
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កំពុងចរចាជាមួយអ្នកទិញជាជនចិន ដើម្បីនាំចេញដំឡូងមីទៅកាន់ទីផ្សារដ៏ធំប្រចាំតំបន់អាស៊ីនេះ ក្រោយប្រទេសថៃ រឹតបន្តឹងការនាំចូលកសិផលមួយនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើប្រទេសថៃ ឈប់ទិញដំឡូងមីពីកម្ពុជា នោះប្រទេសថៃ អាចប្រឈមនឹងការខ្វះខាតវត្ថុធាតុដើមដើម្បីកែច្នៃនាំចេញទៅទីផ្សារប្រទេសចិន ហើយអាចធ្វើឱ្យតម្លៃដំឡូងមីមានការឡើង។ ការណ៍នេះត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ លើកឡើងថា វាអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារចិន ដោយផ្ទាល់ផងដែរ។
ដោយឡែកលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានលើកឡើងថា ការរឹតបន្តឹងរបស់ថៃ លើការនាំចូលដំឡូងមីរបស់កម្ពុជា នៅពុំទាន់បង្កក្ដីបារម្ភខ្លាំងនៅឡើយទេ ដោយសារមកទល់ពេលនេះ ការប្រមូលផលដំឡូងរបស់កសិករខ្មែរនៅមានចំនួនតិចតួចនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីទីផ្សារថៃ កម្ពុជា ក៏អាចផ្គត់ផ្គង់ដល់រោងចក្រក្នុងស្រុក និងធ្វើដំឡូងមីស្ងួត ព្រមទាំងការបង្វែរទៅទីផ្សារប្រទេសវៀតណាម និងទីផ្សារប្រទេសចិន ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ លោក បារម្ភថា បញ្ហាប្រឈមអាចនឹងកើតមាននៅអំឡុងចុងឆ្នាំ ប្រសិនបើភាពតានតឹងរវាងប្រទេសទាំងពីរនៅបន្តអូសបន្លាយ។ ស្ថិតក្នុងស្ថានភាពនេះ ប្រធានសមាគមរូបនេះ ជំរុញឱ្យកសិករបង្កើនសមត្ថភាពដាំដុះ ធ្វើយ៉ាងណាឱ្យដំឡូងមីមានគុណភាពស្របតាមតម្រូវការទីផ្សារ។
ដោយឡែក លោក ស៊ិន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានចាត់ទុកការរឹតបន្តឹងការនាំចូលដំឡូងមីកម្ពុជា ពីសំណាក់ភាគីថៃ វាអាចជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការពង្រឹងទីផ្សារដំឡូងមីក្នុងស្រុក ហើយលោកបានជំរុញឱ្យកសិករដែលកំពុងប្រមូលផលកាប់ហាលសម្ងួត និងទុកលក់នាពេលខាងមុខ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មបរទេសរឹតបន្តឹងការត្រួតពិនិត្យការនាំចូលដំឡូងមីនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់លំហូរចូលនៃដំឡូងមីគុណភាពទាប ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃដំឡូងមីរបស់កសិករថៃ។ វិធានការនេះបានកើតឡើងស្របពេលដែលប្រទេសថៃ និងកម្ពុជា កំពុងមានភាពតានតឹងរឿងខ្សែបន្ទាត់ព្រំដែន និងឈានដល់ការបិទលែងឱ្យនាំចូលមុខទំនិញមួយចំនួន៕
អត្ថបទ៖ បូ ដូឡា