
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រលយពាក្យថា ប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចទ្រង់ទ្រាយធំជាមួយប្រទេសរុស្ស៊ីអាចនឹងកើតមានឡើង ហើយនៅរយៈពេលប្រមាណ២ម៉ោងក្រោយមកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្តីពីរ៉ែកម្រ។ លោក ពូទីន បានថ្លែងតាមទូរទស្សន៍រដ្ឋបន្ទាប់ពីកិច្ចប្រជុំខាងលើថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសសហការជាមួយដៃគូអាម៉េរិក មិនថាកម្រិតរដ្ឋាភិបាល ឬក៏ក្រុមហ៊ុននោះទេ ឱ្យតែពួកគេចាប់អារម្មណ៍លើការងាររួមគ្នា។
លោក ពួទីន បានបញ្ជាក់ថា ប្រទេសរុស្សីមានធនធានរ៉ែកម្រច្រើនជាងនៅប្រទេសអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនពាក់ព័ន្ធនឹងរ៉ែកម្រ គឺគ្មានអ្វីគួរឱ្យព្រួយបារម្ភសម្រាប់រុស្ស៊ីឡើយ។ លោកបានលើកឡើងថា បណ្ដាក្រុមហ៊ុនរុស្ស៊ី អាចផ្គត់ផ្គង់អាលុយមីញ៉ូមរហូតដល់ទៅ២លានតោនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំៗ ប្រសិនបើទីផ្សារអាម៉េរិកបើកទ្វារស្វាគមន៍រុស្ស៊ីឡើងវិញ។ ប្រទេសរុស្ស៊ី ធ្លាប់បានផ្គត់ផ្គងប្រមាណ១៥%នៃអាលុយមីញ៉ូមនាំចូលទាំងអស់របស់សហរដ្ឋអាម៉េរិក មុនពេលសហរដ្ឋអាម៉េរិកដំឡើងពន្ធខ្ពស់កប់ពពកក្នុងឆ្នាំ២០២៣។
លោក ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិកអាចធ្វើការរួមគ្នាបានលើការផលិតថាមពលវារីអគ្គីសនី និងការផលិតអាលុយមីញ៉ូមនៅក្នុងតំបន់មួយរបស់ប្រទេសរុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់សម្រាបប់រូសាល់ (Rusal) ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំបំផុតរបស់រុស្ស៊ី៕
ដោយ: តែម សុខុម