wall បានបញ្ឈប់គម្រោងសាងសង់រោងចក្រផលិតកោសិកាថ្មនៅក្នុងរដ្ឋប្រេនដិនប៊ឺក (Brandenburg) ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបានលុបចោលការបញ្ជាទិញរបស់អតិថិជនដ៏ធំមួយ។
បើយោងតាមអាជ្ញាធរដឹកជញ្ជូនរថយន្តសហព័ន្ធអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមហ៊ុន Great Wall អាចលក់រថយន្តបានត្រឹមតែ២៤៧គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា នៅឆ្នាំនេះនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលក្រុមហ៊ុនរថយន្ត Hyundai លក់បានជិត១ម៉ឺនគ្រឿង ហើយក្រុមហ៊ុន Toyota លក់បានជាង៧ពាន់គ្រឿង៕
អត្ថបទ៖ សុខ មង្គល