កូវីដ១៩

តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា ប្រាប់ឲ្យកម្ពុជាត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការកើនឡើងករណីឆ្លងកូវីដ១៩នាពេលខាងមុខ


តំណាងអង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន បានប្រាប់ទៅកាន់កម្ពុជាឲ្យមានការត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការកើនឡើងណាមួយនៃករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។
តំណាងអង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន រូបភាព៖ អគ្គលេខាធិកាដ្ឋានក្រសួងមហាផ្ទៃ

លោកស្រី​វេជ្ជបណ្ឌិត បាន​គូសបញ្ជាក់​ថា ប្រសិនបើ​យើង​ទាំងអស់​គ្នា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ នោះ​យើង​ទាំងអស់​គ្នា​នឹង​អាច​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍​បាន​។ ជាមួយ​គ្នា​នេះ ការ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នានា ក៏​នឹង​អាច​ជួយ​គ្នា​ក្នុង​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​ប្រកបដោយ​សុវត្ថិភាព និង​និរន្ដរភាព​ផង​ដែរ​។

ការ​អំពាវនាវ​របស់​តំណាង​អង្គការ​សុខភាព​ពិភពលោក​នេះ ធ្វើ​ឡើង​នៅ​គ្រា​ដែល​ករណី​ឆ្លង​កូ​វី​ដ​១៩ អូ​មី​ក្រុង​កំពុង​អុកឡុក​កម្ពុជា​កាន់តែ​ខ្លាំង ដោយនៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​តួលេខ​៣​ខ្ទង់ ហើយ​ករណី​ស្លាប់​បាត់បង់​ជីវិត​ក៏​ចាប់ផ្ដើម​កើត​មាន​ឡើង​វិញ​ផង​ដែរ ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​អស់​ជា​ច្រើន​ខែ​មក​។

មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោក​ជំទាវ ឱ វណ្ណ​ឌី​ន ក៏​បាន​ចេញ​មក​ព្រមាន​ផង​ដែរ​ថា ករណី​ឆ្លង​ប្រចាំ​ថ្ងៃ អាច​នឹង​ហក់​ឡើង​ដល់​តួលេខ​៤​ខ្ទង់​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ ប្រសិនបើ​ពលរដ្ឋ​ខ្វះ​ការ​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​នៃ​មេរោគ​កូ​វី​ដ​-១៩ និង​ករណី​ជំងឺ​ធ្ងន់ធ្ងរ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ផ្តល់​អា​នុ​សាសន៍​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​សំខាន់​ចំនួន​៥​រួម​បញ្ចូល​គ្នា​។ យុទ្ធសាស្ត្រ​ទាំង​៥​នោះ គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ឆ្លុះ​បញ្ចាំង​ពី​ការ​រៀន​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ជាមួយនឹង​វត្តមាន​មេរោគ​កូ​វី​ដ​-១៩​។ យុទ្ធសាស្ត្រ​ទាំង​៥​នោះ​រួម​មាន​៖ ទី​១ គឺ​វ៉ាក់សាំង និង​ការ​ចាក់​វ៉ាក់សាំង​, ទី​២​គឺ​វិធានការ​សុខភាព​សាធារណៈ​និង​សង្គម​, ទី​៣ គឺ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​សម​ស្រប​ឱ្យ​ចំ​អ្នកជំងឺ និង​ចំ​កន្លែង​ព្យាបាល​, ទី​៤ គឺ​ការ​រក​ឃើញ​ករណី​បាន​ឆាប់រហ័ស និង​ការ​ឆ្លើយ​តប​ចំ​គោលដៅ​, និង​ទី​៥ គឺ​អភិក្រម​ដោយ​ផ្អែក​លើ​ហានិភ័យ សម្រាប់​វិធានការ​គ្រប់គ្រង​ព្រំដែន និង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល កូ​វី​ដ​១៩ ប្រភេទ​អូ​មី​ក្រុង កំពុង​បន្ដ​រីក​រាលដាល​កាន់តែ​ខ្លាំង ក្រសួងសុខាភិបាល​ក៏​បាន​និង​កំពុង​ជំរុញ​បន្ថែម​លើ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ដល់​ក្រុម​មនុស្ស​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​ផង​ដែរ​។

របាយការណ៍​ពី​ក្រសួងសុខាភិបាល​បង្ហាញ​ធា កំណើន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា មក​ទល់​ពេល​នេះ សម្រាប់​ការ​ចាក់​ជូន​ប្រជាជន​ចាប់ពី​អាយុ​លើស​ពី​១៨​ឆ្នាំ​ឡើង​ទៅ​សម្រេច​បាន​ជាង​១០០% នៃ​ផែនការ​១០​លាន​រួច​ហើយ ខណៈ​ដែល​ក្រសួង​ក៏​កំពុង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្មេង​ៗ​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​ផង​។ ជា​លទ្ធផល​មក​ទល់​ពេល​នេះ បើ​ធ្វើការ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ប្រមាណ ៩០%​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្រមូលចំណូលពីឧស្សាហកម្មរ៉ែមាសបានជាង១៤លានដុល្លារ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៧កំពុងមានប្រតិបត្តិការរុករក

ព័ត៌មាន
គិតមកទល់ពេលនេះ ចំណូលរាជរដ្ឋាភិបាលកម្ពុជាទទួលបានមកពីឧស្សាហកម្មរ៉ែមាសសរុបមានជាង១៤លានដុល្លារអាមេរិកហើយ បន្ទាប់ពីកម្ពុជាបានចាប់ផ្ដើមបើកដ…

ម្ចាស់ជ័យលាភីចាត់ទុក «ផ្ទះខ្ញុំស្អាត» ជាកម្មវិធីល្អក្នុងការលើកកម្ពស់ការរស់នៅ និងបរិស្ថាន

ព័ត៌មាន
នៅទីបំផុត កម្មវិធីប្រកួតប្រជែង «ផ្ទះខ្ញុំស្អាត» របស់គម្រោងលំនៅតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានរកឃើញមានម្ចាស់ជ័យលាភីចំនួន៥នាក់ ក្រោយពីបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ