អាជ្ញាធរទីក្រុងហានូយបានឲ្យដឹងថា សេវាកម្មរថភ្លើង Metro លើកដំបូងរបស់វៀតណាមនេះ នឹងជួយបង្កើនចំនួនអ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ហើយវាពិតជាសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។
រថភ្លើងនេះ មានប្រវែងសរុប ១៣គីឡូម៉ែត្រ ហើយការចំណាយពេលធ្វើដំណើរត្រឹមតែ ២៣នាទីប៉ុណ្ណោះ ជាមួយនឹងចំនួនស្ថានីយសម្រាប់អ្នកដំណើរឡើងចុះចំនួន ១២ស្ថានីយ។ វៀតណាមក៏បានដាក់ឲ្យប្រើប្រាស់សេវារថភ្លើងនេះ សម្រាប់ការធ្វើដំណើរដោយឥតគិតថ្លៃក្នុងរយៈពេល១៥ថ្ងៃដំបូងផងដែរ ហើយបន្ទាប់ពីនេះ គឺត្រូវចំណាយលើថ្លៃសំបុត្រមួយចន្លោះពី ០,៣៥ ទៅ០,៦៦ ដុល្លារអាមេរិកប៉ុណ្ណោះ គិតទៅប្រហែល ១.៣០០ ទៅជាង ២.៨០០រៀលប៉ុណ្ណោះ ហើយសម្រាប់តម្លៃសំបុត្រជាប្រចាំខែវិញប្រហែល ១ម៉ឺន៨ពាន់ ទៅ៣ម៉ឺន៦ពាន់រៀលក្នុងមួយខែ។
រថភ្លើង Metro លើកដំបូងរបស់វៀតណាមនេះ គឺត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន China Railway Sixth Group ដោយចំណាយពេលសាងសង់អស់១០ឆ្នាំ ហើយក៏ធ្លាប់ត្រូវបានជួបញ្ហាជាច្រើន និងមានការផ្អាកការសាងសង់ជាច្រើនដងផងដែរ។ តម្លៃសាងសង់សរុបសម្រាប់ខ្សែរថភ្លើងនេះ គឺមានប្រមាណជិត ៨៧០លានដុល្លារអាមេរិក ហើយក្នុងនោះ គឺមានទឹកប្រាក់ប្រហែល ៧៧% គឺបានមកពីជំនួយប្រាក់កម្ចីអភិវឌ្ឍន៍ផ្លូវការពីប្រទេសចិន៕