ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល


(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ក្រោមគម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន និងដាក់ឱ្យដំណើរការជាផ្លូវការ ស្ថានីយបូមទឹកឆៅកោះនរា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ស្ថិតក្រោមកិច្ចសន្យាស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

​ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, តំណាងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ព្រមទាំងឯកឧត្តម លោកជំទាវអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យុវជន និងសិស្សានុសិស្សជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំមន្ត្រី-និយោជិតទាំងអស់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាមួយអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋខេត្តកណ្តាល និងរាជធានី ភ្នំពេញ ចំពោះការទទួលបាននូវសមិទ្ធផលសំខាន់បន្ថែមទាំងពីរ គឺរោងចក្រទឹក ស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅ កោះនរា ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាពិសេសនៅភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលជាការរួមចំណែកក្នុងការសម្រេចគោលដៅ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព (SDGs) ឆ្នាំ២០៣០។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាពិសេស តាមរយៈនយោបាយឈ្នះ-ឈ្នះ និងការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល បាននាំមកនូវនិងបានរក្សាសុខសន្តិភាពពេញលេញ និងសម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ទាំងនយោបាយ ការទូត សង្គម និងសេដ្ឋកិច្ច ដោយមោទនភាព និងត្រចះត្រចង់បំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ពេលនេះ និងពេលខាងមុខ កម្ពុជានឹងឈានដល់ វដ្ដនៃការអភិវឌ្ឍថ្មី ដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពដែលមានការប្រែប្រួល មិនច្បាស់លាស់ ស្មុគស្មាញ និងមិនប្រាកដប្រជាខ្ពស់។ ក្នុងបរិការណ៍ថ្មីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកសាងជាតិ(Nation-Building) និងការបន្តកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពប្រជាជន ដោយបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ហើយក្នុងចំណោមអាទិភាពទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ដ សំដៅធានាដល់ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកស្អាត ប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេស រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ច ពិសេស តំបន់អាកាសយានដ្ឋាន ទីតាំងគម្រោងអភិវឌ្ឍន៍ និងសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់បន្ថែមថា «ទឹកស្អាត ជាផលិតផលសង្គមផង និងជាផលិតផលសេដ្ឋកិច្ចផង», ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយទឹកស្អាតក៏ជាប្រភពនៃការផលិត ទំនិញ និងម្ហូប អាហារដ៏សំខាន់ផងដែរ។ ការគ្រប់គ្រងទឹកស្អាត ប្រកបដោយប្រសិទ្ធភាព និងចីរភាព នឹងធានាបាននូវបរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ គុណភាពល្អប្រសើរ ហើយរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍវិស័យទឹកស្អាត ដោយបានកែប្រែពីប្រទេសកម្ពុជាដែលខ្វះទឹកស្អាត និងមានប្រជាពលរដ្ឋ តិចតួចដែលទទួលបានការប្រើប្រាស់ទឹកស្អាត មកប្រជាជនស្ទើរតែទាំងអស់ទទួលបាន ទឹកស្អាតមាន សុវត្ថិភាព និងថ្លៃសមរម្យ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា សមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយទៀត បន្ទាប់ពីការសាងសង់រោងចក្រទឹកស្អាតបាក់ខែង ជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលនឹងរួមចំណែកបំពេញតម្រូវការជូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ប្រមាណជាង ២៣ ០០០ បណ្តាញ និងដោះស្រាយបាននូវតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ ក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញ។ បច្ចុប្បន្ននេះ សមត្ថភាពផលិត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ និងបានពង្រីកបណ្តាញបំពង់ចែកចាយទឹកសរុបជាង ៥ ០០០គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រសួង ស្ថាប័ន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើការងារ អាទិភាពមួយចំនួនដូចខាងក្រោម៖

ទី១-ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការ ជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ធានាឱ្យបាន ប្រភពទឹកគ្រប់គ្រាន់ គ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសម្រេច បាន លក្ខខណ្ឌគោលទាំងបួនគឺ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

ទី២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត ទាំងនៅក្នុងនិងក្រៅទីប្រជុំជន តាមរយៈការលើកទឹកចិត្ត ដើម្បីឱ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែមព្រមទាំងបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងអាជ្ញាបណ្ណឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាព ប្រតិបត្តិករឯកជន ទៅតាមលក្ខខណ្ឌ និងស្តង់ដាដែលបានកំណត់។

ទី៣-ត្រូវបន្តអនុវត្តគោលនយោបាយតម្លៃទឹកស្អាត ប្រកបដោយសមធម៌។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងពង្រីកតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេល សម្រាប់រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, សួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម និងទីប្រជុំជនដែលមានសកម្មភាព សេដ្ឋកិច្ច និងនគរូបនីយ កម្មរីកចម្រើនឆាប់រហ័ស។

ទី៤-លើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តកិច្ចសហការជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅធានាឱ្យបាននូវសន្តិសុខ ទឹកនិងដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ទាំងអស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដែលមានស្នាដៃឆ្នើម វិជ្ជាជីវៈខ្ពស់ និងសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់ ដោយទទួលស្គាល់ ជាអន្តរជាតិក្នុងការផលិតនិងផ្គត់ផ្គង់ ទឹកស្អាត ជាពិសេសក្នុងបរិការណ៍ដ៏លំបាករបស់ប្រទេសកម្ពុជា នាពេលកន្លងមក។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)ក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន OCIC និងដៃគូអភិវឌ្ឍន៍ និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង សហភាព អឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងបន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានផែនការមេលើកទី៣ (២០២១-២០៣០) និងគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% ទូទាំងប្រទេសនាពេលអនាគត។




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក

ភ្នំពេញ, ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ