សេចក្តីព្រាងច្បាប់ សុវត្ថិភាពម្ហូបអាហារ

សេចក្តីព្រាងច្បាប់«សុវត្ថិភាពម្ហូបអាហារ» នឹងជំរុញបន្ថែមអ្វីខ្លះដល់កំណើនសេដ្ឋកិច្ច?


គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០១ ខែមេសានេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដោយក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារផងដែរ។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ បង្កើនគុណភាពខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាការឆ្លើយតបនឹងការងារពាណិជ្ជកម្មរបស់កម្ពុជា និងនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិផងដែរ។
បុគ្គលិកនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ កំពុងសម្អាត និងកែច្នៃគ្រាប់ចន្ទី

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា សេចក្តីព្រាងច្បាប់នេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាពម្ហូបអាហារកម្ពុជាប៉ុណ្ណោះទេ តែវាជាផ្នែកមួយក្នុងការជួយទាក់ទាញវិនិយោគិន និងជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ គោលបំណងនៃការបង្កើតសេចក្តីព្រាងច្បាប់នេះ គឺដើម្បីលើកកម្ពស់គុណភាពខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងដើម្បីធានាថា រាល់ម្ហូបអាហារ ដែលបានចរាចរណ៍លើទីផ្សារនៅកម្ពុជា គឺមានគុណភាព សុវត្ថិភាព និងអនាម័យល្អ ដែលជាផែ្នកមួយដ៏សំខាន់ក្នុងការការពារសុខភាពអ្នកប្រើប្រាស់។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះរំពឹងថា ក្រោយច្បាប់នេះត្រូវបានចូលជាធរមានវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគលើវិស័យម្ហូបអាហារនៅកម្ពុជា ក៏ដូចជាជួយជំរុញកំណើននាំចេញក្នុងវិស័យនេះផងដែរ ព្រោះច្បាប់នេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបនឹងនិន្នាការផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារសកល ដែលទាមទារឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីអនាម័យ និងភូតគាមអនាម័យ  និងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ 

ថ្នាក់ដឹកនាំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់បន្ថែមថា លក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបនឹងគោលការណ៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកល។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តច្បាប់ចំនួន២ រួមមានសេក្ដីព្រាងច្បាប់ស្ដីពីរសុវត្ថិភាពម្ហូបអាហារ និងសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយកិច្ចប្រជុំក៏មានពិភាក្សាលើបញ្ហាផ្សេងៗទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារពីអូស្ត្រាលី

ព័ត៌មាន
ប្រទេសកម្ពុជា នឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារអាមេរិក បន្ថែមទៀតពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដោយក្នុងនោះ ទឹកប្រាក់ប្រមាណ ៦…

នៅត្រីមាស១ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ កើនជាង១១៤%

ព័ត៌មាន
បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានថមថយ និងបើកសង្គម-សេដ្ឋកិច្ច ឡើងវិញ សន្ទុះនៃអ្នកដំណើរបរទេសចូលមកកម្ពុជា មានការស្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ