ជាងដាំពេជ្រម្នាក់នៅខេត្តបាត់ដំបង ទំនេរពីការងារដាំពេជ្រ មកដាំឬស្សីផ្អែម និងចិញ្ចឹមត្រចៀកកាំ


«មិនមែនទាល់តែអ្នករៀនផ្នែកកសិកម្ម ទើបមកធ្វើកសិកម្មបានទេ» នេះជាប្រសាសន៍របស់បុរសចំណាស់ វ័យ៦០ឆ្នាំម្នាក់ ឈ្មោះ ចាន់ សំណុល មានមុខរបរជាងដាំពេជ្រ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ពេលនេះលោកមិនមែនត្រឹមតែជាជាងដាំពេជ្រទេ លោកថែមទាំងកសិករមួយរូបផងដែរ ព្រោះថា លោកបានចាប់យកមុខរបរកសិកម្មពីរមុខបន្ថែមទៀត គឺដាំឬស្សីផ្អែម និងចិញ្ចឹមសត្វត្រចៀកកាំ ។
ជាងដាំពេជ្រម្នាក់នៅខេត្តបាត់ដំបង៖ មិនមែនទាល់តែអ្នករៀនផ្នែកកសិកម្ម ទើបមកធ្វើកសិកម្មបានទេ

ហេតុអ្វីបានជា ជាងដាំពេជ្រម្នាក់នេះ ចាប់អារម្មណ៍លើក្នុងការធ្វើកសិកម្ម ខណៈដែលគាត់មិនមានជំនាញអ្វីសោះនោះ?

លោក ចាន់ សំណុល បានប្រាប់សារព័ត៌មានខេមបូណូមីសថា« ការងារអ្វីក៏ដោយ ឲ្យតែយើងស្រលាញ់ យើងចង់ធ្វើ ទោះបីយើងមិនដែលរៀន តែយើងអាចគេបាន អាចមើលព័ត៌មានពីកសិកម្មហ្នឹងបានតើ ហើយមួយវិញទៀត ខ្ញុំមានមិត្តភក្តិដែលគាត់ចេះធ្វើកសិកម្ម ហើយខ្ញុំសួរគាត់ខ្លះទៅ នោះយើងអាចធ្វើបានហើយ »។

នៅពេលដែលយើងសួរ លោកពូថា ហេតុអ្វីបានជាពូជ្រើសដាំឬស្សីផ្អែម ជារបរបន្ទាប់បន្សំ បន្ថែមចចំណូលប្រចាំថ្ងៃ?

លោកពូ ចាន់ សំណុលបញ្ជាក់ថា លោកបានចំណាយទុនប្រមាណជិត៣ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីចាក់ដីបន្ថែម លើដីដែលមានស្រាប់ ទិញពូជឬស្សី និងរៀបចំប្រព័ន្ធទឹកជាដើម។លោក « ឆ្នាំនេះជាឆ្នាំទី៣ហើយ ដែលខ្ញុំដាំឬស្សីផ្អែមហ្នឹង ដោយមានជាង៨០០គុម្ព នៅលើផ្ទៃដីជាងមួយហិកតាប៉ុណ្ណោះ​។ ហើយពូជខ្ញុំបានទិញពីស្រុកជិតៗហ្នឹង និងមួយចំនួនទៀតបាននាំចូលពីប្រទេសថៃ ហើយបានរៀបចំប្រព័ន្ធទឹកស្រោចស្រពនៅតាមគុម្ពនីមួយៗ ព្រោះពពួកដំណាំនេះ វាស៊ីទឹកខ្លាំងណាស់(ត្រូវការទឹកច្រើន) បើមិនចឹងវាលូតលាស់មិនបានល្អទេ»។

លោកពូបានបន្ថែមថា « ដោយសារខ្ញុំបានមើលប៉ុស្តិ៍ទទក​ ហើយគេបង្រៀនបច្ចេកទេសដាំឬស្សីផ្អែមហ្នឹង គួបផ្សំនឹងខ្ញុំមានមិត្តភក្តិគេចេះផ្នែកកសិកម្មហ្នឹងទៀត ខ្ញុំក៏សម្រេចចិត្តសាកដាំ ហើយឃើញថាការដាំត្រពាំងប្រភេទនេះ អាចប្រមូលផលបានរាល់ថ្ងៃ ហើយពេលខ្ញុំទំនេរពីការងារដាំពេជ្រ ខ្ញុំអាចជីកយកត្រពាំងលក់បានទាំងលុយ បានទាំងសុខភាព ព្រោះដូចយើងដើរហាត់ប្រានដែរហ្នឹង»។

ចំពោះទីផ្សារនៃត្រពាំងផ្អែមរបស់លោកពូ​ ចាន់ សំណុលវិញ គឺមានតែនៅក្នុងស្រុកប៉ុណ្ណោះ ដោយអាចរកចំណូលបានពី១០ម៉ឺនរៀល ឬលើសពីនេះ ក្នុងមួយថ្ងៃ ។ លោកបានបញ្ជាក់ថា សព្វថ្ងៃនេះ​ ត្រពាំងផ្អែមមិនគ្រប់នឹងផ្គត់ផ្គង់ក្នុងស្រុកផង ថែមទាំងនាំចូលពីប្រទេសថៃមកទៀត កុំថាឡើយនាំចេញទៅក្រៅប្រទេស។

បច្ចុប្បន្ន ក្រោយការផ្សព្វផ្សាយវីដេអូរបស់លោកពូ ចាន់ សំណុល តាមរយៈគេហទំព័រផ្លូវការរបស់នាយកដ្ឋានផ្សព្វផ្សាយព័ត៌មានកសិកម្មរបស់ក្រសួងកសិកម្មហើយ មានកសិករពីតាមបណ្តាខេត្តនានាជាច្រើន ដូចជា ស្ទឹងត្រែង កំពង់ស្ពឺ មណ្ឌលគិរី ជាដើម បានចាប់អារម្មណ៍ចង់ដាំនិងទាក់ទងទៅទិញពូជពីលោកទៀតផង។

ងាកទៅការចិញ្ចឹមសត្វត្រចៀកកាំវិញ ត្រូវបានលោកពូ សំណុល ប្រាប់ថា ជារបរមួយដែលលោកសាងឡើង ដើម្បីត្រៀមខ្លួននឹងចូលនិវត្តន៍ពីអាជីពជាជាងដាំពេជ្រ ព្រោះថាវ័យកាន់តែចាស់ ភ្នែកនឹងកាន់តែអន់ដូចនេះ លោកមិនអាចធ្វើរបរនេះអស់មួយជីវិតបានទេ។

«ទស្សនៈរបស់ខ្ញុំ គឺមិនចង់បណ្តែតបណ្តែតពេលវេលាឲ្យឥតប្រយោជន៍​ ខ្ញុំប្រើពេលវេលាទំនេរពីការងារខ្ញុំ មកធ្វើអ្វីដែលមានប្រយោជន៍ ជាជាងការទៅអង្គុយផឹក ទៅលេងល្បែង លេងកន្ទុយលេខអីហ្នឹង វាអត់ប្រយោជន៍ទេ ម្យ៉ាងបើយើងមានដីទំនេរច្រើន យើងដាំអីបាន ដាំហ្នឹងទៅ វាគ្រាន់បើជាងទុកដីចោលដែរ ជឿខ្ញុំទៅ»។

មហិច្ចតារបស់ជាងដាំពេជ្រមួយរូបនេះ លោកចង់ប្រើប្រាស់ជីវិតរបស់លោក ក្រោយចូលនិវត្តន៍ពីការងារជាជាងដាំពេជ្រ មកធ្វើកសិកម្ម ជាពិសេសលោកពង្រីកការចិញ្ចឹមសត្វត្រចៀកកាំ និងចិញ្ចឹមមាន់បន្ថែមទៀត ព្រោះថាការចិញ្ចឹមមាន់ឆាប់បានផល និងមានទីផ្សារ បើទោះជាវ័យលោកកាន់តែជរាលោកក៏នៅតែអាចមើលថែ និងរកចំណូលបានដដែល៕

None



អត្ថបទបន្ទាប់


ស្ថាប័ន​៥​ទៀតហើយ​ ទទួល​បាន​ជំនួយ​ពីកញ្ចប់​"មូលនិធិ​ ១លាន​ដុល្លារ"របស់ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩

ស្ថាប័នចំនួន ៥ បន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​កញ្ចប់​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បី​…

ក្រសួងសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានៅក្នុងចុងឆ្នាំ២០២០នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា គឺជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ