ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសចិនបាន និងកំពុងដំណើរការ ដោយបញ្ហាអតុល្យភាពនៃពាណិជ្ជកម្មរវាងចិន និងបារាំង ក៏ដូចជាជាមួយអឺរ៉ុប បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ បានក្លាយជារបៀបវារៈនៃដំណើរទស្សនកិច្ចនេះ។ អ្នកវិភាគបានចាត់ទុកដំណើរទស្សនៈកិច្ចរបស់លោក ម៉ាក្រុង មកកាន់ទីក្រុងប៉េកាំង គឺដើម្បីបង្ហាញអំពីតួនាទីរបស់បារាំងក្នុងនាមជាបងធំមួយរបស់អឺរ៉ុប ហើយក៏បញ្ជាក់អំពីតួនាទីរបស់បារាំងក្នុងការកំណត់យុទ្ធសាស្រ្តកាត់បន្ថយហានិភ័យនៃការគំរាមកំហែងរបស់ចិនចំពោះអឺរ៉ុបផងដែរ។
មកដល់ពេលនេះបារាំង និងចិនជាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីធំមួយនៅអឺរ៉ុប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបារាំងនៅប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មក៏ធំជាមួយចិន។ ស្ថិតិបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់បារាំងជាមួយចិនបានកើនឡើងដល់ជិត១១ពាន់លានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២៤ មានត្រឹមតែជាង៩ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រៅពីនោះភាពមិនស្របគ្នានេះ ក៏ឆ្លុះបញ្ចាំងពីឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនផងដែរ។
លោកស្រី យូណា អាឡិកសាន់ដ្រា ប័រហ្ស៊ីណា សេរ៉េនកូវ៉ា (Una Aleksandra Berzina-Cerenkova) នាយកមជ្ឈមណ្ឌលសិក្សាចិននៅសាកលវិទ្យាល័យមួយក្នុងប្រទេសឡាតវីបានអះអាងថា ទំនាក់ទំនងរវាងបារាំង និងចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនជំនឿទុកចិត្តរបស់អឺរ៉ុបចំពោះចិន ដែលកំពុងធ្លាក់ចុះ។
លោក ហ្សូលតេន ហ្វីហ័រ (Zoltan Feher) អ្នកស្រាវជ្រាវ នៃក្រុមប្រឹក្សាអាត្លង់ទិច ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គោលនយោបាយរបស់បារាំងចំពោះចិននៅតែសង្កត់ធ្ងន់លើការចូលរួមលើបញ្ហាសកល អាកាសធាតុ ទំនាក់ទំនងយោធា ប៉ុន្តែជំហររួមរបស់ខ្លួនលើពាណិជ្ជកម្ម និងការវិនិយោគ បច្ចេកវិទ្យា និងសន្តិសុខបានផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកការធ្វើឱ្យមានតុល្យភាព និងការកាត់បន្ថយហានិភ័យ។
អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចនេះ បារាំងអាចកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកជាយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបលើប្រទេសចិន ហើយបារាំងក៏អាចកំពុងជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគរបស់ចិននៅក្នុងប្លុកនេះ ក្រៅពីនោះភាគីទាំងពី ក៏មិនអាចបំភ្លេចបញ្ហាអាទិភាពរបស់អឺរ៉ុប គឺរឿងសង្រ្គាមនៅអ៊ុយក្រែន និងរឿងក្តៅរបស់ចិនពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដែរ៕
ដោយៈ សរ សុជាតិ