
ជាផ្នែកមួយនៃកិច្ចសហការនេះ ទាំងអតិថិជន និងនិយោជិតរបស់ធនាគារ ហត្ថា នឹងទទួលបាននូវអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃលើថ្លៃសិក្សាពិសេសរហូតដល់ 50% លើកម្មវិធីសិក្សាភាគច្រើននៅ អាយហ្វា។ បន្ថែមជាងនេះទៀត អនុស្សរណៈយោគយល់គ្នានេះ ផ្តល់នូវការបណ្តុះបណ្តាលជាក់ស្តែង និងឱកាសចុះកម្មសិក្សាសម្រាប់និស្សិត អាយហ្វា នៅធនាគារ ហត្ថា ក្នុងគោលបំណងពង្រឹងជំនាញជាក់ស្តែង និងការត្រៀមខ្លួនក្នុងពិភពការងាររបស់ពួកគេ និងកាត់បន្ថយគម្លាតរវាងការសិក្សានៅក្នុងសាលា និងបទពិសោធការងារបែបវិជ្ជាជីវៈពិតៗ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារ ហត្ថា ក្នុងការលើកកម្ពស់ការរីកចម្រើនផ្នែកវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់បុគ្គលិក និងសាធារណជនទូទៅ”។ លោកបានបន្ថែមថា “តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាយហ្វា យើងមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវមាគ៌ាសម្រាប់បន្តការសិក្សា និងដកស្រង់បទពិសោធជាក់ស្តែង ដែលជាកត្តាសំខាន់សម្រាប់ភាពជោគជ័យក្នុងបរិយាកាសប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ នេះក៏ស្របទៅតាមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម និងសហគមន៍ប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់”។

លោក ប៊ុន សុន្ទរង្គ នាយកនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ មានប្រសាសន៍ថា “វិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ២០១២ ដែលបច្ចុប្បន្នយើងមាន53ដៃគូ រួមទាំងធនាគារ ហត្ថា។ ទិសដៅដែលវិទ្យាស្ថានជំរុញឱ្យមានដៃគូច្រើនគឺដើម្បីផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសឱកាសការងារចំជំនាញរបស់និស្សិតដែលកំពុងសិក្សា វាជាផ្នែកមួយសំខាន់ក្នុងការជំរុញកត្តាធនធានមនុស្ស ឱ្យធ្វើការត្រូវជំនាញរបស់ពួកគេ។ នៅឆ្នាំនេះ វិទ្យាស្ថានបានកែប្រែកម្មវិធីសិក្សាទាំងអស់របស់ អាយហ្វា (IFA) ដោយការសិក្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដូចជា ការសិក្សាពីការប្រើប្រាស់ AI, Data Analytics, Cybersecurity ,Digital Banking, Digital Assets ជាដើម។ ក៏ដូចជាថ្ងៃនេះ វិទ្យាស្ថាន និងធនាគារ ហត្ថា បានចាប់ដៃគូគ្នាក្នុងការពង្រីកទាំងទីផ្សារស្ថាប័នរៀងខ្លួនផង និងអាចអភិវឌ្ឍជំនាញបន្ថែមដល់បុគ្គលិករបស់ធនាគារ ហត្ថា ផង។
ដូច្នេះ អនុស្សរណៈយោគយល់គ្នានេះ គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួមរបស់ធនាគារហត្ថា និង អាយហ្វា ក្នុងការជំរុញឧត្តមភាពផ្នែកអប់រំ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលជាលទ្ធផលនឹងរួមចំណែកដល់ការរីកចម្រើន និងភាពជោគជ័យនៃវិស័យហិរញ្ញវត្ថុទាំងមូលនៅក្នុងប្រទេសកម្ពុជា។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។




