យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg មនុស្សរហូតដល់ទៅ១,៤ពាន់លាននាក់ នៅទូទាំងសកលលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ហើយអ្វីដែលរឹតតែគួរឱ្យតក់ស្លុតនោះ គឺនៅក្នុងប្រទេសមហាអំណាចសហរដ្ឋអាម៉េរិក ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានតឹងរ៉ឹងទេនោះ AI នឹងលេបត្របាក់ការងាររបស់មនុស្សជាតិ ចាប់ពីជាង៩លាន ទៅ២០លានកន្លែង ត្រឹមតែមួយប៉ប្រិចភ្នែក។
វាសនារបស់មនុស្សជាតិ នៅពេលនេះ និងទៅអនាគតអាចនឹងរងការគំរាមកំហែងពីភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មតិ។ តើវាជានិមិត្តរូបនៃភាពរុងរឿង ឬក៏ជាចំណុចចាប់ផ្តើមនៃវិបត្តិសង្គមដ៏ខ្មៅងងឹត? ប្រសិនបើទីផ្សារការងាររបស់មនុស្សត្រូវបានជំនួសដោយ AI ខណៈការបែងចែកផលប្រយោជន៍ធ្លាក់ទៅលើក្រុមមហាសេដ្ឋីបច្ចេកវិទ្យា ហើយហានិភ័យសុវត្ថិភាពកើនឡើង នោះ AI នឹងក្លាយជាវិបត្តិនយោបាយ និងសង្គមដ៏ស៊ីជម្រៅបំផុតនៅលើភពផែនដី។
ថ្មីៗនេះក្រុមហ៊ុន Anthropic ដែលជាសសរស្ដម្ភស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ដ៏មានឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទុនសរុបស្ទើរមិនគួរឱ្យជឿរហូតដល់៩៦៥ពាន់លានដុល្លារ បានប្រកាសក្តែងៗប្រាប់ពិភពលោកអំពីភាពជោគជ័យដ៏មហិមានៃកម្មវិធី AI ជំនាន់ថ្មីរបស់ខ្លួន។ កម្មវិធីនោះ គឺម៉ូដែល AI ដ៏កំពូលឈ្មោះថា Claude ដែលមានសមត្ថភាពអាចបំពេញការងារការិយាល័យស្មុគស្មាញជាច្រើនវិស័យដោយស្វ័យប្រវត្តិ។ ទោះបីវាជាដុំមាសបង្កើតប្រាក់ចំណេញមហាសាលសម្រាប់ក្រុមហ៊ុននានា ក៏ដោយ ប៉ុន្តែប្រសិនបើពិភពជំនួញងាកមកប្រើប្រាស់យន្តការនេះ វានឹងបង្កើតជាមហន្តរាយ និងផលវិបាកដ៏ធ្ងន់ធ្ងរមិនអាចស្តារបាន សម្រាប់កម្លាំងពលកម្មមនុស្សជាតិ។
បច្ចុប្បន្នមិនមែនមានតែ Anthropic នោះទេ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀត ដូចជា SpaceX ជាដើម ក៏កំពុងតែរត់ប្រណាំងទាំងយប់ទាំងថ្ងៃ ដើម្បីអភិវឌ្ឍកម្មវិធីលំដាប់ខ្ពស់បែបនេះដែរ។ ជុំវិញការប្រកួតប្រជែងនេះ លោក អ៊ីវ៉ាន សូឡូមុន (Evan Solomon) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ AI របស់ប្រទេសកាណាដា បានព្រមានថា អ្វីៗគ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរទាំងស្រុង ខណៈក្រុមអ្នកគាំទ្រ AI កំពុងប្រមូលភស្តុតាង ដើម្បីការពារថា បច្ចេកវិទ្យានេះផ្តល់ផលចំណេញ តែទន្ទឹមនឹងនោះ រលកនៃមនុស្សដែលព្រួយបារម្ភពីការដួលរលំនៃទីផ្សារការងារមនុស្សជាតិ ក៏កំពុងតែកើនឡើងដូចទឹកបាក់ទំនប់ដែរ។
សូម្បីតែប្រមុខដឹកនាំសាសនាពិភពលោក គឺសម្តេចប៉ាបឡេអូទី១៤ ប្រមុខរ៉ូម៉ាំងកាតូលិក ក៏បានចេញមុខអំពាវនាវ និងដាស់តឿនហើយដាស់តឿនទៀតឱ្យសហគមន៍អន្តរជាតិ ងាកមកគិតគូរជាបន្ទាន់ពីវាសនា និងការព្រួយបារម្ភដ៏ធំធេងរបស់មនុស្សជាតិប្រមាណ១,៤ពាន់លាននាក់នេះ។
ជាមួយគ្នានេះ បើយោងតាមសន្ទស្សន៍ហានិភ័យការងារដោយសារ AI នៅសហរដ្ឋអាម៉េរិក ដែលស្រាវជ្រាវដោយសាកលវិទ្យាល័យដ៏ល្បីល្បាញ Tufts University បានបង្ហាញតួលេខដ៏គួរឱ្យរន្ធត់ថា AI មានសមត្ថភាពអាចលេបត្របាក់ការងាររបស់ប្រជាជនអាម៉េរិកចាប់ពីជាង៩លាននាក់ទៅដល់២០លាននាក់ឯណោះ នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលមួយនេះ។ តើនេះជាការវិវត្ត ឬជាការបំផ្លាញ? នេះជាសំណួរដ៏ធំដែលពិភពលោកត្រូវរួមគ្នាឆ្លើយមុនពេលអ្វីៗហួសពេល៕
ដោយៈ សរ សុជាតិ