ភាពតានតឹងរវាងក្រុមនាយកប្រតិបត្តិ នៃស្ថាប័នហិរញ្ញវត្ថុធំៗនៅអាម៉េរិក និងរដ្ឋបាលលោក ដូណាល់ ត្រាំ បានកើតឡើងជាលើកដំបូង បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានលូកដៃចូលជ្រៀតជ្រែកកាន់តែជ្រៅក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការស្នើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុកំណត់ពិដានអត្រាការប្រាក់លើបណ្ណឥណទានត្រឹមតែ ១០% ក្នុង១ឆ្នាំ និងការប្រើប្រាស់ក្រសួងយុត្តិធម៌ឱ្យស៊ើបអង្កេតលើលោក ជឺរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក ដែលនេះ ជាអ្វីដែលមេដឹកនាំស្ថាប័នហិរញ្ញវត្ថុជាច្រើនអះអាងថា គឺជាការលូកលាន់ និងជ្រៀតជ្រែកកិច្ចការហិរញ្ញវត្ថុក្រោមចេតនានយោបាយ។
ក្រុមនាយកប្រតិបត្តិស្ថាប័នហិរញ្ញវត្ថុនៅ Wall Street បានព្រមានសេតវិមានកាលពីថ្ងៃទី១៣ ខែមករា ថា ទង្វើរបស់លោក ត្រាំ នឹងបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចអាម៉េរិក។ លោក រ៉ូប៊ិន វិន (Robin Vince) នាយកប្រតិបត្តិធនាគារ Bank of New York បានគូសបញ្ជាក់ថា ការរក្សាឯករាជ្យភាពរបស់ធនាគារកណ្តាលវាសំខាន់ណាស់ ហើយចៀសវាងធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យមានការរង្គោះរង្គើដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ។
ជាមួយគ្នានេះលោក ជេមី ឌីមុន (Jamie Dimon) នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase បានព្រមានថា វាមិនមែនជារឿងល្អឡើយ ប្រសិនបើនយោបាយចូលទៅបំផ្លាញឯករាជ្យភាពរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក។
តាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញ ប្រសិនបើកំណត់អត្រាការប្រាក់លើប្រាក់សម្រាប់បណ្ណឥណទានត្រឹម ១០% ក្នុង១ឆ្នាំ នោះអាចធ្វើឱ្យប្រព័ន្ធធនាគារប្រឈមនឹងការខាតបង់ដល់ ១០០ពាន់លានដុល្លារក្នុង១ឆ្នាំ ដោយសារអត្រាការប្រាក់សម្រាប់បណ្ណឥណទានជាមធ្យមនាពេលបច្ចុប្បន្ន ស្ថិតនៅចន្លោះពី ១៩,៦៥% ទៅ ២១,៥% ឯណោះ។
ឆ្លើយតបនឹងការរិះគន់ខាងលើ លោក ត្រាំ បានអះអាងថា អ្វីដែលលោកបានធ្វើ គឺដើម្បីការពារប្រជាពលរដ្ឋអាម៉េរិក ពីការកេងប្រវ័ញ្ចអត្រាការប្រាក់ខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងជាវិធានការប្រឆាំងនឹងបុគ្គលមិនល្អនៅក្នុងវិស័យនេះ។ លោកត្រាំ ចាត់ទុកការលើកឡើងរបស់មេធនាគារធំៗទាំងនោះថា លោកកំពុងធ្វើឱ្យខូចប្រព័ន្ធធនាគារនោះ គឺជាការយល់ខុសទាំងស្រុង៕
ដោយៈសរ សុជាតិ