ក្រុមហ៊ុនផ្សព្វផ្សាយ Tortoise បានស្នើ Guardian Media Group (GMG) សុំវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣២លានដុល្លារអាម៉េរិក លើការបន្តឱ្យចេញផ្សាយនូវបទវិចារណកថា និងពាណិជ្ជកម្មនៅលើទំព័រកាសែត Observer ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយ Tortoise ត្រូវបានបង្កើតឡើងកាលពី៥ឆ្នាំមុននៅក្រោមការគ្រប់គ្រងរបស់លោក James Harding ជាអតីតប្រធានសារព័ត៌មាន BBC និងជាអតីតនិពន្ធនាយកកាសែត Times ផងដែរ។
កាសែត Guardian អះអាងថា អត្ថបទកាសែតនឹងបន្តចេញផ្សាយតាមប្រព័ន្ធឌីជីថលជាប្រចាំថ្ងៃ ដែលហាក់មិនសូវខ្វាយខ្វល់នឹងលទ្ធផលនៃការចរចាជាមួយនឹងកាសែត Tortoise អំពីការទិញយកកាសែត Observer នោះឡើយ។ ប៉ុន្តែបុគ្គលិកកាសែត Observer ត្រូវបានគេប្រាប់ថា ការវិនិយោគនេះនឹងជួយការពារអនាគតរបស់កាសែតឯករាជ្យមួយនេះ។
សូមរំលឹកថា កាសែត Observer ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៧៩១ ដែលចេញផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ដែលមានអាយុកាលយូរជាងគេបំផុតនៅលើពិភពលោក និងមានបុគ្គលិកប្រហែល៧០នាក់ ប៉ុន្តែការចេញផ្សាយរបស់កាសែតនេះបានធ្លាក់ចុះរហូតដល់ឆ្នាំ២០២១ ទើបសម្រេចឈប់បោះពុម្ពផ្សាយផ្នែកមួយចំនួនដោយបានបោះផ្សាយតែជាង១៣ម៉ឺនច្បាប់ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។
អាជីវកម្មកាសែតនេះបានខាតបង់ប្រាក់ចំណូលប្រតិបត្តិការជាង៦លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ជាឆ្នាំចុងក្រោយបំផុតក្នុងការបិទបញ្ចប់ប្រាក់ចំណូល ដែលកាសែតនេះរកបានប្រចាំឆ្នាំជាង៨លានដុល្លារ៕
អត្ថបទ៖ សុខ មង្គល